ថ្ងៃសុក្រ ទី០៤​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៧)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ថែម​ទាំង​យក​សេចក្តី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយសារ​ខែល​នោះ​បាន។ អេភេសូរ ៦:១៦

ដូច្នេះ កម្លាំងរបស់អារក្សតែងតែធ្វើការដើម្បីរក្សាមនុស្សដ៏មានឥទ្ធិពល ដែលអាចចុះចូលជាមួយនឹងកិច្ចការរបស់ព្រះដ៏មានប្រសិទ្ធិភាព ប្រសិន​បើមនុស្សនោះបានកែប្រែជំនឿ។ ប៉ុន្តែ អ្នកបម្រើដំណឹងល្អមិនត្រូវភ័យខ្លាចបរាជ័យដោយដៃសត្រូវទេ ព្រោះពួកគេមានឯកសិទ្ធិក្នុងការទទួលព្រះចេស្តា​ពីឋានលើ ដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលរបស់អារក្ស។

ទោះបីជាមានការរំខានយ៉ាងឈឺចាប់ពីសំណាក់សាតាំងក៏ដោយ ក៏​លោក​​ប៉ុលនៅតែមានសេចក្តីក្លាហាន ក្នុងការស្តីបន្ទោសដល់អ្នកដែលសត្រូវកំពុងប្រើប្រាស់នោះដែរ ។ សាវ័កប៉ុល «បានពេញជាព្រះវិញ្ញាណ​បរិសុទ្ធ ក៏សម្លឹងមើលទៅគ្រូនោះ ដោយនិយាយថា នែមនុស្សដែល​ពេញ​ដោយកិច្ចកល និងសេចក្តីល្បិចគ្រប់យ៉ាង ជាកូននៃអារក្ស ហើយជាខ្មាំងសត្រូវដល់គ្រប់ទាំងសេចក្តីសុចរិតអើយ តើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬអី មើលឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗ ហើយងងឹតសូន្យទៅរួចក៏ដើរវិលវល់​​រកអ្នកណាឲ្យដឹកដៃ កាលលោកដំណាងជាតិឃើញ ការដែលកើត​មក​ដូច្នោះ នោះក៏ជឿ ព្រមទាំងមានសេចក្តីអស្ចារ្យក្នុងចិត្ត អំពីសេចក្តីបង្រៀនរបស់ព្រះអម្ចាស់ផង»។

គ្រូធ្មប់នោះបានបិទភ្នែករបស់គាត់នៅចំពោះភស្តុតាងនៃសេចក្តីពិត ខាងដំណឹងល្អ ហើយដោយសេចក្តីក្រោធដ៏សុចរិតរបស់ទ្រង់ ព្រះជាម្ចាស់បានបណ្តាលឲ្យភ្នែកកំណើតរបស់គាត់ត្រូវបានបិទមើលពន្លឺថ្ងៃលែងឃើញ ។ ការងងឹតភ្នែកនេះមិនបាននៅជាអចិន្ត្រៃយ៍ទេ គឺនៅតែមួយរយៈប៉ុណ្ណោះ ដើម្បីឲ្យគ្រូធ្មប់នោះត្រូវបានព្រមានឲ្យកែប្រែចិត្ត ហើយស្វែងរកការអត់ទោសពីព្រះដែលគាត់បានប្រឆាំងយ៉ាងធ្ងន់ធ្ងរនោះ។ ការភ័ន្តភាំងដែល​បានកើត​ឡើងដល់គាត់យ៉ាងដូច្នេះ បានធ្វើឲ្យភាពប៉ិនប្រសប់របស់គាត់លែង​មានឥទ្ធិពលប្រឆាំងនឹងគោលលទ្ធិរបស់ព្រះគ្រិស្តបានទៀត។ រឿងពិតដែលគាត់ត្រូវតែរាវផ្លូវដោយភាពងងឹតដូច្នេះ បានបង្ហាញដល់មនុស្សទាំងអស់​ថា​ការអស្ចារ្យដែលពួកសាវ័កបានធ្វើ ត្រូវបាននាំមកដោយព្រះចេស្តារបស់​ព្រះ ហើយដែលអេលីម៉ាសបានប្រកាសថាជាដៃដ៏ប៉ិនប្រសប់។ អ្នកតំណាងនោះបានទទួលជឿសេចក្តីពិតដែលពួកសាវ័កបានបង្រៀន ហើយក៏បាន​ទទួល​ដំណឹងល្អ។

