ថ្ងៃអង្គារ ទី០៨​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៧)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ។ ភីលីព ៤:៨

ដោយបែរទៅរកសាសន៍ដទៃនៅអាន់ទីយ៉ូកនៃស្រុកភីស៊ីឌា លោកប៉ុលនិងបាណាបាសមិនបានឈប់ធ្វើការដើម្បីសាសន៍យូដានៅកន្លែងដទៃៗទៀតទេ នៅកន្លែងណាដែលមានឱកាសល្អក្នុងការទទួលបានអ្នកស្តាប់។ ចំណេរ​​ក្រោយមកទៀត លោកប៉ុលនិងគូកនរបស់លោកបានធ្វើការអធិប្បាយដំណឹងល្អ ដល់សាសន៍យូដានិងសាសន៍ដទៃនៅទីក្រុងថែស្សាឡូនីចទីក្រុងកូរិន​ថូស ទីក្រុងអេភេសូរ និងតំបន់សំខាន់ៗដទៃផ្សេងៗទៀត។ ប៉ុន្តែ ថាមពល​ចម្បងរបស់ពួកគេចាប់តាំងពីពេលនេះតទៅ គឺសំដៅទៅស្ថាបនានគរព្រះនៅក្នុងទឹកដីនៃសាសន៍ដទៃ និងនៅក្នុងចំណោមមនុស្សដែលមានចំណេះដឹងពីសេចក្តីពិតពីព្រះ និងព្រះរាជបុត្រារបស់ទ្រង់តិចតួចឬគ្មានសោះ។

ចិត្តរបស់លោកប៉ុលនិងសហការីរបស់លោកមានភាពក្រៀមក្រំជំនួសអ្នកដែល«នៅទីទៃពីព្រះគ្រិស្ត ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមាន​ទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកិយនេះដែរ» ។ នៅពាសពេញទាំងកិច្ចការដែលមិនចេះនឿយហត់ដល់សាសន៍ដទៃរបស់ពួកសាវ័កនោះអ្នករាល់គ្នា​ដែល «ពីដើមនៅឆ្ងាយ» បានដឹងថា ពួកគេ «បានមកជិតវិញ ដោយសារ​ព្រះលោហិតទ្រង់» ហើយថាដោយសារសេចក្តីជំនឿទៅលើតង្វាយធួននឹងបាបរបស់ទ្រង់ ពួកគេនឹងក្លាយជា «ជាតិតែមួយនឹងពួកបរិសុទ្ធ ជាពួក​ដំណាក់​ព្រះវិញ» (អេភេសូរ ២:១២, ១៣, ១៩)។

ដោយមានការលូតលាស់ខាងជំនឿ លោកប៉ុលបានធ្វើការឥត​ឈប់​ឈរ ដើម្បីស្ថាបនានគររបស់ព្រះនៅក្នុងចំណោមអ្នកដែលគ្រូបង្រៀនសាសន៍អ៊ីស្រាអែលបានបោះបង់ចោល។ លោកបានលើកតម្កើងព្រះយេស៊ូវ​ជាបន្តបន្ទាប់ ថាជា «ស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់» (ធីម៉ូថេទី១ ៦:១៥) ហើយបានជំរុញពួកអ្នកជឿឲ្យ «បាន​ចាក់​ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ» (កូឡូស ២:៧)។

ព្រះគ្រិស្តគឺជាគ្រឹះដ៏រឹងមាំសម្រាប់អ្នកដែលជឿ។ ទាំងពួកសាសន៍​យូដា និងសាសន៍ដទៃអាចកសាងជីវិតនៅលើថ្មដានេះ។ ថ្មដានេះមានទំហំធំល្មម និងរឹងមាំសម្រាប់ទ្រទ្រង់ទម្ងន់និងបន្ទុកនៃពិភពលោកទាំងមូល។ នេះគឺជារឿងពិតដែលលោកប៉ុលបានទទួលស្គាល់ដោយផ្ទាល់ ។ នៅថ្ងៃចុងក្រោយបង្អស់នៃការបម្រើរបស់លោក កាលលោកមានប្រសាន៍ទៅកាន់ពួកអ្នក​ជឿ​ដែលជាសាសន៍ដទៃ ដែលនៅតែឈររឹងមាំនៅក្នុងសេចក្តីស្រឡាញ់របស់ សេចក្តីពិតនៃដំណឹងល្អ លោកបានសរសេរថា «អ្នករាល់គ្នា … ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវ​គ្រិស្ត​នោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក» (អេភេសូរ ២:១៩, ២០)។

ខណៈដែលសារនៃដំណឹងល្អបានរីករាលដាលនៅស្រុកភីស៊ីឌា ពួកសាសន៍យូដានៅអាន់ទីយ៉ូកដែលមិនជឿបាន «ញុះញង់ពួកស្ត្រី​អ្នកមុខ​អ្នកការ ដែលមកថ្វាយបង្គំ និងពួកអ្នកធំនៅក្នុងទីក្រុងនោះ បណ្តាលឲ្យមានសេចក្តីបៀតបៀនដល់ប៉ុល និងបាណាបាស ក៏ដេញអ្នកទាំងពីរនោះ» ចេញ​ពីស្រុកគេទៅ ទាំងងងឹតងងល់។

ពួកសាវ័កមិនបានបាក់ទឹកចិត្តដោយសារការគំរាមកំហែងនេះទេ ដោយនឹកចាំពីព្រះបន្ទូលនៃព្រះជាចៅហ្វាយរបស់ពួកគេ ដែលបានមានបន្ទូលថា៖ «អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯឋានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរាដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះ​ដែរ» (ម៉ាថាយ ៥:១១, ១២)។

សារនៃដំណឹងល្អកំពុងតែរីករាលដាលឆ្ពោះទៅមុខ ហើយពួកសាវ័កមានហេតុផលគ្រប់គ្រាន់ដើម្បីនឹងមានទឹកចិត្តក្លាហាន ។ ព្រះបានប្រទានព្រះពរហូរហៀរដល់កិច្ចការរបស់ពួកគេនៅក្នុងចំណោមអ្នកស្រុកភីស៊ីឌា និងអាន់ទីយ៉ូក ហើយពួកអ្នកជឿដែលគិតថាធ្វើការតែឯងកន្លងមក «គេមាន​ចិត្តពេញដោយសេចក្តីអំណរ ហើយនិងព្រះវិញ្ញាណបរិសុទ្ធ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀតយើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នាឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការដែល​ឥត​ប្រយោជន៍​យ៉ាង​នេះទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង។ (កិច្ចការ ១៤:១៥)

Powered by CAM