កិច្ចការនៃពួកសាវ័ក (ជំពូកទី-២០)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះគុណនៃព្រះ ដែលនាំសេចក្តីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្តីទមិលល្មើស និងសេចក្តីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្តីធ្ងន់ធ្ងរ សេចក្តីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ ។ ទីតុស ២:១១-១២
លោកប៉ុលបានស្រឡាញ់លោកធីម៉ូថេ ថា «ជាកូនពិតក្នុងសេចក្តីជំនឿ» (ធីម៉ូថេទី១ ១:២) ។ សាវ័កដ៏ឧត្តមនេះតែងតែនាំសាវ័កដ៏ក្មេងខ្ចីនេះចេញទៅខាងក្រៅ សួរសំណួរដែលទាក់ទងទៅនឹងព្រះគម្ពីរដល់លោក ហើយកាលពួកគេបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយជាមួយគ្នា លោកបានបង្រៀនដល់ធីម៉ូថេយ៉ាងប្រុងប្រយ័ត្នអំពីរបៀបធ្វើការដែលមានជោគជ័យ។ ទាំងលោកប៉ុលនិងស៊ីឡាសបានស្វះស្វែងធ្វើយ៉ាងណាឲ្យភាពពិសិដ្ឋនៃកិច្ចការខាងដំណឹងល្អដិតដាមកាន់តែជ្រៅនៅក្នុងចិត្តរបស់ធីម៉ូថេ ដែលលោកបានដក់ជាប់នៅក្នុងគំនិតរួចទៅហើយនោះ នៅពេលដែលលោកបានប្រស្រ័យទាក់ទងជាមួយនឹងគាត់។
នៅក្នុងកិច្ចការរបស់លោក ធីម៉ូថេតែងតែស្វែងរកដំបូន្មាននិងការបង្រៀនពីលោកប៉ុល លោកមិនបានធ្វើការតាមកំសួលចិត្តទេ ប៉ុន្តែ លោកអនុវត្តការពិចារណានិងគំនិតរស្ងៀមស្ងាត់វិញ ដោយសួរខ្លួនឯងនៅគ្រប់ទាំងជំហានថា តើនេះគឺជាផ្លូវរបស់ព្រះឬមិនមែន? គេរកឃើញព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតលោកដែលអាចធ្វើជាគំរូនិងបានបង្ហាញជាព្រះវិហារដែលមានព្រះវត្តមានរបស់ព្រះគង់នៅ។
ខណៈដែលពួកគេបានអនុវត្តមេរៀននៃព្រះគម្ពីរនៅក្នុងជីវិតប្រចាំថ្ងៃ ពួកគេមានអត្តចរិតដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងយូរអង្វែង។ លោកមិនមានទេពកោសល្យអ្វីត្រចះត្រចង់នោះទេ ប៉ុន្តែ កិច្ចការរបស់លោកមានតម្លៃ ព្រោះលោកបានប្រើសមត្ថភាពដែលព្រះបានប្រទានឲ្យ សម្រាប់បម្រើកិច្ចការរបស់ព្រះជាម្ចាស់ ។ ចំណេះដឹងខាងការគោរពនិងស្រឡាញ់សាសនារបស់លោកបានធ្វើឲ្យលោកខុសប្លែកពីអ្នកជឿដទៃ ហើយបានផ្តល់ឥទ្ធិពលដល់លោកថែមទៀតផង។
អស់អ្នកដែលធ្វើការដើម្បីមនុស្ស ត្រូវតែសម្រេចបាននូវចំណេះដឹងអំពីព្រះ យ៉ាងជ្រាលជ្រៅ ពេញលេញ និងច្បាស់លាស់ ជាងការទទួលបានពីការខំប្រឹងប្រែងតាមវិធីធម្មតាដទៃផ្សេងៗទៀត។ ពួកគេត្រូវតែដាក់ថាមពលរបស់គេទាំងអស់ចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេបានចូលរួមនៅក្នុងការត្រាស់ហៅដ៏ខ្ពង់ខ្ពស់និងបរិសុទ្ធ ហើយប្រសិនបើពួកគេទទួលបានមនុស្សសម្រាប់ជាថ្លៃឈ្នួលរបស់ពួកគេ គេត្រូវតែតោងព្រះឲ្យជាប់ ដោយទទួលព្រះគុណនិងព្រះចេស្តាមកពីព្រះដែលជាប្រភពនៃព្រះពរទាំងអស់។ «ព្រះគុណនៃព្រះ ដែលនាំសេចក្តីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀន យើងរាល់គ្នាឲ្យលះចោលសេចក្តីទមិទ្បល្មើស និងសេចក្តីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្តីធ្ងន់ធ្ងរ សេចក្តីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រិស្ត ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្តីទទឹងច្បាប់ ហើយនិងសម្អាតមនុស្សមួយពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ» (ទីតុស ២:១១-១៤)។
មុននឹងចូលទៅកាន់ទឹកដីថ្មី លោកប៉ុលនិងគូកនរបស់លោកបានចូលទៅឯពួកជំនុំដែលបានបង្កើតឡើងនៅភីស៊ីឌា និងតំបន់ទាំងឡាយដែលនៅជុំវិញ ។ «កំពុងដែលដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្តីបញ្ញត្តិទាំងប៉ុន្មានដល់គេ ជាសេចក្តីដែលពួកសាវ័ក និងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសម្រេចឲ្យកាន់តាម»។
សាវ័កប៉ុលមានការទទួលខុសត្រូវយ៉ាងជ្រាលជ្រៅ ចំពោះពួកអ្នកដែលបានផ្លាស់ប្តូរជំនឿដោយសារការងាររបស់លោក។ ពិសេសលើសអ្វីៗទាំងអស់ លោកចង់ឲ្យពួកគេបានស្មោះត្រង់ លោកបានមានប្រសាសន៍ថា«ដើម្បីដល់ថ្ងៃនៃព្រះគ្រិស្ត នោះឲ្យខ្ញុំបានសេចក្តីអំនួត អួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការជាឥតប្រយោជន៍ឡើយ» (ភីលីព ២:១៦) ។ លោកមានការរន្ធត់ចំពោះលទ្ធផលនៃកិច្ចការរបស់លោក ។ លោកបានដឹងថាសូម្បីតែសេចក្តីសង្រ្គោះរបស់លោកផ្ទាល់ ក៏នឹងត្រូវអន្តរាយដែរ ប្រសិនបើលោកបរាជ័យមិនបានបំពេញភារកិច្ចរបស់លោក ហើយពួកជំនុំបរាជ័យមិនបានសហការជាមួយលោកក្នុងការនេសាទមនុស្សនោះ ។ លោកបានដឹងថាការអធិប្បាយតែមួយមុខក៏មិនគ្រប់គ្រាន់ដើម្បីនឹងអប់រំដល់ពួកអ្នកជឿ ឲ្យប្រកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិតដែរ។ លោកបានដឹងថាត្រូវតែបង្រៀនដល់ពួកគេ មួយបន្ទាត់ហើយមួយបន្ទាត់ទៀត គំនិតមួយហើយមួយទៀត ត្រង់នេះបន្តិច ត្រង់នោះបន្តិច ដើម្បីជំរុញកិច្ចការរបស់ព្រះគ្រិស្ត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ (កាឡាទី ៥:១៣)