អេលីម៉ាសជាមនុស្សមិនមានចំណេះដឹងទេ ហើយជាមនុស្សដែលសមនឹងធ្វើកិច្ចការរបស់សាតាំង។ អ្នកដែលអធិប្បាយអំពីសេចក្តីពិតរបស់ព្រះ នឹងជួបប្រទះនឹងសត្រូវដែលមានឧបាយកលនៅក្នុងទម្រង់ខុសៗគ្នាជាច្រើន ជួនកាលសត្រូវនោះអាចជាមនុស្សមានចំណេះដឹង ប៉ុន្តែ ជាញឹកញាប់ ជា​មនុស្សដែលល្ងិតល្ងង់ ដែលសាតាំងបានបង្វឹកឲ្យក្លាយទៅជាឧបករណ៍ដ៏មានជោគជ័យរបស់វា សម្រាប់បោកបញ្ឆោតមនុស្ស។ គឺជាភារកិច្ចរបស់អ្នកបម្រើការងាររបស់ព្រះគ្រិស្តដែលត្រូវឈរយ៉ាងស្មោះត្រង់នៅនឹងកន្លែងរបស់ខ្លួន ដោយកោតខ្លាចព្រះនិងនៅក្នុងព្រះចេស្តានៃឫទ្ធានុភាពរបស់ទ្រង់។ ធ្វើដូច្នេះ អ្នកនោះអាចនឹងធ្វើឲ្យពួកទេវតារបស់សាតាំងច្របូកច្របល់ ហើយនឹងមានជោគជ័យដោយនូវព្រះនាមនៃព្រះជាម្ចាស់ផង។

លោកប៉ុលនិងគូកនរបស់លោកបានបន្តដំណើរទៅពើកា នៅស្រុក​ប៉ាមភីលា។ ផ្លូវដែលពួកគេត្រូវធ្វើដំណើរនោះពិបាកខ្លាំងណាស់ ពួកគេបានជួបប្រទះនឹងការពិបាកនិងការខ្វះខាតជាច្រើន ហើយត្រូវប្រឈមតទល់នឹងគ្រោះថ្នាក់មកពីគ្រប់ទិសទីថែមទៀតផង។ នៅក្នុងទីក្រុងនិងទីប្រជុំជនដែលពួកគេបានឆ្លងកាត់ និងនៅតាមផ្លូវដ៏ស្ងាត់ជ្រងំ ពួកគេត្រូវបានសត្រូវហ៊ុំព័ទ្ធជុំវិញ ទាំងសត្រូវដែលមើលឃើញនិងសត្រូវដែលមើលមិនឃើញ ។ ប៉ុន្តែ លោកប៉ុលនិងបាណាបាសបានរៀនទុកចិត្តលើព្រះចេស្តារបស់ព្រះឲ្យជួយ​រំដោះ។ ចិត្តរបស់ពួកលោកពោរពេញទៅដោយសេចក្តីស្រឡាញ់យ៉ាងក្លៀវក្លា ដល់ពួកមនុស្សដែលត្រូវវិនាស ។ ក្នុងនាមជាអ្នកគង្វាលដ៏ស្មោះត្រង់ដែលស្វែងរកចៀមបាត់បង់ ពួកលោកមិនបានគិតគូរពីភាពស្រណុកសុខស្រួលផ្ទាល់ខ្លួនទេ។ ដោយបានបំភ្លេចភាពសុខស្រួលផ្ទាល់ខ្លួន ពួកលោកមិនបាន​ស្ទាក់ស្ទើរឡើយ ទោះបីជាមានការហត់នឿយ ការស្រេកឃ្លាន ឬក្តៅត្រជាក់​យ៉ាងណាក៏ដោយ ពួកលោកគិតតែពីវត្ថុបំណងមួយប៉ុណ្ណោះ គឺសេចក្តីសង្រ្គោះដល់អ្នកដែលបានវង្វេងចេញពីហ្វូង។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​យក​សេចក្តី​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះបន្ទូល។ (អេភេសូរ ៦:១៧)

Powered by CAM