កិច្ចការនៃពួកសាវ័ក (ជំពូកទី-២១)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៦:៧-៤០។
នៅភូមិភាគឯនាយ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តា ដែលបណ្តាលក្នុងយើងរាល់គ្នា។ អេភេសូរ ៣:២០
ពេលវេលាបានមកដល់ ដែលដំណឹងល្អត្រូវតែប្រកាសផ្សព្វផ្សាយឲ្យហួសពីព្រំដែនអាស៊ីកណ្តាល។ ផ្លូវបានរៀបចំរួចជាស្រេចសម្រាប់លោកប៉ុលនិងសហការីរបស់លោក ឲ្យឆ្លងចូលទៅកាន់ទឹកដីអឺរ៉ុប។ នៅតំបន់ត្រាអូស តាមព្រំប្រទល់សមុទ្រមេឌីទែរ៉ាណេ «នៅយប់នោះ ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង»។
ការអំពាវនាវនេះគឺជាការបង្គាប់បញ្ជា មិនអនុញ្ញាតឲ្យពន្យារពេលឡើយ។ លោកលូកាដែលបានរួមដំណើរជាមួយនឹងលោកប៉ុល ស៊ីឡាស និងធីម៉ូថេ ឆ្លងកាត់ទ្វីបអឺរ៉ុបបានមានប្រសាសន៍ថា «លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ ។ កាលបានចុះសំពៅចេញពីទ្រអាសទៅ នោះក៏តម្រង់ទៅឯកោះសាម៉ូត្រាស ហើយថ្ងៃក្រោយបានដល់នាប៉ូល ពីទីនោះ យើងក៏ទៅដល់ក្រុងភីលីពជាទីក្រុងលេខមួយក្នុងដែនខេត្តម៉ាសេដូន ដែលជាស្រុកចំណុះ ហើយយើងសំចតនៅទីនោះបានបួនដប់ថ្ងៃ»។
លោកលូកាបានបន្តថា «ដល់ថ្ងៃឈប់សម្រាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិដ្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗ ដែលប្រជុំគ្នា នោះមានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ា ជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្តីដែលប៉ុលអធិប្បាយ» នាងលីឌាបានទទួលសេចក្តីពិតដោយអំណរ ។ នាងនិងក្រុមគ្រួសារបានកែប្រែចិត្តហើយទទួលបុណ្យជ្រមុជទឹក ហើយនាងបានទទួចឲ្យពួកសាវ័កចាត់ទុកផ្ទះរបស់នាងដូចជាផ្ទះរបស់ពួកលោកដូច្នោះដែរ។
កាលពួកអ្នកនាំសារនៃឈើឆ្កាងបានធ្វើដំណើរបំពេញកិច្ចការប្រកាសដំណឹងល្អរបស់ពួកគេ មានស្រ្តីគ្រូទាយម្នាក់ដែលមានអារក្សចូលបានដើរតាមពួកលោកទាំងស្រែកថា «អ្នកទាំងនេះជាអ្នកបម្រើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ»។
ស្រ្តីនេះគឺជាភ្នាក់ងារពិសេសរបស់សាតាំង ហើយបាននាំប្រាក់ចំណូលជាច្រើនដល់ចៅហ្វាយរបស់នាង ដោយការទស្សទាយ ។ ឥទ្ធិពលរបស់នាងបានជួយពង្រឹងកម្លាំងដល់ការថ្វាយបង្គំរូបព្រះ។ សាតាំងបានដឹងថានគររបស់វាមានគេចូលឈ្លានពានហើយ ហើយវាក៏បានប្រើមធ្យោបាយនៃការប្រឆាំងទៅនឹងកិច្ចការរបស់ព្រះ ដោយសង្ឃឹមថានឹងបញ្ចូលពាក្យភូតកុហករបស់វាលាយឡំជាមួយនឹងសេចក្តីពិត ដែលបង្រៀនដោយពួកអ្នកដែលកំពុងប្រកាសផ្សាយសារនៃដំណឹងល្អ។ ពាក្យសម្តីដែលបញ្ចេញដោយស្រ្តីនោះគឺជាការបង្ខូចដល់បុព្វហេតុនៃសេចក្តីពិត ដោយរំខានដល់គំនិតរបស់ពួកបណ្តាជនពីការបង្រៀនរបស់ពួកសាវ័ក និងបាននាំមកនូវការប្រមាថដល់ដំណឹងល្អ ហើយដោយសារពាក្យសម្តីទាំងនេះ អាចនឹងនាំមនុស្សឲ្យជឿថាពួកសាវ័កដែលនិយាយដោយព្រះចេស្តារបស់ព្រះក៏ត្រូវបានបណ្តាលឡើងដោយអ្នកនាំពាក្យរបស់សាតាំងដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ (កាឡាទី ៥:១៣)