កិច្ចការនៃពួកសាវ័ក (ជំពូកទី-២០)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ។ ទីតុស ៣:៥
គឺជាគោលការណ៍យ៉ាងវិសេសខុសពីធម្មតា ដែលថានៅពេលដែលអ្នកណាម្នាក់បដិសេធនមិនព្រមប្រើព្រះចេស្តាដែលព្រះបានប្រទានឲ្យ អំណាចនេះនឹងត្រូវពុករលួយនិងវិនាសបាត់ទៅ។ សេចក្តីពិតដែលមិនមានជីវិត ដែលមិនចាកចេញទៅ នឹងបាត់បង់អំណាចនៃការផ្តល់ជីវិត និងគុណសម្បត្តិនៃការប្រោសឲ្យជារបស់ខ្លួន។ ហេតុនេះការភ័យខ្លាចរបស់លោកប៉ុលគឺក្រែងលោកមិនបានបង្ហាញភាពគ្រប់លក្ខណ៍នៅក្នុងព្រះគ្រិស្ត ដល់មនុស្សរាល់គ្នា សេចក្តីសង្ឃឹមរបស់លោកប៉ុលគឺថាឋានសួគ៌នឹងត្រឡប់ជាស្រអាប់ នៅពេលដែលលោកបានសញ្ជឹងគិតអំពីការបរាជ័យទៅលើផ្នែកណាមួយរបស់លោក ដែលជាលទ្ធផលនៃការផ្តល់គំរូរបស់មនុស្សដល់ពួកជំនុំ ផ្ទុយពីជាគំរូរបស់ព្រះ ។ ចំណេះដឹងរបស់លោក វោហារ ការអស្ចារ្យ ទស្សននៃទស្សនីយភាពដ៏អស់កល្បរបស់លោក នៅពេលដែលលោកបានសម្លឹងមើលឋានសួគ៌ជាន់ទីបី ទាំងអស់នេះនឹងទៅជាឥតប្រយោជន៍ ប្រសិនបើអ្នកដែលលោកធ្វើការបម្រើខកខានមិនបានទទួលព្រះគុណរបស់ព្រះ ដោយសារតែភាពមិនស្មោះត្រង់ទៅនឹងការងាររបស់លោក។ ដូច្នេះហើយដោយពាក្យសម្តី និងដោយសំបុត្រ លោកបានអង្វរករដល់អ្នកដែលបានទទួលព្រះគ្រិស្តឲ្យស្វែងរកកិច្ចការដែលអាចនឹងធ្វើឲ្យពួកគេ «បានឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាននៅក្នុងដំណមនុស្សវៀច ហើយខិលខូច … ដូចជាតួពន្លឺនៅក្នុងលោក ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រិស្ត នោះឲ្យខ្ញុំបានសេចក្តីអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការជាឥតប្រយោជន៍ឡើយ» (ភីលីព ២:១៥, ១៦)។
គ្រូគង្វាលដ៏ស្មោះត្រង់គ្រប់រូបមានការទទួលខុសត្រូវយ៉ាងធ្ងន់ ចំពោះការជឿនលឿនខាងវិញ្ញាណនៃពួកជំនុំ ដែលនៅក្រោមការថែរក្សារបស់ខ្លួន ជាសេចក្តីប្រាថ្នាដ៏ទទូចដែលពួកគេគួរធ្វើការជាមួយនឹងព្រះ។ គេដឹងថាសុខុមាលភាពរបស់ពួកជំនុំពឹងផ្អែកទាំងស្រុងទៅលើការបំពេញកិច្ចការដែលព្រះប្រទានឲ្យដល់គ្រូគង្វាល។ លោកស្វះស្វែងលើកទឹកចិត្តដល់ពួកអ្នកជឿ ដោយស្មោះត្រង់និងមិនងាករេ ដោយមានបំណងចង់នេសាទមនុស្សថ្វាយព្រះគ្រិស្ត និងចងចាំថាមនុស្សរាល់គ្នា ដែលបន្ថែមទៅក្នុងពួកជំនុំ នឹងក្លាយទៅជាភ្នាក់ងារម្នាក់ទៀត សម្រាប់អនុវត្តផែនការនៃការប្រោសលោះ។
ដោយការចូលទៅសួរសុខទុក្ខពួកជំនុំនៅភីស៊ីឌា និងតំបន់ដែលនៅជុំវិញ លោកប៉ុល ស៊ីឡាស និងធីម៉ូថេ បានដើរកាត់ «ស្រុកព្រីគា និងដែនខេត្តកាឡាទី» ជាកន្លែងដែលពួកលោកបានប្រកាសពីដំណឹងល្អនៃសេចក្តីសង្រ្គោះដោយអំណាចដ៏អស្ចារ្យ។ ពួកស្រុកកាឡាទីបានបោះបង់ការថ្វាយបង្គំរូបព្រះចេញ ប៉ុន្តែ នៅពេលដែលពួកសាវ័កបានអធិប្បាយប្រាប់ពួកគេ គេមានអំណរជាមួយនឹងសារដែលបានសន្យាពីសេរីភាពចេញពីទាសករនៃអំពើបាប ។ លោក ប៉ុលនិងសហាការីរបស់លោកបានប្រកាសអំពីគោលលទ្ធិ នៃសេចក្តីសុចរិត ដោយសារសេចក្តីជំនឿនៅក្នុងតង្វាយយញ្ញបូជាឲ្យធួននឹងបាបរបស់ព្រះគ្រិស្ត។ ពួកគេបានបង្ហាញពីព្រះគ្រិស្តថាជាព្រះដែលបានទតឃើញស្ថានភាពអស់សង្ឃឹមរបស់មនុស្សលោក និងបានយាងមកដើម្បីប្រោសលោះបុរសនារីទាំងឡាយដោយលះបង់ព្រះជន្ម ក្នុងការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ និងដោយបង់ថ្លៃទណ្ឌកម្មនៃការមិនស្តាប់បង្គាប់។ ហើយនៅក្នុងពន្លឺនៃឋានសួគ៌ មនុស្សជាច្រើនដែលមិនធ្លាប់ស្គាល់សេចក្តីពិតរបស់ព្រះកន្លងមក បានចាប់ផ្តើមយល់ពីភាព ឧត្តមនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតា។
ដូច្នេះ លោកបានបង្រៀនដល់អ្នកស្រុកកាឡាទីអំពីសេចក្តីពិតដែលជាគ្រឹះ ទាក់ទងទៅនឹង «ព្រះវរបិតា» និង «ព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោសឲ្យយើងបានរួចពីលោកិយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង»។ «ដោយបានស្តាប់ ទាំងមានសេចក្តីជំនឿ» ពួកគេបានទទួលព្រះវិញ្ញាណនៃព្រះ ហើយបានក្លាយជា «ជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រិស្តយេស៊ូវ» (កាឡាទី ១:៣, ៤ និង ៣:២, ២៦)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ (កាឡាទី ៥:១៣)