ថ្ងៃច័ន្ទ ទី១៤​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៨)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក២០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ។ ធីម៉ូថេទី២ ១:៧

នៅថ្ងៃបន្ទាប់ពីការចោលលោកប៉ុលនឹងថ្មមក ពួកសាវ័កបានចេញដំណើរទៅកាន់ទីក្រុងឌើបេ ជាកន្លែងដែលព្រះបានប្រទានពរដល់កិច្ចការ របស់ពួកគេ ហើយពួកគេបានដឹកនាំមនុស្សជាច្រើនឲ្យទទួលព្រះគ្រិស្តជាព្រះអង្គសង្រោះ ។ ប៉ុន្តែ «ក្រោយដែលប្រកាសប្រាប់ដំណឹងល្អ ហើយបាន សិស្សជាច្រើននៅក្រុងនោះ» ទាំងលោកប៉ុលនិងទាំងលោកបាណាបាស មានបំណងទៅបំពេញកិច្ចការនៅកន្លែងផ្សេងទៀត ដោយមិនបានបញ្ជាក់អះអាងពីជំនឿរបស់ពួកអ្នកដែលបានកែប្រែចិត្ត ដែលពួកលោកបានបង្គាប់ឲ្យនៅតែឯងមួយរយៈ នៅនឹងកន្លែងដែលលោកបានធ្វើការកាលពីពេលថ្មីៗនេះឡើយ ។ ដូច្នេះ ដោយមិនតក់ស្លុតដោយសារគ្រោះថ្នាក់នោះ ពួកគេ «ក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ ព្រមទាំងចម្រើនកម្លាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅឋិតថេរក្នុងសេចក្តីជំនឿ» ។ មនុស្សជាច្រើនបានទទួលសេចក្តីស្រឡាញ់នៃដំណឹងល្អ ហើយបានរងទ្រាំនូវការស្តីបន្ទោសនិងការធ្វើទុក្ខបៀតបៀន។ ពួកអ្នកទាំងនេះហើយដែលពួកសាវ័កបានស្វះស្វែងស្ថាបនាសេចក្តីជំនឿ ដើម្បីឲ្យកិច្ចការដែលត្រូវធ្វើអាចនឹងប្រតិបត្តិទៅបាន។

ជាកត្តាសំខាន់នៅក្នុងការរីកលូតលាស់ខាងព្រលឹងវិញ្ញាណរបស់ពួកអ្នកជឿថ្មីៗ ពួកសាវ័កបានព័ទ្ធជុំវិញពួកគេដោយប្រុងប្រយ័ត្ន ដោយការ ការពាររបៀបរៀបរយនៃដំណឹងល្អ។ ពួកគេបានរៀបចំពួកជំនុំយ៉ាងត្រឹមត្រូវគ្រប់ទីកន្លែង នៅលីកូនា និងភីស៊ីឌា ជាកន្លែងដែលមានពួកអ្នកជឿ។ មន្រ្តីនិងពួកចាស់ទុំត្រូវបានតាំងឡើងនៅតាមពួកជំនុំនីមួយៗ ហើយពួកគេបានបង្កើតប្រព័ន្ធនិងរបៀបរៀបរយដើម្បីណែនាំដល់កិច្ចការទាំងឡាយ ដែលជាប់ទាក់ទងទៅនឹងសុខុមាលភាពខាងព្រលឹងវិញ្ញាណរបស់ពួកអ្នកជឿ។

ការនេះស្របទៅតាមផែនការនៃដំណឹងល្អ ក្នុងការបង្រួបបង្រួមពួកជំនុំទាំងអស់ឲ្យក្លាយជាតែមួយនៅក្នុងរាងកាយរបស់ព្រះគ្រិស្ត ហើយលោកប៉ុលបានអនុវត្តផែនការនេះយ៉ាងប្រុងប្រយ័ត្ន នៅក្នុងកិច្ចការរបស់លោក។ មនុស្សទាំងឡាយនៅតាមកន្លែងដែលលោកបានធ្វើការដើម្បីដឹកនាំមនុស្សឲ្យទទួលព្រះគ្រិស្តជាព្រះអង្គសង្រ្គោះ លោកបានរៀបចំជាពួកជំនុំទៅតាមពេលវេលាដ៏សមស្រប ។ ទោះបីជាពួកអ្នកជឿមានចំនួនតិចក៏ដោយ ក៏លោកបានធ្វើកិច្ចការនេះដែរ។ ដូច្នេះ ពួកគ្រិស្តបរិស័ទត្រូវបានបង្រៀនឲ្យចេះជួយគ្នាទៅវិញទៅមក និងឲ្យនឹកចាំពីសេចក្តីសន្យាថា «ដ្បិតកន្លែងណា ដែលមានពីរឬបីនាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ» (ម៉ាថាយ ១៨:២០)។

