ថ្ងៃអង្គារ ទី២២​ ខែកញ្ញា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-២០)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៥:៣៦-៤១ និង ១៦:១-៦។​

ការលើកតម្កើងឈើឆ្កាង

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក៣​

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រោះ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្តី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្តី​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​សេចក្តី​ស្លាប់​វិញ។ កូរិនថូសទី២ ៧:១០

បន្ទាប់ពីចំណាយពេលមួយចំនួនដើម្បីបំពេញកិច្ចការនៅទីក្រុងអាន់ទីយ៉ូក​រួចមក លោកប៉ុលបានស្នើទៅអ្នករួមការងាររបស់លោកឲ្យចេញដំណើរ​ទៅ​បំពេញបេសកកម្មមួយទៀត ។ លោកប៉ុលបាននិយាយទៅកាន់លោកបាណាបាសថា «ចូរយើងត្រឡប់ទៅសួរពួកបងប្អូន នៅអស់ទាំងក្រុង ជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ផង ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្តេច»។

ទាំងលោកប៉ុលនិងលោកបាណាបាសមានចិត្តអាណិតអាសូរដោយស្រទន់ ទៅកាន់អ្នកដែលទើបតែនឹងបានទទួលដំណឹងល្អថ្មីៗនៅក្រោម​កិច្ចការរបស់ពួកលោក ហើយលោកទាំងពីរចង់ជួបពួកគេជាថ្មីម្តងទៀត។ លោកប៉ុលមិនដែលលះបង់កង្វល់នេះឡើយ។ ទោះបីនៅទីឆ្ងាយដែលលោកមិនអាចមើលឃើញកន្លែងដែលលោកធ្លាប់ធ្វើការពីមុនក៏ដោយ ក៏ចិត្តលោកនៅតែបន្តមានពេញទៅដោយបន្ទុកនៃការជំរុញដល់ពួកអ្នកមានជំនឿថ្មីឲ្យ​នៅតែស្មោះត្រង់ដដែល «ព្រមទាំងបង្ហើយសេចក្តីបរិសុទ្ធ ដោយ​នូវសេចក្តី​​កោតខ្លាចដល់ព្រះ»។ កូរិនថូសទី២ ៧:១ ។ លោកបានព្យាយាមជួយពួកគេជាបន្តបន្ទាប់ឲ្យចេះម្ចាស់ការ ជាគ្រិស្តបរិស័ទដែលមានការចម្រើន​លូត​លាស់ មានជំនឿរឹងមាំ មានចិត្តក្លៀវក្លា ព្រមទាំងលះបង់ថ្វាយដល់ព្រះនិងកិច្ចការនៃការជំរុញនគររបស់ទ្រង់ទៅមុខ ដោយស្មោះអស់ពីចិត្ត។

លោកបាណាបាសបានរៀបចំខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរ​ទៅជា​មួយនឹងលោក ប៉ុល ប៉ុន្តែ លោកមានបំណងចង់យកម៉ាកុស ដែលបានលះបង់ខ្លួនឯងដើម្បីបំពេញកិច្ចការម្តងទៀត ទៅជាមួយ ប៉ុន្តែ លោកប៉ុល​មិន​ព្រម។ លោក «បានគិតថាការយកម៉ាកុសទៅជាមួយនឹងពួកលោកនោះមិនល្អទេ … » ពីព្រោះនៅក្នុងដំណើរបំពេញបេសកកម្មលើកមុនលោកបានរត់ចោលពួកគេ នៅពេលដែលមានសេចក្តីត្រូវការចាំបាច់។ លោកមិនបានបន្ទន់ចិត្តអត់ឱនទោសដល់ភាពកម្សោយរបស់លោកម៉ាកុសក្នុងការរត់ចោលការងារដើម្បីសុវត្ថិភាពនិងសុខុមាលភាពផ្ទាល់ខ្លួននោះឡើយ។ លោកបានជំរុញថាអ្នកដែលមានសមត្ថភាពទ្រាំទ្រតិច មិនសមនឹងកិច្ចការដែលទាមទារឲ្យមានការអត់ធ្មត់ ការលះបង់ខ្លួនឯង សេចក្តីក្លាហាន ជំនឿរឹងមាំ និងឆន្ទៈ​នៃ​ការលះបង់ រហូតដល់ហ៊ានលះបង់ជីវិតផង ប្រសិនបើចាំបាច់នោះឡើយ។ ដូច្នេះ លោកប៉ុលនិងបាណាបាសមានការខ្វែងគំនិតគ្នាជាខ្លាំង បន្ទាប់ពីការស្តីបន្ទោសនិងការមិនយកលោកម៉ាកុសទៅជាមួយ។ «ឯបាណាបាស គាត់​យកម៉ាកុស ចុះសំពៅទៅឯកោះគីប្រុស តែប៉ុល គាត់រើសយកស៊ីឡាសវិញ ហើយចេញដំណើរទៅ ដោយមានពួកជំនុំផ្ទុកផ្តាក់ក្នុងព្រះគុណនៃព្រះអម្ចាស់»។

នោះគាត់ដើរកាត់ស្រុកស៊ីរី និងស្រុកគីលីគា ក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង លោកប៉ុលនិងស៊ីឡាសបានមើលឃើញស្រុកឌើបេ និងក្រុងលីស្រ្តាដែលនៅក្នុងខេត្ត លូកៅនា ពីចម្ងាយ។ គឺនៅក្រុងលីស្ត្រានេះហើយដែលលោកប៉ុលត្រូវបានពួកបណ្តាជនចោលនឹងថ្ម ហើយឥឡូវនេះ យើងបានឃើញលោកនៅកន្លែងដែលធ្លាប់មានគ្រោះថ្នាក់កាលពីមុននេះម្តងទៀត ។ លោកអន្ទះសារចង់ឃើញអ្នកដែលបានទទួលដំណឹងល្អតាមរយៈបេសកកម្មរបស់លោករងទ្រាំនឹងការសាកល្បងនៃការពិបាក។ លោកមិនបានខកចិត្តឡើយ ព្រោះលោកបានឃើញពួកអ្នកជឿនៅលីស្រ្តានៅតែរឹងមាំ នៅចំពោះមុខការប្រឆាំងយ៉ាងឃោរឃៅដដែល។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ។ (កាឡាទី ៥:១៣​)

Powered by CAM