កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៩)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៥:១-៣៥។
សាសន៍យូដានិងសាសន៍ដទៃ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក២១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ លុះដល់ហើយ ក៏ប្រមូលពួកជំនុំមក ថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្តីជំនឿដល់សាសន៍ដទៃដែរ។ កិច្ចការ ១៤:២៧
នៅក្នុងការមកដល់ទីក្រុងអាន់ទីយ៉ូក នៅស្រុកសេរី ត្រឡប់មកពីកន្លែងដែលព្រះបានចាត់ឲ្យទៅបំពេញបេសកកម្មមក លោកប៉ុលនិងបាណាបាសបានឆក់យកឱកាសដំបូងនេះដើម្បីប្រជុំពួកអ្នកជឿ ហើយថ្លែងប្រាប់ «ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្តីជំនឿដល់សាសន៍ដទៃដែរ» (កិច្ចការ ១៤:២៧)។ ពួកជំនុំនៅក្រុងអាន់ទីយ៉ូកគឺជាពួកជំនុំដែលធំហើយមានការលូតលាស់មួយ។ ជាមជ្ឈមណ្ឌលនៃសកម្មភាពរបស់បេសកជន ទីក្រុងនេះជាកន្លែងដ៏សំខាន់បំផុតនៃក្រុមគ្រិស្តបរិស័ទ។ សមាជិកនៃពួកជំនុំនេះកើតឡើងដោយមនុស្សជាច្រើនស្រទាប់វណ្ណៈ នៅក្នុងចំណោមពួកសាសន៍យូដានិងសាសន៍ដទៃ។
កាលពួកសាវ័កបានរួបរួមគ្នាជាមួយនឹងពួកគ្រូគង្វាលនិងសមាជិកពួកជំនុំ នៅអាន់ទីយ៉ូក នៅក្នុងការខំប្រឹងប្រែង មនុស្សជាច្រើនមកឯព្រះគ្រិស្ត ពួកសាសន៍យូដាដែលជឿជាច្រើនមកពីស្រុកយូដា «ជាមេនៃពួកផារិស៊ី» មានជោគជ័យក្នុងការនាំមកនូវសំណួរដែលមិនយូរប៉ុន្មានបានដឹកនាំឲ្យមានទំនាស់រីករាលដាលនៅក្នុងពួកជំនុំ និងបាននាំមកនូវការភ័ន្តភាំងដល់ពួកអ្នកជឿជាសាសន៍ដទៃ។ ពួកគ្រូសាសន៍យូដាទាំងនេះបានពោលអះអាងយ៉ាងប្រាកដថាដើម្បីឲ្យបានសង្រ្គោះ មនុស្សត្រូវតែកាត់ស្បែកនិងត្រូវតែរក្សាច្បាប់នៃពិធីបុណ្យទាំងអស់។
លោកប៉ុលនិងបាណាបាសបានជួបនឹងគោលលទ្ធិខុសឆ្គងនេះជាបន្ទាន់ ហើយបានប្រឆាំងទៅនឹងការណែនាំនៃប្រធានបទនេះរបស់ពួកសាសន៍ដទៃនោះ។ ម្យ៉ាងវិញទៀត ពួកសាសន៍យូដានៅអាន់ទីយ៉ូកជាច្រើនបានពេញចិត្តនឹងឥរិយាបទរបស់បងប្អូនដែលទើបតែនឹងមកពីស្រុកយូដាថ្មីៗនេះ។
ជាទូទៅ ពួកអ្នកដែលបានកែប្រែចិត្តជាសាសន៍យូដាមិនបានបាក់ទឹកចិត្តយ៉ាងរហ័សដូចជាទិព្វញ្ញាណរបស់ព្រះបានបើកផ្លូវនោះទេ។ ជាលទ្ធផលនៃកិច្ចការរបស់ពួកសាវ័កនៅក្នុងចំណោមសាសន៍ដទៃ គឺជាភស្តុតាងបញ្ជាក់ថាពួកអ្នកកែប្រែចិត្តនៅក្នុងចំណោមពួកបណ្តាជនដែលក្រោយមកមានចំនួនសាសន៍យូដាជាច្រើន ។ ពួកសាសន៍យូដាបារម្ភក្រែងប្រសិនបើបញ្ញត្តិនិងច្បាប់នៃពិធីបុណ្យផ្សេងៗរបស់ពួកគេមិនបានក្លាយទៅជាកាតព្វកិច្ចនៃសាសន៍ដទៃ ទុកជាលក្ខខណ្ឌនៃការប្រកបគ្នានៃពួកជំនុំទេ នោះលក្ខណៈពិសេសនៃជាតិយូដាដែលធ្វើឲ្យពួកគេខុសប្លែកពីសាសន៍ផ្សេងៗ តាំងពីយូរយារមកហើយនោះ ទីបំផុតនឹងត្រូវរលាយបាត់បង់ពីក្នុងចំណោមពួកអ្នកដែលបានទទួលសារនៃដំណឹងល្អជាក់ជាមិនខាន។
សាសន៍យូដាតែងតែមានអំនួតខ្លួនឯងជានិច្ច ទៅលើពិធីខាងសាសនាដែលគេបានតាក់តែង ហើយពួកអ្នកដែលបានផ្លាស់ប្តូរជំនឿមកឯព្រះគ្រិស្តជាច្រើន នៅតែគិតថាដោយព្រះបានរៀបគម្រោងលក្ខណៈនៃការថ្វាយបង្គំរបស់សាសន៍ហេព្រើរ ព្រះអង្គក៏មិនបានប្រទានអំណាចឲ្យផ្លាស់ប្តូរលក្ខណៈពិសេសណាមួយនៃការថ្វាយបង្គំនោះដែរ។ ពួកគេទទូចថាច្បាប់របស់សាសន៍យូដានិងពិធីបុណ្យផ្សេងៗគួរតែត្រូវបានបញ្ចូលទៅក្នុងពិធីផ្សេងៗនៃសាសនារបស់គ្រិស្តបរិស័ទ។ ពួកគេមិនងាយនឹងយល់នោះទេ ថាតង្វាយយញ្ញបូជាទាំងឡាយបានចង្អុលបង្ហាញទៅឯការសុគតនៃព្រះរាជបុត្រារបស់ព្រះ ដែលនិមិត្តរូបបានជួបនឹងការពិត ហើយចាប់ពីពេលនោះមក ពិធីនិងបុណ្យផ្សេងៗនៅក្នុងការចែកចាយរបស់លោកម៉ូសេលែងត្រូវបានគេអនុវត្តតទៅទៀតហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង។ (កូរិនថូសទី២ ២:១៤)