កិច្ចការនៃពួកសាវ័ក (ជំពូកទី-២០)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ។ កូរិនថូសទី២ ៩:៦-៧
នៅទីនេះលោកប៉ុលបានជួបនឹងលោកធីម៉ូថេម្តងទៀត ជាអ្នកដែលបានឃើញការឈឺចាប់របស់លោកនៅចុងបំផុតនៃបេសកកម្មរបស់លោកនៅក្រុងលីស្រ្តា និងជាអ្នកដែលមានចិត្តដិតដាមដោយសកម្មភាពនៃការធ្វើទារុណកម្មនៅពេលនោះ ដែលបានធ្វើឲ្យលោកមានការឈឺចាប់នៅពេលដែលបានកន្លងផុតទៅ រហូតដល់លោកបានជឿថាលោកមានភារកិច្ចត្រូវលះបង់ខ្លួនទាំងស្រុងដើម្បីបំពេញបេសកកម្មថ្វាយព្រះ។ ចិត្តរបស់ធីម៉ូថេត្រូវបានផ្សាភ្ជាប់ទៅនឹងចិត្តរបស់លោកប៉ុល ហើយចង់ចែករំលែកកិច្ចការរបស់សាវ័កនេះដោយជួយដល់លោកនៅពេលណាដែលផ្លូវបានបើកចំហ។
លោកស៊ីឡាស ដែលជាដៃគួរួមការងាររបស់លោកប៉ុល គឺជាអ្នកធ្វើការដ៏មានបទពិសោធន៍ ដែលមានអំណោយទានខាងវិញ្ញាននៃសេចក្តីទំនាយ ប៉ុន្តែ កិច្ចការដែលត្រូវបង្ហើយនោះធំធេងពេកដែលតម្រូវឲ្យមានអ្នកធ្វើការហ្វឹកហ្វឺនអ្នកធ្វើការដ៏សកម្មបន្ថែមទៀត។ លោកប៉ុលបានមើលឃើញនៅក្នុងជីវិតលោកធីម៉ូថេ ថាលោកជាមនុស្សដែលមានគុណតម្លៃសម្រាប់ភាពពិសិដ្ឋនៃកិច្ចការជាគ្រូគង្វាល ដែលមិនតក់ស្លុតចំពោះការឈឺចាប់និងការបៀតបៀនដែលនឹងកើតឡើងនៅពេលខាងមុខ និងជាអ្នកដែលចង់រៀនសូត្រ។ ប៉ុន្តែ លោកប៉ុលមិនហ៊ានប្រថុយទទួលខុសត្រូវក្នុងការផ្តល់ឱកាសឲ្យលោកធីម៉ូថេ ជាយុវជនដែលមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ហ្វឹកហ្វឺនក្នុងកិច្ចការនៃដំណឹងល្អ ដោយមិនបានបំពេញបន្ថែមខាងអត្តចរិតនិងជីវិតអតីតកាល ដល់គេនោះឡើយ។
ឪពុកលោកធីម៉ូថេជាសាសន៍ក្រិកហើយម្តាយជាសាសន៍យូដា។ លោកបានស្គាល់ព្រះគម្ពីរតាំងពីក្មេងមក ។ ការស្រឡាញ់និងការគោរពសាសនាដែលលោកបានឃើញនៅក្នុងគ្រួសាររបស់លោកមានភាពរឹងមាំនិងម៉ត់ចត់។ ជំនឿរបស់ម្តាយនិងជីដូនលោកទៅលើក្រឹត្យវិន័យដ៏ពិសិដ្ឋ គឺជាការរំឭកជាបន្តបន្ទាប់ដល់លោកអំពីព្រះពរក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ។ ព្រះបន្ទូលរបស់ព្រះគឺជាបន្ទាត់ដែលស្រ្តីជឿព្រះទាំងពីរនាក់នេះបានដឹកនាំធីម៉ូថេ។ អំណាចនៃមេរៀនខាងវិញ្ញាណ ដែលលោកបានទទួលពីលោកទាំងពីរ បានរក្សាលោកឲ្យមានភាពបរិសុទ្ធក្នុងការនិយាយស្តី និងមិនសៅហ្មងដោយឥទ្ធិពលអាក្រក់ដែលនៅព័ទ្ធជុំវិញលោក ដូច្នេះ គ្រូបង្រៀនប្រចាំគ្រួសារ (ម្តាយនិងជីដូន) របស់លោកបានសហការជាមួយនឹងព្រះក្នុងការរៀបចំលោកសម្រាប់ទទួលបន្ទុកទាំងនេះ។
