ថ្ងៃច័ន្ទ ទី២១​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៩)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក២​

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ។ កូរិនថូសទី២ ១:៤

ប្រវត្តិនៃការចាកចេញពីគោលការណ៍ដ៏ត្រឹមត្រូវនេះ ឈរជាការព្រមានយ៉ាងឧឡារិកដល់បុរសទាំងឡាយដែលមានតួនាទីក្នុងការបំពេញកិច្ច​ការរបស់ព្រះ ថាពួកគេមិនត្រូវធ្លាក់ចុះខាងសេចក្តីសុចរិតទេ ប៉ុន្តែ ត្រូវ​ប្រកាន់ខ្ជាប់តាមគោលការណ៍វិញ។ អ្នកដែលបានទទួលការទទួលខុសត្រូវកាន់តែធំ និងមានឱកាសបង្គាប់បញ្ជានិងគ្រប់គ្រងកាន់តែច្រើន អ្នកនោះកាន់​តែ​មាន​ការឈឺចាប់ ប្រសិនបើគេមិនបានធ្វើតាមវិធីរបស់ព្រះជាម្ចាស់ឲ្យបានត្រឹមត្រូវនិងធ្វើការឲ្យស្របទៅតាមសេចក្តីសម្រេចរបស់រចនាសម្ព័ន្ធទូទៅនៃពួកអ្នកជឿ នៅក្នុងក្រុមប្រឹក្សាដែលបានរួបរួមគ្នាទេនោះ។

បន្ទាប់ពីការបរាជ័យរបស់លោកពេត្រុសមក បន្ទាប់ពីការដួលចុះនិងការស្តារឡើងវិញរបស់លោក កិច្ចការដ៏យូរអង្វែងរបស់លោក ភាពស្និទ្ធ​ស្នាល​ខាងផ្លូវចិត្តរបស់លោកជាមួយនឹងព្រះគ្រិស្ត ចំណេះដឹងនៃការអនុវត្តន៍តាមគោលការណ៍ដ៏ស្មោះត្រង់របស់ព្រះអង្គសង្រ្គោះរបស់លោក ជាពិសេស ការបង្រៀនដែលលោកបានទទួលអំណោយទាននិងចំណេះដឹងព្រមទាំងឥទ្ធិពលទាំងឡាយដែលលោកទទួលបាន តាមរយៈការអធិប្បាយ​និង​ការ​បង្រៀន​ព្រះបន្ទូល តើមិនមែនជាការចម្លែកទេឬអីដែលលោកគួរក្លែងបន្លំនិងដោះសាគោលការណ៍នៃដំណឹងល្អ តាមរយៈការកោតខ្លាចមនុស្ស ឬដើម្បីទទួលបានតម្លៃផ្ទាល់ខ្លួននោះ? តើមិនចម្លែកទេឬ ដែលលោកងាករេក្នុងការប្រកាន់ខ្ជាប់តាមគោលការណ៍ត្រឹមត្រូវនោះ? សូមឲ្យព្រះបានប្រទាននូវចំណេះដឹងនៃភាពគ្មានជំនួយ ភាពគ្មានសមត្ថភាពរបស់ខ្លួន ដើម្បីកាច់ចង្កូតនាវារបស់​ខ្លួនឲ្យបានត្រង់ និងមានសុវត្ថិភាពឆ្ពោះទៅកាន់កោះត្រើយ។

នៅក្នុងការបំពេញបេសកកម្មរបស់គាត់ លោកប៉ុលតែងតែត្រូវបានបង្ខំឲ្យនៅតែម្នាក់ឯង ។ ព្រះតែងតែបង្រៀនដល់លោកជាពិសេស ហើយមិនហ៊ានបន្ធូរបន្ថយអ្វីដែលទាក់ទងទៅនឹងគោលការណ៍ទេ។ លោកមានបន្ទុកធ្ងន់ជាច្រើនលើកច្រើនសារ ប៉ុន្តែ លោកប៉ុលបានឈរយ៉ាងរឹងមាំនៅខាងភាពត្រឹមត្រូវ។ លោកបានដឹងថាពួកជំនុំមិនត្រូវបានដឹកនាំឲ្យនៅក្រោមការគ្រប់គ្រងនៃអំណាចរបស់មនុស្សឡើយ ។ ប្រពៃណីនិងទ្រឹស្តីរបស់មនុស្សមិនត្រូវជំនួសសេចក្តីពិតដែលបានបង្ហាញទេ។ ការជឿនលឿន​ទៅមុខនៃដំណឹងល្អមិនត្រូវបានរារាំងដោយការប្រកាន់ពូជសាសន៍ និងសេចក្តី​លម្អៀង​របស់​មនុស្សទេ ទោះបីជាអ្នកនោះមានតួនាទីនៅក្នុងពួកជំនុំក៏ដោយ។

