ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២១)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី១ ជំពូក១១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ។ កូឡូស ៣:២

ឆ្មាំគុកបានទម្លាក់ដាវចុះ ហើយប្រាប់ឲ្យគេយកភ្លើងមកបំភ្លឺក្នុងគុកជ្រៅ។ គាត់អាចមើលឃើញលក្ខណៈរបស់ពួកសាវ័កដែលបានប្រព្រឹត្តសប្បុរស តបទៅនឹងអំពើឃោរឃៅដែលខ្លួនបានទទួល។ ដោយបានចូលទៅកាន់ទីកន្លែងដែលពួកសាវ័កនៅ ហើយលុតជង្គង់នៅចំពោះពួកលោក ឆ្មាំគុក​បាន​សុំការអត់ឱនទោស ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តមកលើរូបលោក។ បន្ទាប់មកបាននាំលោកចេញទៅក្រៅ រួចសួរថា «លោកម្ចាស់​អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង?»

ឆ្មាំគុកបានញ័ររន្ធត់ នៅពេលគាត់បានឃើញសេចក្តីក្រោធរបស់ព្រះដែលបានបង្ហាញនៅក្នុងការរញ្ជួយដី កាលគាត់បានគិតថា​អ្នកទោសរត់រួច​អស់​ហើយ គាត់បម្រុងនឹងសម្លាប់ខ្លួន ប៉ុន្តែ ឥឡូវនេះជាមួយនឹងការភ័យខ្លាចថ្មី និងចម្លែក ដែលបានធ្វើឲ្យរំជួលចិត្តរបស់គាត់ ឆ្មាំគុកនេះប្រាថ្នាចង់បាន​ភាពស្ងប់សុខនិងភាពរីករាយដែលពួកសាវ័កបានបង្ហាញ នៅក្រោមការឈឺចាប់និងការរំលោភបំពាននោះដែរ។ គាត់បានឃើញពន្លឺនៃឋានសួគ៌នៅនឹង​ទឹក​មុខរបស់ពួកលោក គាត់បានដឹងថាព្រះបានយាងចូលមកគង់នៅកណ្តាល​លក្ខណៈដ៏អស្ចារ្យនេះ ដើម្បីជួយសង្រ្គោះជីវិតរបស់ពួកលោក ហើយពាក្យពេចន៍ដែលស្រ្តីមានអារក្សចូលបានចូលមកក្នុងគំនិតរបស់លោកថា ៖ «អ្នកទាំងនេះជាអ្នកបម្រើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ»។

គាត់បានសួរដល់សាវ័កអំពីផ្លូវនៃជីវិតដោយបន្ទាបខ្លួនយ៉ាងទន់ទាប។ ពួកសាវ័កបានឆ្លើយតបទៅវិញថា «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រិស្តទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង»។ ហើយ «គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់គាត់ និងពួកគ្រួគាត់ទាំងអស់ដែរ»។ បន្ទាប់មក ឆ្មាំគុកក៏បានលាងរបួសឲ្យពួកសាវ័ក ហើយបានបម្រើលោក ក្រោយមកទៀត ពួកសាវ័កបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យគាត់ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងអស់ផង។ ឥទ្ធិពលដ៏បរិសុទ្ធដែលបានសាយភាយឡើងដោយខ្លួនឯងនៅក្នុងចំណោមអ្នកជាប់គុកជាមួយគ្នា និងដល់គំនិតរបស់មនុស្សទាំងឡាយដែលបានស្តាប់សេចក្តីពិតដែលបាននិយាយដោយពួកសាវ័ក។ ពួកគេបានដឹងថាព្រះដែលបុរសទាំងនេះបម្រើបានរំដោះពួកគេដ៏អស្ចារ្យឲ្យរួចពីចំណង។

ពួកបណ្តាជននៅក្រុងភីលីព មានការរន្ធត់ជាខ្លាំងដោយការរញ្ជួយដី លុះព្រឹកឡើងនាយតម្រួតពន្ធនាគារបានជម្រាបតុលាការអំពីរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបានចាត់នាយតម្រួតឲ្យដោះលែងពួកសាវ័ក។ ប៉ុន្តែ លោកប៉ុលបានមាន​ប្រសាសន៍​ថា «ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្តាលជំនុំ ឥតមាន​កាត់​ទោស ហើយបានដាក់គុកយើងផង ដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសម្ងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ»។

ពួកសាវ័កជាសាសន៍រ៉ូម ហើយគ្មានច្បាប់ដែលត្រូវវាយសាសន៍រ៉ូម ឬឃុំខ្លួនពីបទឧក្រិដ្ឋជាក់ស្តែង ឬដោះលែងដោយមិនកាត់ទោសឲ្យបានត្រឹមត្រូវនោះឡើយ ។ លោកប៉ុលនិងស៊ីឡាសត្រូវបានដោះលែងពីគុកជាសាធារណៈ ហើយឥឡូវនេះ ពួកលោកបដិសធមិនព្រមឲ្យគេដោះលែងស្ងាត់ៗ ដោយមិនបានពន្យល់ឲ្យបានត្រឹមត្រូវពីសំណាក់តុលាការឡើយ។

នៅពេលពាក្យលោកត្រូវបានគេពាំនាំទៅប្រាប់ដល់រដ្ឋអំណាច ពួក​គេ​បានភ្ញាក់ផ្អើល ក្រែងពួកសាវ័កឡើងឩទ្ធរដល់ព្រះចៅអធិរាជ ហើយក៏បាន​ទៅកាន់ពន្ធនាគារភ្លាម ពួកគេបានសុំទោសលោកប៉ុលនិងស៊ីឡាស ចំពោះអំពើអយុត្តិធម៌និងភាពឃោរឃៅដែលពួកគេបានប្រព្រឹត្តទៅលើពួកលោកដោយផ្ទាល់ ហើយបាននាំពួកលោកចេញពីគុក ដោយអង្វរករសុំឲ្យពួកលោកចេញពីទីក្រុងទៅ ។ ពួកតុលាការបានភ័យខ្លាចចំពោះឥទ្ធិពលរបស់ពួកសាវ័កទៅលើពួកបណ្តាជន ហើយពួកគេក៏បានភ័យខ្លាចចំពោះអំណាចរបស់ព្រះ ដែលបានធ្វើការជំនួសបុរសដែលគ្មានកំហុសទាំងនេះផងដែរ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ។ (កាឡាទី ៥:១៣​)

Powered by CAM