ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២១)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក១០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត។ អេភេសូរ ៥:៩

ស្របពេលជាមួយគ្នានេះ ពួកតុលាការបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយអំណរ ដោយអបអរសាទរដល់ខ្លួនឯង ដែលបានបង្រ្កាបហ្វូងមនុស្សដែលច្របូកស្របល់បានដោយមធ្យោបាយម៉ឹងម៉ាត់និងជាបន្ទាន់ ។ ប៉ុន្តែ នៅតាមផ្លូវ ពួកគេបានឮមនុស្សមួយចំនួននៅតែព្រួយបារម្ភអំពីអត្តចរិត​និងកិច្ចការរបស់បុរសដែលពួកគេបានកាត់ទោសឲ្យទទួលទណ្ឌកម្មនិងជាប់គុកនោះ។ ពួកគេបានឃើញស្រ្តីដែលមានសេរីភាពពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានដោះលែងឲ្យមានទឹកមុខនិងអាការៈធម្មតាឡើងវិញ។ កាល​ពី​​ដើម នាងធ្លាប់តែបង្កបញ្ហាជាច្រើននៅក្នុងទីក្រុង តែឥឡូវនេះ នាងមានភាពស្ងៀមស្ងាត់និងមានសេចក្តីសុខសាន្ត។ ខណៈដែលពួកគេ​បានដឹងថា ពួកគេប្រហែលជាមានឱកាសទៅសួរសុខទុក្ខអ្នកទោសដែលគ្មានកំហុសទាំងពីរនាក់ ដែលរងទុក្ខទោសយ៉ាងធ្ងន់ធ្ងរ ដោយសារច្បាប់នៃទីក្រុងរ៉ូមនេះ ពួកគេបានតូចចិត្តនឹងខ្លួនឯងជាខ្លាំង ហើយបានតាំងចិត្តថានៅព្រឹកស្អែកពួកគេនឹងបង្គាប់ឲ្យដោះលែងពួកសាវ័កជាសម្ងាត់ ហើយការពារពួកគេចេញ​ពីទី​ក្រុង ឲ្យផុតពីគ្រោះថ្នាក់ដោយសារហ្វូងមនុស្សដែលច្របូកច្របល់នោះ។

ប៉ុន្តែ នៅពេលដែលមនុស្សប្រើអំពើឃោរឃៅ ចងគំនុំ បដិសេធយ៉ាងឧក្រិដ្ឋការទទួលខុសត្រូវយ៉ាងឩឡារិក ដែលធ្លាក់មករើពួកគេ ព្រះមិនបានបំភ្លេចប្រទានព្រះគុណដល់អ្នកបម្រើរបស់ទ្រង់ទេ។ ទេវតានៅឋានសួគ៌យកព្រះទ័យទុកដាក់ទៅនឹងមនុស្សដែលកំពុងឈឺចាប់ដោយសារព្រះគ្រិស្ត ហើយព្រះក៏បានចាត់ពួកទេវតាមកកាន់គុក។ ផែនដីបានញ័ររញ្ជួយនៅពេលពួកទេវតាបានដាក់ជើងជាន់ផែនដី។ រនុកទ្វារគុកធំៗបានរបើក ច្រវាក់និងខ្នោះបានរបូតចេញពីដៃនិងជើងរបស់ពួកអ្នកទោស ហើយពន្លឺដ៏ភ្លឺចែងចាំងបានបំភ្លឺពាសពេញទាំងគុក។

ពួកឆ្មាំបន្ទប់ឃុំឃាំងបានឮសំឡេងអធិដ្ឋានដ៏អស្ចារ្យរបស់ពួកសាវ័ក ដែលជាប់គុក។ នៅពេលមានការអនុញ្ញាតឲ្យចូលទៅខាងក្នុង ឆ្មាំគុកនោះ​បានឃើញស្នាមហើមនិងរបួសចេញឈាម ហើយបានដាក់ជើងរបស់ពួកអ្នកទោសជាប់ទៅនឹងខ្នោះ។ គេរំពឹងថានឹងឮតម្ងូរនិងបណ្តាសាយ៉ាង​ជូរចត់ ចេញពីមាត់ពួកគេ ប៉ុន្តែ ផ្ទុយទៅវិញ គេបានឮចម្រៀងនិងការសរសើរតម្កើងដោយអំណរទៅវិញ។ ដោយឮសំឡេងនេះនៅនឹងត្រចៀក អ្នកយាមបានសម្រាន្តលង់លក់នោះក៏បានភ្ញាក់ ដោយការរញ្ជួយដីនិងការញ័ររញ្ជួយនៃជញ្ជាំងគុក។

ដោយការចាប់ផ្តើមភ្ញាក់ផ្អើល គាត់បានឃើញទាំងភិតភ័យថា​ទ្វារគុក​បានរបើកទាំងអស់ ហើយការភ័យខ្លាចបានជះមកលើរូបគាត់ ក្រែងអ្នក​ទោស​​​រត់រួចអស់។ គាត់បាននឹកឃើញពីការទុកដាក់លោកប៉ុលនិង​ស៊ីឡាស់​មក​ក្នុងការយាមកាមរបស់គាត់ កាលពីយប់មិញ ហើយគាត់បានដឹងច្បាស់ថាសេចក្តីស្លាប់មុខជានឹងកើតឡើងដល់គាត់ដោយសារតែការធ្វេសប្រហែសរបស់គាត់នេះជាក់ជាមិនខាន។ គាត់បានគិតថាគាត់គួរតែស្លាប់​ដោយដៃ​ខ្លួនឯងប្រសើរជាងប្រគល់ខ្លួនឲ្យគេប្រហារជីវិតដោយគ្មានមេត្តា។ គាត់​បាន​​ដកដាវ បម្រុងនឹងសម្លាប់ខ្លួនឯងទៅហើយ ស្រាប់តែបានឮសំឡេង​លោក​ប៉ុល​ស្រែកឡើងដោយអំណរថា «កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះ​ទាំងអស់គ្នាទេ»។ មនុស្សបាននៅតាមកន្លែងរបស់គេរៀងៗខ្លួន ដែល​បង្ខាំង​​ដោយព្រះចេស្តារបស់ព្រះ តាមរយៈការខំប្រឹងប្រែងដោយ​អ្នកទោសរួម​គុក​ម្នាក់។

ការប្រព្រឹត្តទៅលើពួកសាវ័កយ៉ាងឈឺចាប់ ដោយឆ្មាំគុកមិនបានបង្កឲ្យមានការអាក់អន់ចិត្តឡើយ។ លោកប៉ុលនិងស៊ីឡាសមានវិញ្ញាណនៃព្រះគ្រិស្ត មិនមែនវិញ្ញាណនៃការសងសឹងទេ ។ ចិត្តរបស់លោកពោរពេញទៅដោយសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះ មិនមានកន្លែងទំនេរសម្រាប់ការព្យាបាទ តតាំងនឹងអ្នកធ្វើទុក្ខបៀតបៀនរបស់ពួកលោកឡើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ។ (កាឡាទី ៥:១៣​)

Powered by CAM