ថ្ងៃច័ន្ទ ទី០៧​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៧)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះគ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ។ ភីលីព ១:២១

«កាលពួកសាសន៍យូដា បានចេញពីសាលាប្រជុំទៅហើយ នោះពួក​សាសន៍ដទៃ ក៏សូមឲ្យប៉ុលអធិប្បាយ តាមសេចក្តីទាំងនោះ នៅថ្ងៃឈប់​សម្រាកមួយក្រោយទៀត»។ ទីចុងបំផុត ពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅ «នោះមានពួកសាសន៍យូដា និងពួកចូលសាសន៍ជាច្រើន ដែលមក​ថ្វាយបង្គំ គេដើរតាមប៉ុល និងបាណាបាស ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះ»។

អ្នកដែលបានភ្ញាក់រឭកដោយសង្កត់ថារបស់លោកប៉ុលនៅអាន់ទីយ៉ូក នៃស្រុកភីស៊ីឌា បានមកប្រជុំគ្នាម្តងទៀតនៅថ្ងៃសប្បាតហ៍ក្រោយ «នោះពួក​អ្នកក្រុងស្ទើរតែទាំងអស់ ក៏មកប្រជុំគ្នា ដើម្បីនឹងស្តាប់ព្រះបន្ទូល តែកាល​ពួកសាសន៍យូដា បានឃើញមនុស្សទាំងហ្វូងដូច្នេះ នោះកើតមានចិត្តពេញដោយសេចក្តីច្រណែន ហើយក៏ឆ្លើយទទឹងទាស់នឹងសេចក្តីដែលប៉ុលអធិប្បាយនោះ ទាំងជម្នះហើយប្រមាថផង»។

«ប៉ុន្តែ ប៉ុល និងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជម្រះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ ដ្បិតព្រះអម្ចាស់ ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថា អញបានតាំងឯងសម្រាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យឯងបានសម្រាប់ជាសេចក្តីសង្គ្រោះដល់ចុងផែនដីបំផុត»។

«កាលពួកសាសន៍ដទៃបានឮ ដូច្នេះ នោះគេមានសេចក្តីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ» ។ ពួកគេមានអំណរយ៉ាងក្រៃលែង ដែលព្រះគ្រិស្តបានទទួលស្គាល់ពួកគេថាជាកូនរបស់ព្រះ ហើយពួកគេបានស្តាប់ព្រះបន្ទួលដែលពួកសាវ័កបានអធិប្បាយដោយមានចិត្តអរព្រះគុណ ។ ពួកអ្នកដែលបានជឿមានចិត្តពុះកញ្រ្ជោលក្នុងការចែកចាយសារនៃដំណឹងល្អបន្តដល់អ្នកដទៃ ហើយដូច្នេះ «ព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុស​សាយ​ទូទៅពេញក្នុងស្រុកនោះ»។

ស្លាបប៉ាកាដែលព្រះវិញ្ញាណបានបណ្តាល បានរៀបរាប់ពីការជួប​ប្រជុំ​គ្នា​នៃ​សាសន៍ដទៃនេះជាច្រើនសតវត្សរ៍កន្លងមកហើយ ប៉ុន្តែ បទទំនាយដែលចេញពីមាត់ហោរានេះមិនសូវមានមនុស្សយល់ឡើយ។ លោកហូសេ​បានមានប្រសាសន៍ថា៖ «ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក នឹងកើត​មានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រ​អញ​ទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ» ។ ហើយម្តងទៀត៖ «អញនឹងសាបព្រោះពូជនាងនៅលើផែនដីសម្រាប់អញ រួចអញនឹងអាណិតមេត្តាដល់ពួកឡូរ៉ូហាម៉ា ហើយនិងនិយាយដល់​ពួក​ឡូអាំមីថា ឯងជារាស្រ្តរបស់អញ នោះគេនឹងឆ្លើយតបថា ទ្រង់ជាព្រះ​នៃ​យើង​ខ្ញុំ» (ហូសេ ១:១០ និង ២:២៣)។

នៅក្នុងព្រះរាជកិច្ចរបស់ព្រះអង្គនៅលើផែនដី ព្រះអង្គសង្រ្គោះបានទាយទុកជាមុនអំពីការរីករាលដាលនៃដំណឹងល្អនៅក្នុងចំណោមសាសន៍ដទៃនេះ។ នៅក្នុងរឿងប្រៀបប្រដូចអំពីចម្ការទំពាំងបាយជូរ ព្រះអង្គបានមានបន្ទូលទៅកាន់សាសន៍យូដាដែលរឹងចចេសថា «នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ» (ម៉ាថាយ ២១:៤៣) ។ ហើយបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គថា ចូរ «ទៅពេញ​សព្វ​ក្នុងលោកិយទាំងមូល» ហើយ «ផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ» (ម៉ាថាយ ២៨:១៩ និង ម៉ាកុស ១៦:១៥)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀតយើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នាឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការដែល​ឥត​ប្រយោជន៍​យ៉ាង​នេះទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង។ (កិច្ចការ ១៤:១៥)

Powered by CAM