កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត។ រ៉ូម ១១:១៧
លោកពេត្រុសបានរៀបរាប់អំពីព្រះបន្ទូលទាំងនេះយ៉ាងច្បាស់ ដែលព្រះបានប្រទានដល់លោកនូវការត្រាស់ហៅឲ្យលោកទៅផ្ទះលោកមេទ័ពភ្លាម ហើយបង្រៀនដល់គាត់អំពីជំនឿនៃព្រះគ្រិស្ត។ សារនេះបានបញ្ជាក់ថាព្រះមិនមែនជាអ្នកប្រកាន់បុគ្គលទេ ប៉ុន្តែ ទ្រង់បានទទួលយកនិងទទួលស្គាល់មនុស្សទាំងអស់ដែលកោតខ្លាចដល់ទ្រង់។ លោកពេត្រុសបានប្រាប់អំពីការភ្ញាក់ផ្អើលរបស់លោក នៅពេលដែលលោកបានឃើញព្រះវិញ្ញណបរិសុទ្ធកំពុងគង់សណ្ឋិតលើពួកអ្នកស្តាប់របស់លោក ទាំងសាសន៍ដទៃ និងសាសន៍យូដា ក្នុងការនិយាយពីព្រះបន្ទូលនៃសេចក្តីពិតដល់មនុស្សដែលកំពុងតែជួបជុំគ្នា នៅឯផ្ទះរបស់លោកកូនេលាស ។ សារនេះគឺជាការព្រមានរបស់ព្រះ ប្រាប់ថាលោកពេត្រុសមិនត្រូវចាត់ទុកអ្នកណាអន់ជាងអ្នកណាម្នាក់ទៀតទេ ព្រោះព្រះលោហិតរបស់ព្រះគ្រិស្តអាចសម្អាតមនុស្សទាំងអស់ពីភាពមិនស្អាតហើយ។
កាលពីមុន មានពេលមួយ លោកពេត្រុសបានពិចារណាជាមួយនឹងបងប្អូនរួមជំនឿរបស់លោកទាក់ទងនឹងការសន្ទនាជាមួយនឹងលោកកូនេលាសនិងមិត្តភក្តិរបស់គាត់ និងការប្រកបគ្នាជាមួយនឹងពួកគេ ។ ក្នុងឱកាសដែលលោកកំពុងតែរៀបរាប់អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកកាន់សាសន៍ដទៃ លោកបានមានប្រសាសន៍ថា «ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រិស្ត ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន» (កិច្ចការ ១១:១៧) ។ ឥឡូវនេះ លោកបានមានប្រសាសន៍ដោយសេចក្តីក្លៀវក្លានិងកម្លាំងព្រមគ្នាថា «នោះព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចជាដល់យើងរាល់គ្នាដែរ ទ្រង់មិនបានរាប់ពួកយើង និងពួកគេ ខុសពីគ្នាទេ គឺបានសម្អាតចិត្តគេ ដោយសារសេចក្តីជំនឿជឿដែរ ចុះហេតុអ្វីបានជាល្បងព្រះ ដោយបំពាក់នឹមនៅកពួកសិស្សដូច្នេះ ដែលទោះទាំងពួកអយ្យកោយើង ឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រទ្រាំបានផង»។ នឹមនេះ មិនមែនជាក្រឹត្យវិន័យដប់ប្រការដូចដែលអ្នកប្រឆាំងមួយចំនួនទាមទារការគោរពនោះទេ នៅទីនេះ លោកពេត្រុសបានសំដៅទៅលើច្បាប់នៃពិធីបុណ្យផ្សេងៗ ដែលត្រូវបានចាត់ទុកជាមោឃៈដោយការជាប់ឆ្កាងរបស់ព្រះគ្រិស្តឯណោះទេ។
ប្រសាសន៍របស់លោកពេត្រុសបាននាំមកជូនពួកបណ្តាជនដែលកំពុងតែជួបជុំគ្នានូវចំណុចមួយដែលពួកគេអាចស្តាប់លោកប៉ុលនិងបាណាបាស ដោយអត់ធ្មត់ ដែលបានរៀបរាប់អំពីបទពិសោធន៍របស់ពួកលោកក្នុងការធ្វើការជាមួយនឹងសាសន៍ដទៃ។ «ឯពួកជំនុំទាំងអស់គ្នា ក៏នៅស្ងៀមស្តាប់បាណាបាស និងប៉ុល ដែលគេរ៉ាយរឿងប្រាប់ពីទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារខ្លួន»។
