ថ្ងៃអាទិត្យ ទី០៦​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៧)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រម​ទាំង​ប្រើ​សេចក្តី​អធិស្ឋាន និង​សេចក្តី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះវិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។ អេភេសូរ ៦:១៨

ដោយបានធ្វើការប្រកាសនេះ លោកប៉ុលបានមានប្រសាសន៍ថា «ឱ​បង​ប្អូន ជាកូនចៅពូជអ័ប្រាហាំ និងអស់អ្នកក្នុងពួកអ្នករាល់គ្នា ដែលកោតខ្លាច​ដល់ព្រះអើយ ទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្តីសង្គ្រោះនេះ មកដល់អ្នក​រាល់​គ្នា ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្តីទំនាយរបស់ពួកហោរា ដែល​គេមើលរាល់តែថ្ងៃឈប់សម្រាកដែរ បានជាគេធ្វើសម្រេច​តាមសេចក្តី​ទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់»។

លោកប៉ុលមិនញញើតនឹងនិយាយត្រង់ៗពីសេចក្តីពិតដែលទាក់ទងនឹងការបដិសេធន៍ព្រះអង្គសង្រ្គោះ របស់ពួកមេដឹកនាំសាសនាយូដាឡើយ។ សាវ័កប៉ុលបានមានប្រសាសន៍ថា «ហើយទោះបើគេរកហេតុអ្វីនឹងសម្លាប់ទ្រង់មិនបានក៏ដោយ គង់តែគេសូមអង្វរដល់លោកពីឡាត់ ឲ្យបានសម្លាប់​ទ្រង់ដែរ ក្រោយដែលគេធ្វើសម្រេចគ្រប់សេចក្តីដែលចែងទុកពីទ្រង់រួចហើយ នោះគេក៏យកទ្រង់ចុះពីឈើឆ្កាងមកបញ្ចុះក្នុងផ្នូរ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយទ្រង់លេចមក ឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីឡេ មកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់បានឃើញជាយូរថ្ងៃ អ្នកទាំងនោះជាស្មរបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយ»។

សាវ័កនេះបានបន្តទៀតថា «យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នក​រាល់​គ្នា គឺជាសេចក្តីសន្យា ដែលបានតាំងនឹងពួកអយ្យកោយើងថា ព្រះបានធ្វើសម្រេចតាមសេចក្តីសន្យាទ្រង់ ដល់យើងជាពូជនៃពួកអយ្យកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមាន​សេចក្តី​ចែងទុកមក» ក្នុងគម្ពីរទំនុកតម្កើងជំពូកទីពីរថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ហើយដែលព្រះបានប្រោស ឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្តីពុករលួយទៀតឡើយ នោះទ្រង់មានព្រះបន្ទូលដូច្នេះថា «អញនឹងផ្តល់សេចក្តីមេត្តាករុណាស្មោះត្រង់ដែលឲ្យដល់ដាវីឌ ដល់ឯងរាល់គ្នាដែរ» ហេតុដូច្នេះបានជាទ្រង់មានព្រះបន្ទូលក្នុងបទមួយទៀតថា «ទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ ឃើញ​សេចក្តីពុករលួយឡើយ រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារ​ចំពោះ​មនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានប្រមូលទៅមូលនឹងពួកអយ្យកោទ្រង់ ក៏ឃើញសេចក្តី​ពុករលួយ​ដែរ»។

បន្ទាប់ពីបាននិយាយត្រង់ៗអំពីបទទំនាយដែលពួកគេធ្លាប់បានដឹង ទាក់ទងនឹងព្រះមែស្ស៊ីរួចមក ឥឡូវនេះ លោកប៉ុលបានអធិប្បាយប្រាប់ពួកគេអំពីការកែប្រែចិត្តនិងការអត់ឱនទោសបាប តាមរយៈសេចក្តី​សុចរិតរបស់ព្រះយេស៊ូវដែលជាព្រះអង្គសង្រ្គោះ។ លោកបានមានប្រសាសន៍ថា «ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយ សូមជ្រាបថា ដែលមានសេចក្តី​ប្រោស​ឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារ​ព្រះអង្គ​នោះឯង មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជា​សុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រឹត្យវិន័យលោកម៉ូសេបានឡើយ»។

ព្រះវិញ្ញាណបានគង់ជាមួយនឹងសម្តីដែលលោកប៉ុលបាននិយាយ ហើយ​បានចាក់ចុចចិត្តមនុស្សជាច្រើន។ ការអំពាវនាវរបស់សាវ័កប៉ុល​អំពី​បទទំនាយ​នៃគម្ពីរសញ្ញាចាស់ និងការប្រកាសរបស់លោកថាបទទំនាយទាំងនេះត្រូវបានសម្រេចនៅក្នុងព្រះរាជកិច្ចរបស់ព្រះយេស៊ូវពីស្រុកណាសារ៉ែត បាននាំឲ្យមនុស្សជាច្រើនដែលកំពុងរង់ចាំព្រះមែស្ស៊ីដែលព្រះបានសន្យា ផ្លាស់ប្តូរជំនឿ ។ ហើយប្រសាសន៍នៃការធានាអះអាងរបស់លោកប៉ុល ដែលថា «ដំណឹល្អ» នៃសេចក្តីសង្រ្គោះគឺសម្រាប់សាសន៍យូដានិងសាសន៍ដទៃដូចៗគ្នា បាននាំមកនូវអំណរនិងសេចក្តីសង្ឃឹមដល់អ្នក​ដែលមិនបានរាប់បញ្ចូលទៅក្នុងពូជរបស់លោកអ័ប្រាហាំតាមសាច់ឈាម។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀតយើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នាឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការដែល​ឥត​ប្រយោជន៍​យ៉ាង​នេះទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង។ (កិច្ចការ ១៤:១៥)

Powered by CAM