ថ្ងៃព្រហស្បតិ៍ ទី០៣​ ខែកញ្ញា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៧)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៣:៤-៥២។​

ការប្រកាសដំណឹងល្អ

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទាំង​ពាក់​សេចក្តី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្តី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង។ អេភេសូរ ៦:១៥

«ដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ» បន្ទាប់ពីពិធីបំពេញសិទ្ធិរបស់ពួកលោករួចមក លោកប៉ុលនិងបាណាបាស «ក៏ចុះទៅដល់សេលើស៊ា នៅ​ទីនោះ គេចុះសំពៅចេញទៅឯកោះគីប្រុស»។ ដូច្នេះ សាវ័កទាំងពីរ​នាក់ក៏បានចាប់ផ្តើមដំណើរជាបេសកជនរបស់លោក។

កោះគីប្រុសគឺជាកន្លែងដែលពួកអ្នកជឿបានរត់គេចខ្លួន ចេញពីទីក្រុង​យេរូសាឡិម ដោយសារការបៀតបៀន បន្ទាប់ពីមរណភាព​របស់លោក​ស្ទេផានមក។ គឺកោះគីប្រុសនេះហើយដែលមនុស្សមួយចំនួនបានធ្វើដំណើរទៅកាន់ទីក្រុងអាន់ទីយ៉ូក «ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ» (កិច្ចការ ១១:២០)។

បាណាបាសគឺជាអ្នក «ដែលកើតនៅកោះគីប្រុស» (កិច្ចការ ៤:៣៦) ហើយឥឡូវនេះ លោកនិងលោកប៉ុល អមដំណើរដោយលោក​យ៉ូហាន​ម៉ាកុស ដែលជាញាតិសន្តាននឹងលោកបាណាបាសបានមកធ្វើទស្សនកិច្ចនៅកោះនេះ។

ម្តាយរបស់លោកម៉ាកុសគឺជាអ្នកដែលបានផ្លាស់ប្តូរជំនឿមកកាន់សាសនាគ្រិស្ត ហើយផ្ទះរបស់លោកស្រីនៅទីក្រុងយេរូសាឡិមគឺជាទីស្នាក់អាស្រ័យរបស់ពួកសាវ័ក។ នៅទីនោះ ពួកគេតែងតែទទួលបាននួវការស្វាគមន៍យ៉ាងរាក់ទាក់ និងមានពេលសម្រាកយ៉ាងល្អ។ គឺនៅក្នុងអំឡុងពេលនៃការសួរសុខទុក្ខមួយរបស់ពួកសាវ័ក មកកាន់ផ្ទះម្តាយរបស់លោកនេះហើយ ដែលលោកម៉ាកុសបានស្នើសុំដល់លោកប៉ុល និងបាណាបាសឲ្យលោកបានរួមដំណើរជាមួយពួកគាត់ ក្នុងដំណើរបេសកជនរបស់ពួកលោកផង។ គាត់បានដឹងពីកិច្ចការរបស់ព្រះនៅក្នុងចិត្ត ហើយចង់លះបង់ខ្លួនឯងទាំងស្រុងដើម្បីបំពេញកិច្ចការផ្សាយដំណឹងល្អ។

កាលបានមកដល់សាឡាមីនហើយ ពួកសាវ័ក «គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហាន​ជា​អ្នក​ជំនួយដែរ កាលបានដើរកាត់កោះទៅ ត្រឹមប៉ាផុសហើយ នោះក៏ប្រទះ​នឹងសាសន៍យូដាម្នាក់ ដែលធ្វើជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ​យេស៊ូវ គ្រូនោះនៅជាមួយនឹងអ្នកតំណាងជាតិរ៉ូមម្នាក់ ឈ្មោះ​ស៊ើគាស​ប៉ូឡូស ជាអ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស និងសុលមក ដើម្បី​ចង់​ស្តាប់ព្រះបន្ទូល តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះ​ប្រែ​មក​ដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេ ដើម្បីបង្វែរលោកមិនឲ្យជឿ»។

សាតាំងមិនបានបណ្តោយឲ្យពួកសាវ័កស្ថាបនានគររបស់ព្រះ នៅលើផែនដីនេះដោយមិនមានឧបសគ្គនោះទេ។ កងកម្លាំងរបស់អារក្សបានចូលរួមឥតឈប់ឈរ នៅក្នុងសង្រ្គាមប្រឆាំងនឹងភ្នាក់ងារដែលព្រះបានតែងតាំងឲ្យផ្សព្វផ្សាយដំណឹងល្អ ហើយអំណាចនៃសេចក្តីងងឹតទាំងនេះបញ្ចេញសកម្មភាពជាពិសេស នៅពេលដែលសេចក្តីពិតត្រូវបានប្រកាសនៅចំពោះមុខមនុស្សដែលមានគេរាប់អានច្រើន និងមានកេរ្តិ៍ឈ្មោះនិងលុយកាក់ច្រើន។ រឿងនេះបានកើតឡើងនៅពេលដែលស៊ើគាសប៉ូឡូស ជាតំណាងនៅកោះគីប្រុសកំពុងស្តាប់សារនៃដំណឹងល្អ។ អ្នកដែលជាតំណាងនោះបានចាត់គេឲ្យទៅហៅពួកសាវ័ក ដើម្បីមកបង្ហាត់បង្រៀនដល់លោកអំពីសារដែលពួកគេមក ដើម្បីនឹងផ្សព្វផ្សាយ ប៉ុន្តែ ឥឡូវនេះ កងកម្លាំងរបស់អារក្សកំពុងធ្វើការតាមរយៈអេលីម៉ាស ជាគ្រូអាបធ្មប់នោះ ដោយបានធ្វើការស្នើយោបល់អាក្រក់ដើម្បីបង្វែរលោកពីជំនឿ ហើយបានរំខានដល់ព្រះរាជគោលបំណងរបស់ព្រះវិញ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​យក​សេចក្តី​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះបន្ទូល។ (អេភេសូរ ៦:១៧)

Powered by CAM