កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក២២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រឹត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រឹត្យវិន័យប៉ុណ្ណោះទេ ។ រ៉ូម ២:១៣
មុនពេលការផ្លាស់ប្តូរជំនឿរបស់លោក លោកប៉ុលបានចាត់ទុកខ្លួនឯងថាជាមនុស្សល្អគ្មានកន្លែងបន្ទោសបាន «ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ» (ភីលីព ៣:៦) ។ ប៉ុន្តែ ចាប់តាំងពីលោកបានផ្លាស់ប្តូរចិត្តរបស់លោកមក លោកបានទទួលគំនិតយ៉ាងច្បាស់ពីបេសកកម្មរបស់ព្រះអង្គសង្រ្គោះ ជាព្រះដែលប្រោសលោះមនុស្សជាតិទាំងមូល ទាំងសាសន៍ដទៃព្រមទាំងសាសន៍យូដា ហើយលោកបានដឹងពីភាពខុសគ្នារវាងជំនឿរស់និងការប្រកាន់ទម្រង់ហួសហេតុដែលស្លាប់។ នោះហើយជាស្រមោលដែលបានកន្លងផុតទៅ ហើយអស់អ្នកដែលកំពុងរស់នៅក្រោមការត្រួតត្រានៃដំណឹងល្អមានសេរីភាពពីការគោរពពិធីទាំងនោះរបស់ពួកគេហើយ ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏លោកប៉ុលនៅតែគោរពក្រឹត្យ វិន័យដប់ប្រការរបស់ព្រះដែលមិនចេះប្រែប្រួល ទាំងខាងវិញ្ញាណនិងនៅក្នុងសំបុត្រជាដរាប។
នៅក្នុងពួកជំនុំអាន់ទីយ៉ូក ការពិចារណាអំពីសំណួរនៃការកាត់ស្បែក បង្កឲ្យមានការពិភាក្សានិងរឿងវិវាទជាច្រើន។ ទីបំផុត សមាជិកនៃពួកជំនុំបារម្ភក្រែងមានការបាក់បែកនៅក្នុងចំណោមពួកគេ ដែលជាលទ្ធផលនៃការបន្តការពិភាក្សានោះ ពួកគេក៏បានសម្រេចចិត្តបញ្ជូនលោកប៉ុលនិងបាណាបាស ជាមួយនឹងអ្នកទទួលខុសត្រូវពួកជំនុំមួយចំនួនឲ្យទៅទីក្រុងយេរូសាឡិម ដើម្បីលាតត្រដាងរឿងនេះនៅចំពោះមុខពួកសាវ័កនិងពួកចាស់ទុំ។ នៅទីនោះពួកគេត្រូវជួបជាមួយនឹងប្រតិភូមកពីពួកជំនុំផ្សេងៗ និងពួកអ្នកដែលបានមកកាន់ទីក្រុងយេរូសាឡិមដើម្បីចូលរួមក្នុងពិធីបុណ្យដែលនឹងចូលមកដល់។ នៅពេលជាមួយគ្នានោះ ទំនាស់ទាំងអស់ត្រូវតែបញ្ចប់ រហូតដល់ការសម្រេចចិត្តចុងក្រោយត្រូវបានផ្តល់ដោយក្រុមប្រឹក្សាទូទៅ។ ពេលនោះ សេចក្តីសម្រេចនោះត្រូវបានទទួលយកជាទូទៅដោយពួកជំនុំផ្សេងៗនៅ ទូទាំងប្រទេស។
នៅតាមផ្លូវទៅកាន់ទីក្រុងយេរូសាឡិម ពួកសាវ័កបានចូលសួរសុខទុក្ខពួកអ្នកជឿនៅតាមទីក្រុងដែលពួកលោកបានឆ្លងកាត់ ហើយបានលើកទឹកចិត្តដល់ពួកគេ ដោយរៀបរាប់អំពីបទពិសោធន៍របស់ពួកលោក នៅក្នុងកិច្ចការរបស់ព្រះ និងការផ្លាស់ប្តូរជំនឿរបស់ពួកសាសន៍ដទៃ។
ប្រតិភូមកពីទីក្រុងអាន់ទីយ៉ូកបានជួបជាមួយនឹងបងប្អូនមកពីពួកជំនុំផ្សេងៗ ដែលបានប្រមូលផ្តុំគ្នាដើម្បីការប្រជុំទូទៅមួយ នៅក្រុងយេរូសាឡិម។ ហើយពួកគេបានរៀបរាប់ប្រាប់អំពីជោគជ័យនៃកិច្ចការរបស់ពួកគេនៅក្នុងចំណោមសាសន៍ដទៃ ប្រាប់ដល់ពួកជំនុំទាំងនោះ បន្ទាប់មក ពួកគេបានប្រាប់យ៉ាងច្បាស់អំពីភាពច្របូកច្របល់ដែលបានកើតឡើងដោយសារពួកផារិស៊ីដែលបានផ្លាស់ប្តូរជំនឿមកពីទីក្រុងអាន់ទីយ៉ូកបានអះអាងថា ពួកសាសន៍ដទៃដែលបានផ្លាស់ប្តូរជំនឿត្រូវតែកាត់ស្បែកនិងគោរពតាមច្បាប់របស់លោកម៉ូសេ ដើម្បីឲ្យបានសង្រ្គោះ។
សំណួរនេះត្រូវបានពិភាក្សាយ៉ាងកក់ក្តៅនៅក្នុងអង្គប្រជុំ។ ដោយភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសំណួរនៃការកាត់ស្បែកនេះ ក៏មានការសិក្សាយ៉ាងយកចិត្តទុកដាក់អំពីសំណួរផ្សេងៗទៀតផងដែរ។ សំណួរមួយក្នុងចំណោមសំណួរទាំងនោះគឺបញ្ហាស្តីអំពីអាកប្បកិរិយានៃការបរិភោគសាច់ដែលបានថ្វាយដល់អារក្សរួចហើយ។ សាសន៍ដទៃដែលបានផ្លាស់ប្តូរជំនឿជាច្រើននាក់បានរស់នៅលាយឡំជាមួយនឹងមនុស្សដែលល្ងិតល្ងង់និងសង្ស័យ ដែលតែងតែថ្វាយតង្វាយនិងយញ្ញបូជាដល់អារក្ស។ ពួកសង្ឃដែលដឹកនាំការថ្វាយបង្គំរបស់សាសន៍ទាំងនោះបានយកសាច់ដែលគេបានទទួលទាំងនោះ ទៅលក់ដូរយ៉ាងទូលំទូលាយ ហើយសាសន៍យូដាបារម្ភក្រែងពួកសាសន៍ដទៃដែលបានផ្លាស់ប្តូរជំនឿនឹងនាំគ្រិស្តសាសនាអាប់ឱនដោយសារការទិញសាច់ដែលគេបានថ្វាយទៅអារក្សរួចហើយនោះ មកបរិភោគ ដោយហេតុនោះនឹងយល់ព្រមតាមប្រពៃណីរបស់អារក្សតាមវិធីណាមួយដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង។ (កូរិនថូសទី២ ២:១៤)