ហើយលោកប៉ុលមិនដែលភ្លេចពួកជំនុំដែលបានរៀបចំដូច្នេះឡើយ។ ការថែរក្សាពួកជំនុំទាំងនេះនៅក្នុងគំនិតរបស់លោក ជាបន្ទុកដែលចេះតែ កើនឡើងជានិច្ច ។ ទោះបីជាក្រុមតូចយ៉ាងណាក៏ដោយក៏ជាកង្វល់ឥតឈប់ ឈររបស់លោកដែរ។ លោកបានថែរក្សាពួកជំនុំតូចៗយ៉ាងទន់ភ្លន់ដោយ ដឹងថា ពួកគេត្រូវការថែរក្សាជាពិសេស ដើម្បីឲ្យសមាជិកត្រូវបានស្ថាបនាឡើងយ៉ាងម៉ត់ចត់នៅក្នុងសេចក្តីពិត និងត្រូវបានបង្រៀនឲ្យមានភាពស្មោះត្រង់ ការខិតខំប្រឹងប្រែងដោយមិនអាត្មានិយម ដើម្បីបម្រើដល់អ្នកដែលនៅជុំវិញពួកគេ។

នៅក្នុងការខំប្រឹងប្រែងបំពេញភារកិច្ចរបស់ពួកគេ លោកប៉ុលនិងបាណាបាសបានធ្វើតាមគំរូនៃការលះបង់និងស្មោះត្រង់របស់ព្រះយេស៊ូវ ដោយធ្វើការសម្រាប់មនុស្សដោយស្មោះត្រង់។ ដោយការភ្ញាក់រឭកយ៉ាង ទូលំទូលាយ ទឹកចិត្តពុះកញ្ជ្រោល មិនប្រែប្រួល ពួកលោកមិនបានស្វែងរកភាពស្រណុកសុខស្រួលសម្រាប់ខ្លួនឯងឡើយ ប៉ុន្តែ ពួកគេបានសាបព្រោះគ្រាប់ពូជនៃសេចក្តីពិតដោយការអធិដ្ឋានទាំងថប់បារម្ភ និងមានសកម្មភាព ឥតឈប់ឈរ ។ ហើយជាមួយនឹងការសាបព្រោះគ្រាប់ពូជនៃសេចក្តីពិតនេះ ពួកសាវ័កបានបង្រៀនមេរៀនដ៏មានតម្លៃរកថ្លែងមិនបាន យ៉ាងប្រុងប្រយ័ត្នដល់អ្នកដែលបានឈរនៅខាងដំណឹងល្អ ។ វិញ្ញាណនៃភាពស្មោះត្រង់និងការកោតខ្លាចព្រះ បានកើតឡើងនៅក្នុងគំនិតរបស់ពួកសាវ័កថ្មីៗ ជាស្នាមដិតដាមដែលមិនចេះរលុបទាក់ទងនឹងសារៈសំខាន់អំពីសារនៃ ដំណឹងល្អ។

កាលណាមានមនុស្សនៃសេចក្តីសន្យានិងមានសមត្ថភាពបានកែប្រែចិត្តដូចជាករណីលោកធីម៉ូថេ លោកប៉ុល និងបាណាបាសបានធ្វើការយ៉ាងស្មោះស្ម័គ្រ ដើម្បីបង្ហាញដល់ពួកគេអំពីភាពចាំបាច់នៃការធ្វើការនៅក្នុងចម្ការទំពាំងបាយជូរ។ ហើយនៅពេលដែលពួកសាវ័កបានចាកចេញទៅកាន់កន្លែងផ្សេងទៀត ជំនឿរបស់បុរសទាំងនេះមិនបានធ្លាក់ចុះឡើយ ប៉ុន្តែ កាន់តែ​កើនឡើងទៅវិញ។ ពួកគេបានទទួលការបង្រៀនយ៉ាងស្មោះត្រង់ អំពីផ្លូវ របស់ព្រះជាម្ចាស់ និងអំពីការធ្វើការដោយមិនអាត្មានិយម ដោយស្មោះត្រង់ និងតស៊ូស្វិតស្វាញ ដើម្បីសេចក្តីសង្រ្គោះដល់មនុស្សដូចគ្នា។ ការបង្ហាត់ បង្រៀនយ៉ាងយកចិត្តទុកដាក់ដល់អ្នកមានជំនឿថ្មីនេះ គឺជាកត្តាដ៏សំខាន់នៅក្នុងជោគជ័យដ៏ត្រចះត្រចង់ ដែលលោកប៉ុលនិងបាណាបាសមាន ខណៈដែលលោកអធិប្បាយអំពីដំណឹងល្អនៅក្នុងទឹកដីនៃសាសន៍នានា។

ដំណើរបេសកជនលើកទីមួយនេះបានឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស។ ការលើកតម្កើងពួកជំនុំថ្មីៗថ្វាយដល់ព្រះជាម្ចាស់ សាវ័កប៉ុលបាន ចេញដំណើរទៅកាន់ស្រុកប៉ាមភីលា «ក្រោយដែលអធិប្បាយតាមព្រះបន្ទូល នៅក្រុងពើការួចហើយ នោះក៏ចុះទៅឯអាតាលា ក៏ចុះសំពៅពីទីនោះ ត្រឡប់ទៅឯអាន់ទីយ៉ូកវិញ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យជំនះ​ក្នុង​ព្រះគ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទូទៅ​គ្រប់​កន្លែង​ផង។ (កូរិនថូសទី២ ២:១៤​)

Powered by CAM