កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក២៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ។ រ៉ូម ១០:១៧
ម្តងទៀត តាមទំនៀមទម្លាប់ សាសន៍ដទៃការបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក ខណៈដែលសាសន៍យូដាត្រូវបានបង្រៀនតាមគោលការណ៍នៃព្រះ ថានៅពេលណាសម្លាប់សត្វសម្រាប់ជាអាហារ ត្រូវតែមានការប្រុងប្រយ័ត្នដោយបង្ហូរឈាមចេញឲ្យអស់ពីរាងកាយ បើមិនដូច្នោះទេ សាច់នោះនឹងត្រូវចាត់ទុកថាជាអាហារដែលនាំឲ្យអន្តរាយដល់សុខភាព ព្រះបានប្រទានការត្រាស់បង្គាប់នេះដល់សាសន៍យូដា ក្នុងគោលបំណងការពារសុខភាពរបស់ពួកគេ។ សាសន៍យូដាបានចាត់ទុកការប្រើប្រាស់ឈាមជាអាហារនោះថាជាអំពើបាប។ ពួកគេបានប្រកាន់ថាឈាមគឺជាជីវិត និងថាការកម្ចាយឈាមគឺជាផលវិបាកនៃអំពើបាប។
ផ្ទុយទៅវិញ សាសន៍ដទៃបានអនុវត្តការយកឈាមដែលហូរចេញពីសត្វរងគ្រោះដែលជាតង្វាយយញ្ញបូជាហើយយកទៅរៀបចំជាចំណីអាហារ។ ពួកសាសន៍យូដាមិនអាចជឿថាពួកគេគួរតែផ្លាស់ប្តូរប្រពៃណី ដែលពួកគេបានអនុវត្តនៅក្រោមការណែនាំ ជាពិសេសរបស់ព្រះដោយផ្ទាល់នោះបានទេ ។ ហេតុនោះ កាលរឿងដូច្នេះបានកើតឡើងនៅពេលនោះ ប្រសិនបើសាសន៍យូដានិងសាសន៍ដទៃចង់បរិភោគអាហាររួមតុជាមួយគ្នា អ្នកមុន (សាសន៍យូដា) នឹងត្រូវតក់ស្លុត ហើយបានប្រមាថយ៉ាងធ្ងន់ធ្ងរដោយអ្នកក្រោយ (សាសន៍ដទៃ)។
ពួកសាសន៍ដទៃ ជាពិសេសសាសន៍ក្រិក ជាអ្នកប្រកាន់សីលធម៌តឹងរ៉ឹង ហើយនឹងមានគ្រោះថ្នាក់ ប្រសិនបើអ្នកខ្លះដែលមិនបានកែប្រែចេញពីក្នុងចិត្តបានធ្វើការប្រកាសជំនឿដោយមិនបានបោះបង់ចោលការអនុវត្តន៍អាក្រក់របស់ខ្លួនទេ ។ ពួកគ្រិស្តបរិស័ទដែលជាសាសន៍យូដាមិនអាចសម្របសម្រួលអំពើអសីលធម៌របស់ពួកគេ ដែលមិនទាំងបានចាត់ទុកជាអំពើឧក្រិដ្ឋដោយសាសន៍ដទៃផងនោះឡើយ ។ ហេតុដូច្នេះ សាសន៍យូដាប្រកាន់ក្រមសីលធម៌នោះថាជាការត្រឹមត្រូវយ៉ាងខ្ពង់ខ្ពស់ ដែលការកាត់ស្បែកនិងការគោរពពិធីបុណ្យផ្សេងៗគួរតែត្រូវបានបង្គាប់ដល់សាសន៍ដទៃ ដែលបានផ្លាស់ប្តូរជំនឿ ទុកជាការសាកល្បងដល់ភាពស្មោះត្រង់និងជំនឿស៊ប់របស់ពួកគេ។ ពួកគេបានជឿថា ទង្វើនេះនឹងការពារការន្ថែមចូលទៅក្នុងពួកជំនុំនូវសមាជិកដែលបានទទួលយកជំនឿដោយមិនមានការកែប្រែចេញពីក្នុងចិត្ត ហើយដែលក្រោយមក អាចនឹងនាំមកនូវការស្តីបន្ទោសទៅលើមូលហេតុដែលបណ្តាលមកពីភាពអសីលធម៌និងអរិយភាព។
ចំណុចផ្សេងៗដែលបានពាក់ព័ន្ធនៅក្នុងការដោះស្រាយសំណួរធំៗ នៅក្នុងរឿងទាំងឡាយដែលបានលើកមកពិភាក្សានៅចំពោះក្រុមប្រឹក្សានោះ ហាក់ដូចជារឿងដែលពិបាកៗដែលសឹងតែមិនអាចយកជ័យជន្នះបាន។ ប៉ុន្តែ តាមពិត ព្រះវិញ្ញាណបរិសុទ្ធ បានដោះស្រាយសំណួរនេះរួចមកហើយ នៅលើការសម្រេចចិត្តដែលហាក់ដូចជាពឹងផ្អែកទៅលើការរីកចម្រើន របស់ពួកជំនុំគ្រិស្តបរិស័ទ ប្រសិនបើមិនមានរឿងទាំងនោះកើតឡើងទេ។
«លុះបានជជែកគ្នាជាយូរទៅ នោះពេត្រុសក្រោកឡើងនិយាយថា បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា កាលពីដើម ព្រះបានរើសក្នុងពួកយើងរាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយឲ្យបានជឿដោយសារមាត់ខ្ញុំ»។ លោកបានពិចារណាថាព្រះវិញ្ញាណបរិសុទ្ធបានសម្រេចរឿងនោះនៅក្រោមការជជែកគ្នាដោយបានបន្ទាបពួកសាសន៍ដទៃដែលមិនកាត់ស្បែកឲ្យស្មើគ្នាទៅនឹងសាសន៍យូដាដែលបានកាត់ស្បែកដែរ។ លោកបានរំឭកប្រាប់ពួកគេអំពីចក្ខុនិម្មិតដែលព្រះបានបើកបង្ហាញដល់លោក អំពីផ្ទាំងសំពត់ដែលមានសត្វគ្រប់ប្រភេទ ហើយបានបង្គាប់ឲ្យលោកសម្លាប់ហើយបរិភោគទៅ។ កាលលោកបានប្រកែកដោយពោលថាលោកមិនដែលបរិភោគអ្វីដែលមិនស្អាតទេនោះ ព្រះបានឆ្លើយតបមកវិញថា «របស់អ្វីដែលព្រះបានសម្អាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ» (កិច្ចការ ១០:១៥)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង។ (កូរិនថូសទី២ ២:១៤)