ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក២៥
ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពួកសាសន៍ដទៃដែលបានផ្លាស់ប្តូរជំនឿត្រូវតែបោះបង់ចោលនូវទំនៀមទម្លាប់ដែលមិនស្របជាមួយនឹងគ្រិស្តសាសនាដែរ ។ ដូច្នេះ ពួកសាវ័កនិងពួកចាស់ទុំក៏បានព្រមព្រៀងគ្នាណែនាំដល់សាសន៍ដទៃដោយសំបុត្រ ឲ្យចៀសវាងពីសាច់ដែលបានថ្វាយដល់អារក្ស ពីការងុបងល់ខាងកាមតណ្ហា ពីសត្វដែលសម្លាប់ដោយច្របាច់ក និងពីឈាម។ ពួកគេត្រូវបានជំរុញឲ្យគោរពក្រឹត្យវិន័យដប់ប្រការ ហើយឲ្យរស់នៅក្នុងជីវិតបរិសុទ្ធ ពួកគេក៏ត្រូវបានប្រាប់ឲ្យដឹងច្បាស់ផងដែរថា មនុស្សដែលបានប្រកាសឲ្យប្រកាន់យកការកាត់ស្បែកនោះមិនមែនបានទទួលការអនុញ្ញាតឲ្យធ្វើដូច្នោះពីពួកសាវ័កទេ។
ក្រុមប្រឹក្សានោះបានផ្តល់អនុសាសន៍ថា លោកប៉ុលនិងលោកបាណាបាសគឺជាមនុស្សដែលបានយកជីវិតរបស់ខ្លួនទៅប្រថុយដើម្បីព្រះជាម្ចាស់។ គេក៏បានចាត់លោកយូដាសនិងស៊ីឡាសឲ្យទៅប្រកាសដោយផ្ទាល់មាត់អំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានោះ ប្រាប់ដល់សាសន៍ដទៃផងដែរ៖ «ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្តីទាំងនេះ ដែលត្រូវតែកាន់នោះឡើយ គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះមួយ ឈាមមួយ សត្វដែលសម្លាប់ដោយច្របាច់កមួយ និងសេចក្តីកំផិតមួយ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ»។ គេក៏បានចាត់អ្នកបម្រើរបស់ព្រះទាំងបួននាក់ទៅកាន់ក្រុងអាន់ទីយ៉ូក ជាមួយនឹងសំបុត្រនិងសារដែលនឹងបញ្ចប់ទំនាស់ទាំងអស់ ដ្បិតនោះហើយដែលជាសំឡេងនៃអំណាចដ៏ខ្ពស់បំផុតនៅលើផែនដី។
ក្រុមប្រឹក្សាដែលធ្វើការសម្រេចលើករណីនេះមានសមភាពមកពីពួកសាវ័កនិងពួកគ្រូបង្រៀនដែលធ្លាប់លេចធ្លោជាងគេ នៅក្នុងាការបង្ហាត់បង្រៀនដល់ពួកជំនុំគ្រិស្តបរិស័ទ ដែលជាសាសន៍ដទៃនិងសាសន៍យូដា ដែលត្រូវបានជ្រើសតាំងជាប្រតិភូតំណាងមកពីកន្លែងផ្សេងៗ។ ពួកចាស់ទុំមកពីក្រុងអាន់ទីយ៉ូកនិងក្រុងយេរូសាឡិមក៏មានវត្តមាននៅទីនោះ ហើយក៏មានតំណាងមកពីពួកជំនុំដែលមានឥទ្ធិពលជាងគេបំផុតផងដែរ។ ក្រុមប្រឹក្សានេះបានសម្រេចទៅតាមបញ្ជានៃការវិនិច្ឆ័យដ៏ភ្លឺស្វាង និងសេចក្តីថ្លៃថ្នូររបស់ពួកជំនុំដែលបានតាំងឡើងដោយព្រះហឫទ័យរបស់ព្រះ។ ជាលទ្ធផលនៃការពិភាក្សានេះ ពួកគេទាំងអស់គ្នាបានឃើញថាព្រះបានឆ្លើយតបដោយផ្ទាល់ទៅនឹងសំណួរដែលបានចោទឡើង ដោយបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់សាសន៍ដទៃ ហើយពួកគេបានដឹងថាតួនាទីរបស់ពួកគេ គឺការដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណ។
ពួកជំនុំគ្រិស្តបរិស័ទទាំងមូលមិនត្រូវបានត្រាស់ហៅ ឲ្យបោះឆ្នោតសម្រេចលើសំណួរទាំងអស់នោះទេ។ «ពួកសាវ័កនិងពួកចាស់ទុំ» ជាមនុស្សដែលមានឥទ្ធិពល និងចេះវិនិច្ឆ័យ គឺជាអ្នកបង្កើតនិងចេញច្បាប់ ដែលត្រូវបានទទួលស្គាល់ជាទូទៅដោយពួកជំនុំគ្រិស្តបរិស័ទនៅពេលនោះ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មិនមែនគ្រិស្តបរិស័ទទាំងអស់សុទ្ធតែពេញចិត្តនឹងសេចក្តីសម្រេចនោះដែរ មានក្រុមបងប្អូនរួមជំនឿមួយចំនួនដែលលោភលន់និងទុកចិត្តទៅលើខ្លួនឯងមិនបានឯកភាពទៅនឹងសេចក្តីសម្រេចនោះទេ។ មនុស្សទាំងនេះបានតាំងចិត្តបំពេញកិច្ចការដោយការទទួលខុសត្រូវរបស់ខ្លួនផ្ទាល់។ ពួកគេបានបណ្តែតបណ្តោយឲ្យមានការរអ៊ូរទាំនិងការចាប់កំហុស ដោយបង្កើតផែនការថ្មី ហើយស្វះស្វែងទាញទម្លាក់កិច្ចការរបស់មនុស្ស ដែលព្រះបានតែងតាំងឲ្យបង្រៀនពីសារនៃដំណឹងល្អ។ ពួកជំនុំធ្លាប់បានជួបនឹងឧបសគ្គនេះតាំងពីដើមដំបូងមក ហើយក៏នៅតែជួបរហូតដល់គ្រាចុងបំផុត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង។ (កូរិនថូសទី២ ២:១៤)