កិច្ចការនៃពួកសាវ័ក (ជំពូកទី-២១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។ អេភេសូរ ៤:៣២
នៅពេលជាមួយគ្នាដែលពួកសាវ័ករងទ្រាំនូវការប្រឆាំងនេះ លោកប៉ុលក៏បានបង្គាប់ឲ្យវិញ្ញាណអារក្សចេញពីស្រ្តីនោះ នៅក្រោមការបណ្តាលរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ភាពស្ងៀមស្ងាត់ភ្លាមៗរបស់នាងបានបញ្ជាក់ថាពួកសាវ័កគឺជាអ្នកបម្រើរបស់ព្រះ និងថាអារក្សបានទទួលស្គាល់ពួកគេថាយ៉ាងដូច្នោះ ហើយក៏បានស្តាប់តាមបង្គាប់របស់ពួកសាវ័កផងដែរ។
ដោយបានរួចពីវិញ្ញាណអារក្ស និងត្រូវបានស្តារឲ្យមានគំនិតធម្មតាដូចដើមឡើងវិញ ស្រ្តីនោះបានសម្រេចចិត្តធ្វើជាសិស្សរបស់ព្រះគ្រិស្ត។ បន្ទាប់មក ចៅហ្វាយរបស់នាងក៏បានដឹងពីអាជីវកម្មរបស់ពួកគេ។ ពួកគេបានមើលឃើញថាសេចក្តីសង្ឃឹមនៃការទទួលលុយមកពីការគន់គូរនិងការទស្សទាយរបស់នាងបានមកដល់ទីបញ្ចប់ហើយ ហើយថាប្រភពនៃប្រាក់ចំណូលរបស់ពួកគេនឹងត្រូវកាត់ផ្តាច់ទាំងស្រុងនៅពេលដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខាន ប្រសិនបើបណ្តោយឲ្យពួកសាវ័កនៅតែបន្តធ្វើការផ្សាយដំណឹងល្អតទៅទៀត។
មនុស្សជាច្រើននៅក្នុងទីក្រុងនេះ មានចំណាប់អារម្មណ៍ក្នុងការរកចំណូលតាមរយៈការបោកបញ្ឆោតរបស់សាតាំង ហើយពួកទាំងនេះបានបង្កើតជាសម្រែកប្រឆាំងទៅនឹងអ្នកបម្រើរបស់ព្រះយ៉ាងខ្លាំងក្លា ដោយភ័យខ្លាចចំពោះឥទ្ធិពលដែលអាចបញ្ឈប់កិច្ចការរកចំណូលរបស់ពួកគេយ៉ាងមានប្រសិទ្ធិភាព។ ពួកគេក៏បាននាំពួកសាវ័កមកកាន់តុលាការដោយចោទប្រកាន់ថា៖ «ពួកសាសន៍យូដាទាំងនេះនាំឲ្យទីក្រុងយើងកើតវឹកវរជាខ្លាំងណាស់គេប្រកាសប្រាប់ពីទំនៀមទម្លាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម»។
ដោយមានភាពវឹកវរដោយការរំជើបរំជួលនិងការភ្ញាក់ផ្អើល ហ្វូងមនុស្សបានក្រោកឈរឡើងប្រឆាំងនឹងពួកសាវ័ក។ វិញ្ញាណនៃហ្វូងមនុស្សដែលគ្មានសណ្តាប់ធ្នាប់បានទទួលជ័យជម្នះ ហើយត្រូវបានឯកភាពពីរដ្ឋអំណាច ដែលបានហែកអាវវែងរបស់ពួកសាវ័ក ហើយបានបង្គាប់ឲ្យតម្រួតវាយពួកគេ។ «ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័ត្នប្រយែង មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង»។
ពួកសាវ័កបានទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែស្នាមរបួសដ៏ឈឺចុកចាប់ ប៉ុន្តែ ពួកគេមិនបានត្អូញត្អែរឡើយ ។ ផ្ទុយទៅវិញ ពួកគេបានលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយពាក្យអធិដ្ឋាននិងបានច្រៀងសរសើរតម្កើងដល់ព្រះ នៅក្នុងបន្ទប់ឃុំឃាំងយ៉ាងងងឹតនិងពោរពេញទៅដោយទុក្ខសោក ពីព្រោះពួកគេបានរកឃើញតម្លៃនៃការទទួលរងនូវភាពអាម៉ាស់ ដើម្បីជាប្រយោជន៍របស់ព្រះគ្រិស្ត។ ចិត្តរបស់ពួកគេមានពេញដោយភាពរីករាយនៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងស្មោះត្រង់ ក្នុងបុព្វហេតុនៃព្រះដ៏ប្រោសលោះរបស់ពួកគេ ។ លោកប៉ុលបានគិតអំពីការធ្វើទុក្ខបៀតបៀនដែលលោកធ្លាប់ធ្វើជាឩបករណ៍បម្រើ ក្នុងការនាំយកការបៀតបៀនទាំងនោះមកលើពួកសាវ័ក របស់ព្រះគ្រិស្ត ហើយលោកមានអំណរដែលព្រះបានបើកភ្នែកលោកឲ្យមើលឃើញ ហើយចិត្តលោកបានដឹងអំពីព្រះចេស្តានៃសិរីរុងរឿងនៃសេចក្តីពិត ដែលលោកធ្លាប់បានប្រមាថ។
អ្នកទោសដទៃទៀតបានឮសំឡេងអធិដ្ឋាននិងចម្រៀងចេញពីក្នុងបន្ទប់ឃុំឃាំង ដោយការភ្ញាក់ផ្អើល ។ ពួកគេធ្លាប់តែបានឮសំឡេងថ្ងូរនិងសំឡេងយំទួញ ដាក់បណ្តាសានិងស្បថស្បែ បន្លឺកាត់ភាពស្ងៀមស្ងាត់នៃរាត្រីកាល ប៉ុន្តែ ពួកគេមិនធ្លាប់បានឮសំឡេងអធិដ្ឋាន និងចម្រៀងសរសើរតម្កើង អណ្តែតឡើងចេញពីបន្ទប់ឃុំឃាំងដូច្នេះឡើយ។ ពួកឆ្មាំគុកនិងពួកអ្នកទោសមានការងឿងឆ្ងល់ថាពួកទាំងនោះគឺជាអ្នកណា បានជាទោះបីជាមានការអត់ឃ្លាន និងទទួលទារុណកម្មយ៉ាងណាក៏ដោយ ក៏នៅតែមានអំណរដូច្នេះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ (កាឡាទី ៥:១៣)