លោកយ៉ាកុប ក៏បានបញ្ចេញទីបន្ទាល់របស់លោកជាមួយនឹងសេចក្តីក្លាហាន ដោយប្រកាសថាគឺជាព្រះរាជគោលបំណងរបស់ព្រះ ក្នុងការប្រទានឯកសិទ្ធិនិងព្រះពរដល់សាសន៍ដទៃ ដូចជាព្រះអង្គបានប្រទានដល់សាសន៍យូដាដែរ។
ព្រះវិញ្ញាណបរិសុទ្ធបានទតឃើញថាការបង្ខំឲ្យសាសន៍ដទៃ ដែលបានផ្លាស់ប្តូរជំនឿអនុវត្តច្បាប់នៃពិធីបុណ្យនោះមិនល្អទេ ហើយគំនិតរបស់ពួកសាវ័កទាក់ទងនឹងរឿងនេះ ក៏ដូចជាព្រះតម្រិះរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ។ លោកយ៉ាកុបបានធ្វើជាអធិបតីនៅក្នុងក្រុមប្រឹក្សា ហើយសេចក្តីសម្រេចចិត្តចុងក្រោយរបស់លោកគឺ «ដូច្នេះ បើតាមគំនិតខ្ញុំ នោះមិនត្រូវធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមកឯព្រះវិញ មានចិត្តខ្វល់ឡើយ»។
សេចក្តីសម្រេចនេះក៏បានបញ្ចប់ការពិភាក្សានោះ ។ នៅក្នុងប្រយោគនេះ យើងមានការបដិសធន៍ទៅនឹងគោលលទ្ធិដែលប្រកាន់ដោយពួកជំនុំកាតូលិករ៉ូម ថាលោកពេត្រុសគឺជាប្រធាននៃពួកជំនុំ ។ អ្នកទាំងឡាយណាដែលមានតំណែងជាសម្តេចប៉ាបបានអះអាងថាជាអ្នកតតំណែងអំពីលោកពេត្រុស ដោយមិនមានការគាំទ្រពីព្រះគម្ពីរចំពោះការទាមទាររបស់ពួកគេនេះឡើយ ។ គ្មានអ្វីដែលផ្តល់ភាពបរិសុទ្ធនៅក្នុងជីវិតរបស់លោកពេត្រុស ដែលធ្វើឲ្យលោកអះអាងថាលោកត្រូវបានគេលើកតម្កើងឲ្យខ្ពស់ជាងបងប្អូនរួមជំនឿរបស់លោក ជាអាវផាយពណ៌សនៃព្រះដ៏ខ្ពស់បំផុតឡើយ។ ប្រសិនបើអ្នកដែលបានអះអាងថាខ្លួនជាអ្នកបន្តតំណែងពីលោកពេត្រុស អ្នកនោះត្រូវតែធ្វើតាមគំរូរបស់លោក គឺពួកគេត្រូវតែពេញចិត្តនឹងឋានៈស្មើនឹងបងប្អូនរបស់ខ្លួន។
នៅក្នុងហេតុការណ៍នេះ លោកយ៉ាកុបទំនងជាត្រូវបានគេជ្រើសរើសឲ្យថ្លែងការណ៍អំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានោះ។ គឺដោយសារប្រយោគនោះហើយដែលច្បាប់នៃពិធីបុណ្យផ្សេងៗ ជាពិសេស ពិធីកាត់ស្បែកត្រូវបានគេលែងបង្ខំឲ្យសាសន៍ដទៃគោរព ឬជាការបង្គាប់តទៅទៀត។ លោកយ៉ាកុបបានធ្វើការដើម្បីសង្កត់នៅក្នុងគំនិតនៃបងប្អូនរួមជំនឿរបស់លោកជាមួយនឹងហេតុការណ៍ដែលថា ការបែរមករកព្រះ នោះសាសន៍ដទៃបានផ្លាស់ប្តូរជាច្រើននៅក្នុងជីវិតរបស់ពួកគេណាស់ទៅហើយ ហើយពួកយូដាត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន កុំបង្កបញ្ហាដល់ពួកគេ ដោយភាពអល់អែកនិងមន្ទិលសង្ស័យឡើយ ក្រែងពួកគេបានបាក់ទឹកចិត្តក្នុងការដើរតាមព្រះគ្រិស្ត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង។ (កូរិនថូសទី២ ២:១៤)