កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៦)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង។ អេភេសូរ ៦:១៤
ព្រះបានធ្វើឲ្យពួកជំនុំរបស់ទ្រង់នៅលើផែនដីក្លាយជាបណ្តាញនៃពន្លឺ ហើយព្រះអង្គប្រស្រ័យទាក់ទងអំពីព្រះរាជគោលបំណងនិងព្រះហឫទ័យរបស់ទ្រង់ តាមរយៈពួកជំនុំនេះ ។ ព្រះអង្គមិនបានប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ណាម្នាក់មានបទពិសោធន៍ដាច់ដោយឡែក ឬផ្ទុយពីបទពិសោធន៍របស់ពួកជំនុំដោយផ្ទាល់នោះឡើយ ។ ឬមួយក៏ព្រះអង្គមិនដែលប្រទានដល់អ្នកណាម្នាក់ នូវចំណេះដឹងអំពីព្រះហឫទ័យរបស់ទ្រង់សម្រាប់ពួកជំនុំទាំងមូល នៅពេលដែលពួកជំនុំដែលជារាងកាយរបស់ព្រះគ្រិស្តឋិតនៅក្នុងភាពងងឹត (មិនដឹង) នោះដែរ។ នៅក្នុងទិព្វញ្ញាណរបស់ទ្រង់ ព្រះអង្គបានដាក់អ្នកបម្រើរបស់ទ្រង់ ឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងពួកជំនុំរបស់ទ្រង់ ដើម្បីកុំឲ្យពួកគេមានទំនុកចិត្តលើខ្លួនឯង ហើយឲ្យមានទំនុកចិត្តនៅលើអ្នកដទៃដែលព្រះកំពុងដឹកនាំឲ្យជំរុញកិច្ចការឆ្ពោះទៅមុខ។
មិនដែលមានអ្នកណាម្នាក់នៅក្នុងពួកជំនុំ ដែលក្រាញននៀលទីពឹងទៅលើបុគ្គលណាម្នាក់ឡើយ ។ ពួកគេហាក់ដូចជាមិនអាចដឹងថាការមិនទីពឹងលើព្រះវិញ្ញាណ ទទួលខុសត្រូវក្នុងការដឹកនាំភ្នាក់ងារមនុស្សឲ្យទីពឹងនិងទុកចិត្តតែទៅលើការវិនិច្ឆ័យរបស់ខ្លួនឯង ខ្លាំងជាងការគោរពដំបូន្មាននិងតម្លៃនៃការវិនិច្ឆ័យដ៏ខ្ពង់ខ្ពស់របស់បងប្អូន ជាពិសេស អ្នកដែលព្រះបានតែងតាំងឲ្យមានតំណែងជាមេដឹកនាំលើរាស្រ្តរបស់ទ្រង់ ។ ព្រះបានប្រទានការគ្រប់គ្រងនិងអំណាចពិសេសដល់ពួកជំនុំរបស់ទ្រង់ ដែលគ្មានអ្នកណាអាចសម្របសម្រួលក្នុងការមិនគោរពនិងប្រមាថមើលងាយឡើយ ដ្បិតអ្នកដែលធ្វើដូច្នោះ ឈ្មោះថាបានប្រមាថដល់ព្រះហើយ។
អស់អ្នកទាំងឡាយណាដែលក្រាញននៀលក្នុងការគោរពតែការវិនិច្ឆ័យរបស់ខ្លួនឯងជាធំ គឺកំពុងនៅក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរហើយ។ គឺជាការខំប្រឹងប្រែងយ៉ាងចំណានរបស់សាតាំងក្នុងការបំបែកអ្នកដែលជាបណ្តាញនៃពន្លឺជាអ្នកដែលព្រះស្វះស្វែងស្ថាបនានិងពង្រីកកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ តាមរយៈពួកគេ។ ការមិនយកចិត្តទុកដាក់និងការប្រមាថដល់អ្នកដែលព្រះបានតែងតាំងឲ្យទទួលខុសត្រូវជាអ្នកដឹកនាំ ក្នុងការភ្ជាប់ទំនាក់ទំនងនៃការជឿនលឿនខាងឯសេចក្តីពិត គឺបានន័យថា បដិសេធមធ្យោបាយដែលព្រះបានតែងតាំងដើម្បីជួយលើកទឹកចិត្ត និងពង្រឹងដល់រាស្រ្តរបស់ទ្រង់ ។ ចំពោះអ្នកដែលបម្រើកិច្ចការរបស់ព្រះណាដែលរំលងនឹងបញ្ញត្តិទាំងនេះ និងដែលគិតថាពន្លឺរបស់ខ្លួន មិនត្រូវមកពីបណ្តាញណាក្រៅពីព្រះដោយផ្ទាល់ទេនោះ គឺបានដាក់ខ្លួនឯងក្រៅក្នុងកន្លែងដែលទទួលការបោកបញ្ឆោតនិងទាញទម្លាក់ដោយសត្រូវហើយ ។ នៅក្នុងព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ ព្រះបានរៀបចំថាដោយមធ្យោបាយនៃទំនាក់ទំនងយ៉ាងជិតស្និទ្ធដែលពួកអ្នកជឿទាំងអស់បានរក្សា គឺគ្រិស្តបរិស័ទត្រូវរួបរួមជាមួយនឹងគ្រិស្តបរិស័ទ ពួកជំនុំនិងពួកជំនុំ។ ធ្វើដូច្នេះ មនុស្សដែលជាឧបករណ៍អាចសហការជាមួយនឹងព្រះ។ រាល់ភ្នាក់ងារទាំងអស់នឹងត្រូវតែនៅក្រោមបង្គាប់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកអ្នកជឿទាំងអស់ត្រូវតែរួបរួមជាមួយនឹងការខំប្រឹងប្រែងដែលមានរបៀបរៀបរយនិងការដឹកនាំត្រឹមត្រូវ ដើម្បីផ្តល់នូវដំណឹងល្អអំពីព្រះគុណរបស់ព្រះដល់ពិភពលោក។
លោកប៉ុលបានចាត់ទុកឱកាសនៃការតែងតាំងកាលពីកន្លងមករបស់លោក ថាជាការចាប់ផ្តើមយុគសម័យថ្មីដ៏សំខាន់មួយ នៅក្នុងជីវិតនៃកិច្ចការរបស់លោក។ គឺលោកបានកំណត់កាលបរិច្ឆេទការចាប់ផ្តើមភាពជាសាវ័ករបស់លោកនៅក្នុងពួកជំនុំគ្រិស្ទបរិស័ទ ចាប់តាំងពីពេលនោះមក។
កាលពន្លឺនៃដំណឹងល្អបានចែងចាំងដ៏ត្រចះត្រចង់នៅក្រុងអាន់ទីយ៉ូក ពួកសាវ័កដែលនៅទីក្រុងយេរូសាឡិមបានបន្តកិច្ចការដ៏សំខាន់។ សាសន៍យូដាជាច្រើនបានមកទីគ្រប់ទិសទីនៅក្នុងនគរ មកចូលរួមធ្វើបុណ្យនៅព្រះវិហារនៃទីក្រុងយេរូសាឡិមជារៀងរាល់ឆ្នាំ។ ក្នុងចំណោមពួកអ្នកដែលបានធ្វើដំណើមកពីឆ្ងាយទាំងនោះ អ្នកខ្លះជាអ្នកស្រឡាញ់និងគោរពសាសនាយ៉ាងក្លៀវក្លា និងជាអ្នកសិក្សាបទទំនាយដោយស្មោះត្រង់។ ពួកគេកំពុងរង់ចាំនិងកំពុងចង់បានព្រះមែស្ស៊ីដែលព្រះបានសន្យា ដែលជាសេចក្តីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល។ នៅគ្រាដែលមានជនបរទេសជាច្រើននៅទីក្រុងយេរូសាឡិម ពួកសាវ័កបានអធិប្បាយអំពីព្រះគ្រិស្តដោយក្តីក្លាហានឥតរង្គើ ទោះបីជាពួកគេបានដឹងថាការធ្វើដូច្នេះ ពួកគេកំពុងយកជីវិតរបស់ពួកគេទៅប្រថុយនឹងគ្រោះថ្នាក់ក៏ដោយ។ ព្រះវិញ្ញាណរបស់ព្រះបានបោះត្រានៅលើកិច្ចការរបស់ពួកគេ មនុស្សជាច្រើនបានផ្លាស់ប្តូរជំនឿ ហើយពួកអ្នកទាំងនេះបានវិលត្រឡប់ទៅកាន់ទីលំនៅរបស់ពួកគេវិញ ដែលបានធ្វើឲ្យគ្រាប់ពូជនៃសេចក្តីពិតបានរាលដាលទៅកាន់គ្រប់ជាតិសាសន៍ និងគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម។
ក្នុងចំណោមពួកសាវ័ក អ្នកដែលលេចធ្លោជាងគេមានលោកពេត្រុស យ៉ាកុប និងលោកយ៉ូហាន ដែលមានទំនុកចិត្តថាព្រះតែងតាំងពួកលោកឲ្យអធិប្បាយអំពីព្រះគ្រិស្តនៅក្នុងបងប្អូនរួមជាតិរបស់លោកនៅតាមផ្ទះ។ ទីបំផុត ពួកគេបានធ្វើការយ៉ាងឆ្លាតវាងវៃដោយបង្ហាញពីអ្វីដែលពួកលោកបានឃើញនិងបានឮ ហើយបានអំពាវនាវពី «ពាក្យទំនាយដ៏ពិតជាង» (ពេត្រុសទី២ ១:១៩) នៅក្នុងការខំប្រឹងប្រែងទាក់ទាញ «ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលដឹងប្រាកដថា … ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ» ដែលអ្នករាល់គ្នាបានឆ្កាង «ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រិស្តផង» (កិច្ចការ ២:៣៦)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល។ (អេភេសូរ ៦:១៧)