ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំក៏អធិស្ឋានសូមសេចក្តីនេះ គឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។ ភីលីព ១:៩
ក្រុងយេរូសាឡិមគឺជារាជធានីនៃសាសន៍យូដា ហើយគឺនៅទីនោះហើយដែលគេបានរកឃើញការមិនចុះសម្រុងគ្នានិងការវង្វេងសាសនា។ ពួកគ្រិស្តបរិស័ទជាសាសន៍យូដាដែលរស់នៅក្រោមក្រសែភ្នែករបស់ពួកជំនុំ បានបណ្តោយឲ្យគំនិតរបស់ពួកគេវិលត្រឡប់ទៅកាន់លក្ខណៈពិសេសនៃបុព្វសិទ្ធិរបស់សាសន៍យូដាទូទាំងនគរ យ៉ាងងាយទៅវិញ។ កាលពួកគេបានឃើញពួកជំនុំគ្រិស្តបរិស័ទបានងាកចេញពីពិធីបុណ្យផ្សេងៗ និងពីប្រពៃណីរបស់សាសន៍យូដា ហើយបានដឹងថាលក្ខណៈពិសេសដ៏ពិសិដ្ឋ ដែលប្រពៃណីសាសន៍យូដាបានបង្កើត នឹងត្រូវបាត់បង់ដោយសារតែពន្លឺនៃជំនឿថ្មី នៅពេលដ៏ខ្លីខាងមុខនេះ ពួកគេជាច្រើនបានតូចចិត្តនឹងលោកប៉ុលជាខ្លាំង ដែលជាអ្នកបង្កឲ្យមានការផ្លាស់ប្តូរនេះ។ សូម្បីតែពួកសាវ័កក៏មានខ្លះមិនបានរៀបចំខ្លួនទទួលយកការសម្រេចចិត្តរបស់ក្រុមប្រឹក្សានេះដែរ ។ គេមានចិត្តពុះកញ្រ្ជោល ចំពោះច្បាប់ខាងពិធីបុណ្យផ្សេងៗនេះ ហើយពួកគេក៏មិនបានគោរពដល់លោកប៉ុលដោយការពេញចិត្តដែរ ព្រោះពួកគេបានគិតថា គោលការណ៍របស់លោក ទាក់ទងទៅនឹងកាតព្វកិច្ចនៃច្បាប់របស់សាសន៍យូដាមានភាពធូររលុង។
ការសម្រេចដ៏ធំនិងទូលំទូលាយរបស់ក្រុមប្រឹក្សាទូទៅ បាននាំមកនូវទំនុកចិត្តដល់ជួរពួកអ្នកជឿសាសន៍ដទៃ ហើយកិច្ចការរបស់ព្រះក៏បានរីកចម្រើន។ ពួកជំនុំនៅអាន់ទីយ៉ូកពេញចិត្តនឹងលោកយូដាសនិងស៊ីឡាស ជាអ្នកនាំសារពិសេសដែលបានត្រឡប់មកពីការប្រជុំនៅទីក្រុងយេរូសាឡិមជាមួយនឹងពួកសាវ័ក។ លោកយូដាស និងស៊ីឡាស«ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង» បុរសដែលមានព្រះទាំងពីរនាក់នេះបាននៅក្រុងអាន់ទីយ៉ូកជាយូរបន្តិច ។ «ឯប៉ុល និងបាណាបាស បានបង្អង់នៅឯក្រុងអាន់ទីយ៉ូកនោះដែរ ទាំងបង្រៀន ហើយប្រកាសប្រាប់ដំណឹងល្អ គឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាមួយនឹងមនុស្សឯទៀតជាច្រើន»។
លុះគ្រាក្រោយមកទៀត កាលលោកពេត្រុសបានមកអាន់ទីយ៉ូក លោកបានទាក់ទាញទំនុកចិត្តរបស់មនុស្សជាច្រើនដោយសារអាកប្បកិរិយាដ៏ប្រុងប្រយ័ត្នរបស់លោក ចំពោះពួកសាសន៍ដទៃដែលបានផ្លាស់ប្តូរជំនឿ។ លោកបានប្រព្រឹត្តតាមពន្លឺដែលព្រះបានប្រទានមកពីឋានសួគ៌មួយរយៈ។ លោកមានជោគជ័យលើនិស្ស័យនៃការប្រកាន់ពូជសាសន៍ពីកំណើតរបស់លោកក្នុងការអង្គុយទទួលទានអាហារជាមួយនឹងសាសន៍ដទៃដែលបានផ្លាស់ប្តូរជំនឿ ។ ប៉ុន្តែ នៅពេលពួកយូដាខ្លះដែលប្រកាន់ច្បាប់នៃពិធីបុណ្យតឹងរ៉ឹងបានមកពីទីក្រុងយេរូសាឡិម លោកពេត្រុស បានផ្លាស់ប្តូរឥរិយាបទរបស់លោកយ៉ាងអយុត្តិធម៌ ទៅលើអ្នកដែលបានផ្លាស់ប្តូរជំនឿមកពីសាសនាដទៃ។ សាសន៍យូដាមួយចំនួន «ក៏ធ្វើជាពើជាមួយនឹងលោកដែរ ដល់ម៉្លេះបានជាបាណាបាស ត្រូវបណ្តោយតាមអំពើកំពុតរបស់គេទៀត» ។ ការបង្ហាញពីភាពកម្សោយរបស់អ្នកដែលគេគោរពនិងស្រឡាញ់ជាអ្នកដឹកនាំបានបន្សល់ទុកនូវការឈឺចាប់ជាខ្លាំងដល់គំនិតរបស់ពួកអ្នកជឿដែលជាសាសន៍ដទៃ ។ ពួកជំនុំត្រូវបានគំរាមកំហែងដោយការបែកបាក់។ ប៉ុន្តែ លោកប៉ុលដែលបានមើលឃើញឥទ្ធិពលដ៏ស្ងៀមស្ងាត់ដែលបានប្រព្រឹត្តមិនត្រឹមត្រូវទៅកាន់ពួកជំនុំ តាមរយៈសកម្មភាពទាំងពីរផ្នែករបស់លោកពេត្រុស លោកបានស្តីបន្ទោសដោយចំហ ដោយការក្លែងបន្លំមនោសញ្ចេតនាពិតប្រាកដរបស់គាត់យ៉ាងដូច្នេះ ។ លោកប៉ុលបានសួរដល់លោកពេត្រុសនៅជំពោះពួកជំនុំថា «បើលោក ដែលជាសាសន៍យូដា មិនប្រព្រឹត្តតាមទំនៀមទម្លាប់របស់សាសន៍យូដាទេ គឺប្រព្រឹត្តតាមទំនៀមទម្លាប់សាសន៍ដទៃវិញ នោះហេតុអ្វីបានជាបង្ខំឲ្យសាសន៍ដទៃ ប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ?» (កាឡាទី ២:១៣, ១៤)។
លោកពេត្រុសបានមើលឃើញកំហុសដែលលោកបានធ្លាក់ចុះ ហើយលោកបានរៀបចំកែលម្អអំពើអាក្រក់ដែលខ្លួនបានធ្វើជាបន្ទាន់ តាមអំណាចដែលលោកអាចធ្វើបាន ។ ព្រះដែលបានជ្រាបទីបញ្ចប់តាំងពីដើមដំបូង ព្រះអង្គបានអនុញ្ញាតឲ្យលោកពេត្រុសបង្ហាញពីភាពកម្សោយខាងអត្តចរិតរបស់លោក ដើម្បីឲ្យសាវ័កដែលព្រះបានសាកល្បងនេះបានដឹងថាគ្មានអ្វីនៅក្នុងខ្លួនដែលលោកត្រូវអួតអាងឡើយ។ ទោះបីមនុស្សដែលពូកែបំផុតក៏ដោយ បើបណ្តោយឲ្យនៅតែម្នាក់ឯង ប្រាកដជាវិនិច្ឆ័យខុសជាក់ជាមិនខាន។ ព្រះក៏បានជ្រាបផងដែរថា នៅពេលខាងមុខ មនុស្សខ្លះនឹងត្រូវបានបោកបញ្ឆោតឲ្យទាមទារសិទ្ធិជាលោកពេត្រុស និងជាអ្នកក្លែងធ្វើជាអ្នកបន្តតំណែងពីលោក ដែលជាបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់របស់ព្រះតែមួយអង្គគត់។ ហើយកំណត់ត្រានៃភាពកម្សោយរបស់សាវ័កពេត្រុសនេះ ត្រូវទុកជាភស្តុតាងបញ្ជាក់អំពីភាពភ័ន្តច្រឡំរបស់លោក និងការពិតដែលបញ្ជាក់ប្រាប់ថាមិនមានផ្លូវណាដែលលោកអាចឈរខ្ពស់ជាងសាវ័កដទៃទៀតឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ (កាឡាទី ៥:១៣)