ថ្ងៃសៅរ៍ ទី០៥​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៧)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១១

គឺនៅទីនោះហើយដែលលោកម៉ាកុសមានការភ័យខ្លាច និងបាក់​ទឹក​ចិត្ត ដោយស្ទាក់ស្ទើរក្នុងការថ្វាយខ្លួនដាច់ដល់កិច្ចការរបស់ព្រះជាម្ចាស់ មួយរយៈ ។ ដោយមិនធ្លាប់ជួបប្រទះនឹងការពិបាក លោកបានរួញរា​ដោយ​ការវេទនា និងការខ្វះខាតនៅតាមផ្លូវ។ លោកធ្លាប់ធ្វើការមានជោគជ័យ នៅក្រោមបរិយាកាសសុខស្រួល ប៉ុន្តែ ឥឡូវនេះនៅកណ្តាលការប្រឆាំងនិងសេចក្តីវេទនា ដែលតែងតែឡោមព័ទ្ធពួកអ្នកត្រួសត្រាយផ្លូវ លោក​មិន​អាចទ្រាំទ្រនិងការពិបាក ក្នុងឋានៈជាទាហានដ៏ក្លាហានរបស់ឈើឆ្កាងបានឡើយ។ លោកមិនធ្លាប់បានរៀនប្រឈមនឹងគ្រោះថ្នាក់ និងការធ្វើទុក្ខ​បៀត​បៀន ព្រមទាំងភាពខ្វះខាតដោយចិត្តក្លាហានទេ។ ខណៈដែល​ពួកសាវ័ក​បានបោះជំហានទៅមុខ ហើយត្រូវឆ្លងកាត់ការពិបាកៗជាច្រើន នោះលោក​ម៉ាកុសភ័យតក់ស្លុត បាត់បង់ភាពក្លាហាន ហើយប្រកែកលែងទៅមុខទៀត រួចក៏បានវិលត្រឡប់ទៅកាន់ទីក្រុងយេរូសាឡិមវិញ។

ការរត់ចោលជួរនេះបានធ្វើឲ្យលោកប៉ុលថ្កោលទោសលោកម៉ាកុសមិនត្រឹមត្រូវ និងយ៉ាងធ្ងន់ធ្ងរមួយរយៈ។ ម្យ៉ាងវិញទៀត លោកបាណាបាស ចង់អត់ទោសឲ្យគាត់ដោយសារបទពិសោធន៍របស់លោកម៉ាកុស។ លោក​ខ្វល់​ខ្វាយជាខ្លាំង ព្រោះលោកម៉ាកុសមិនត្រូវបោះបង់ការងារទេ ដ្បិតលោកបានមើលឃើញលោកម៉ាកុសមានគុណសម្បត្តិអាចក្លាយទៅជាអ្នកធ្វើការថ្វាយព្រះគ្រិស្តដ៏មានជោគជ័យ ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះបានប្រទានរង្វាន់ដ៏បរិបូរដល់ការយកចិត្តទុកដាក់របស់លោកជំនួសលោកម៉ាកុសនេះ ព្រោះយុវជននេះបានលះបង់ខ្លួនឯងដល់ព្រះជាម្ចាស់និងដល់កិច្ចការផ្សាយសារនៃដំណឹងល្អ ដោយឥតស្តាយស្រណោះ នៅកន្លែងដែលពិបាកៗ។ នៅ​ក្រោម​ការប្រទានព្រះពររបស់ព្រះ និងក្រោមការបង្ហាត់បង្រៀនរបស់លោកបាណាបាស ម៉ាកុសបានរីកចម្រើនក្លាយទៅជាអ្នកបម្រើការដ៏មានតម្លៃ។

ក្រោយមកទៀត លោកប៉ុលបានផ្សះផ្សាជាមួយនឹងម៉ាកុស ហើយបានទទួលយកលោកជាអ្នករួមការងារជាថ្មីឡើងវិញ ។ លោកក៏បានណែនាំឲ្យពួកជំនុំនៅទីក្រុងកូឡូសទទួលស្គាល់ម៉ាកុសថាជាអ្នករួមការងារ «ឯពួកអ្នកដែលធ្វើការជាមួយនឹងខ្ញុំខាងឯនគរព្រះ មានតែប៉ុណ្ណឹងទេ» ដែល «កម្សាន្ត​ចិត្តខ្ញុំ» (កូឡូស ៤:១១) ។ មុនពេលរៀបស្លាប់ លោកប៉ុលបានមានប្រសាសន៍អំពីម៉ាកុសម្តងទៀត ថា «ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ» (ធីម៉ូថេទី២ ៤:១១)។

បន្ទាប់ពីម៉ាកុសបានចាកចេញទៅ លោកប៉ុលនិងបាណាបាសបានធ្វើដំណើរទៅអាន់ទីយ៉ូកវិញនៅស្រុកពីស៊ីឌា នៅថ្ងៃសប្បាតហ៍លោកទាំងពីរបានទៅសាលាប្រជុំនៃសាសន៍យូដា ហើយបានអង្គុយចុះ។ «ក្រោយការ​ដែល​អានមើលក្រឹត្យវិន័យ និងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្សឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្តីអ្វីនឹងទូន្មានដល់ពួកជន នោះ សូមបងប្អូនមានប្រសាសន៍ចុះ» ។ ដោយបានទទួលការអញ្ជើញឲ្យនិយាយដូច្នេះ «ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសម្គាល់នឹងដៃ និយាយថា ពួក​សាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូម​ស្តាប់​ចុះ»។ បន្ទាប់មក លោកបានថ្លែងសន្ទរកថាដ៏អស្ចារ្យ។ លោកបានបន្តផ្តល់រឿងរ៉ាវអំពីលក្ខណៈដែលព្រះជាម្ចាស់បានដោះស្រាយជាមួយនឹងសាសន៍យូដាតាំងពីសម័យនៃការរំដោះរបស់ពួកគេចេញពីចំណងទាសករនៅស្រុកអេស៊ីព្ទ និងពីសេចក្តីសន្យានៃព្រះអង្គសង្រ្គោះនិងពូជនៃសេ្តចដាវីឌ ហើយ​លោកបានប្រកាសដោយក្លាហានថា «គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះមួយអង្គ ដល់សាសន៍អ៊ីស្រាអែល តាម​សេចក្តីសន្យា គឺជាព្រះយេស៊ូវ តែមុនដែលទ្រង់យាងមក នោះលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយ កាលលោកយ៉ូហានកំពុងតែធ្វើសម្រេចការងារ នោះលោកមានប្រសាសន៍ថា តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា ខ្ញុំមិនមែន​ជាព្រះអង្គនោះទេ តែមើល ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង»។ ដូច្នេះ លោកបានអធិប្បាយអំពីព្រះយេស៊ូវថាជាព្រះអង្គសង្រ្គោះនៃមនុស្ស ជាព្រះមែស្ស៊ីតាមបទទំនាយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​យក​សេចក្តី​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះបន្ទូល។ (អេភេសូរ ៦:១៧)

Powered by CAM