លោកប៉ុលបានមើលឃើញថាធីម៉ូថេគឺជាមនុស្សស្មោះត្រង់ រឹងមាំ និងទៀងត្រង់ ហើយលោកបានជ្រើសរើសគាត់ជាដៃគូក្នុងការធ្វើការនិងការធ្វើដំណើរ ។ អ្នកដែលធ្លាប់បានបង្រៀនដល់ធីម៉ូថេកាលពីកុមារទទួលបានរង្វាន់ ដោយបានឃើញកូនចៅដែលខ្លួនធ្លាប់បានថែរក្សាបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសាវ័កដ៏ឧត្តមនេះ។ ធីម៉ូថេនៅជាយុវជននៅឡើយ នៅពេលដែលព្រះបានជ្រើសរើសលោកឲ្យធ្វើជាគ្រូបង្រៀន ប៉ុន្តែ លោកបានស្ថាបនាគោលការណ៍នេះដោយការសិក្សាដំបូងរបស់លោក ដែលធ្វើឲ្យលោកមានសមត្ថភាពទទួលតំណែងជាអ្នកជំនួយការរបស់លោកប៉ុល ។ ទោះបីជានៅក្មេងនៅឡើយក៏ដោយ ក៏លោកបានបំពេញការទទួលខុសត្រូវដោយភាពស្លូតបូតនៃគ្រិស្តបរិស័ទដែរ។
ជាវិធានការនៃការប្រុងប្រយ័ត្ន លោកប៉ុលបានបំបែកធីម៉ូថេយ៉ាងប្រុងប្រយ័ត្នឲ្យទទួលការកាត់ស្បែក មិនមែនតាមតម្រូវការរបស់ព្រះទេ ប៉ុន្តែ ដើម្បីដកយកការប្រឆាំងចេញពីគំនិតពួកយូដា ទៅនឹងការគ្រប់គ្រងរបស់លោកធីម៉ូថេ ។ នៅក្នុងកិច្ចការរបស់លោក លោកប៉ុលត្រូវធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ នៅក្នុងទឹកដីជាច្រើន ហើយលោកតែងតែមានឱកាសអធិប្បាយអំពីព្រះគ្រិស្ត នៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ព្រមទាំងនៅកន្លែងប្រជុំគ្នាផ្សេងៗទៀតផងដែរ ។ ប្រសិនបើគេបានដឹងថាមិត្តរួមការងាររបស់លោកម្នាក់មិនបានកាត់ស្បែកទេ នោះកិច្ចការរបស់លោកនឹងមានការរារាំងយ៉ាងខ្លាំងក្លាពីសំណាក់ពួកយូដាដែលប្រកាន់ពូជសាសន៍និងជាអ្នកដែលឈ្លក់វង្វេងនឹងសាសនា ។ សាវ័កប៉ុលបានជួបនឹងការប្រឆាំងយ៉ាងតឹងតែងនិងការធ្វើទុក្ខបៀតបៀនយ៉ាងធ្ងន់ធ្ងរ ។ លោកប្រាថ្នាចង់នាំចំណេះដឹងនៃដំណឹងល្អមកជូនដល់បងប្អូនរបស់លោកដែលជាសាសន៍យូដា ព្រមទាំងសាសន៍ដទៃផងដែរ ហេតុដូច្នោះហើយបានជាលោកបានខំប្រឹងប្រែងដោយសេចក្តីជំនឿ កន្លងមកនិងជាបន្តបន្ទាប់ ដើម្បីកម្ចាត់ចោលនូវលេសទាំងឡាយដែលនាំឲ្យមានការប្រឆាំង។ ហើយនៅពេលដែលលោកបានយល់ព្រមទៅនឹងការប្រកាន់ពូជសាសន៍របស់សាសន៍យូដានេះ លោកបានបង្រៀនថាការកាត់ស្បែកនិងការមិនកាត់ស្បែកមិនមានបញ្ហាអ្វីទេ ហើយដំណឹងល្អរបស់ព្រះគ្រិស្តគឺជាអ្វីៗគ្រប់យ៉ាង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ (កាឡាទី ៥:១៣)