លោកប៉ុលបានលះបង់ខ្លួនលោកនិងអំណាចទាំងអស់ ដើម្បីបម្រើ​កិច្ចការរបស់ព្រះ។ លោកបានទទួលសេចក្តីពិតនៃដំណឹងល្អមកពីឋានសួគ៌ដោយផ្ទាល់ ហើយនៅពេញទាំងការបំពេញកិច្ចការរបស់គាត់ លោកនៅតែ​ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងារនៃឋានសួគ៌ដដែល។ លោកធ្លាប់បានទទួលការបង្រៀនពីព្រះ ទាក់ទងនឹង​ការគោរពភាព​មិនចាំបាច់នៃគ្រិស្តបរិស័ទដែលជាសាសន៍ដទៃ ដូច្នេះ នៅពេលដែលពួកអ្នកជឿសាសន៍យូដាបាននាំមកនូវសំណួរស្តីពីការកាត់ស្បែក ចូលមកក្នុង​ពួក​ជំនុំ​នៅអាន់ទីយ៉ូក លោកប៉ុលបានជ្រាបអំពីព្រះតម្រិះនៃព្រះវិញ្ញាណនៃព្រះ ទាក់ទងនឹងការបង្រៀនបែបនេះ ហើយលោកបានប្រកាន់ជំហររឹងមាំឥតងាករេ ដែលបាននាំឲ្យពួកជំនុំមានសេរីភាពពីពិធីខាងសាសនា និង​ពិធី​បុណ្យផ្សេងៗនៃសាសន៍យូដា។

ទោះបីជាលោកប៉ុលត្រូវបានបង្រៀនដោយព្រះផ្ទាល់ក៏ដោយ ក៏លោកមិនមានចិត្តធំចង់ទទួលខុសត្រូវដោយខ្លួនឯងដែរ ។ ខណៈដែល​លោក​សម្លឹងមើលទៅឯព្រះ ដើម្បីការណែនាំដោយផ្ទាល់ លោកតែងតែទទួលស្គាល់អំណាចគ្រប់គ្រងដែលព្រះបានតែងតាំងនៅលើរចនាសម្ព័ន្ធដែលបានរួបរួមគ្នាជាពួកជំនុំនោះដែរ។ លោកបានដឹងពីសេចក្តីត្រូវការនូវដំបូន្មាន ហើយ​កាលណាមានរឿងសំខាន់ៗកើតឡើង លោករីករាយនឹងលាតត្រដាងរឿងនោះនៅចំពោះមុខពួកជំនុំ និងរួបរួមជាមួយបងប្អូនរួមជំនឿរបស់លោក ក្នុងការស្វែងរកប្រាជ្ញាពីព្រះ ដើម្បីធ្វើការសម្រចចិត្តឲ្យបានត្រឹមត្រូវ។ លោក​បានមានប្រសាសន៍ថា សូម្បីតែ «វិញ្ញាណនៃពួកអ្នកដែលអធិប្បាយ នោះ​នៅ​ក្រោមអំណាចអ្នកនោះឯង ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្តី​​វឹក​វរ​ទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ» (កូរិនថូសទី១ ១៤:៣២, ៣៣) ។ ជាមួយលោកពេត្រុស លោក​បាន​បង្រៀនថា អ្នកដែលរួបរួមគ្នានៅក្នុងចំណុះពួកជំនុំគួរតែ «មានចិត្ត​សុភាព ដល់គ្នាទៅវិញទៅមក» (ពេត្រុសទី១ ៥:៥)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ។ (កាឡាទី ៥:១៣​)

Powered by CAM