ថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៦
ខព្រះគម្ពីរប្រចាំថ្ងៃ: ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់នោះនឹងបានផែនដីជាមរដកតែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញនោះនឹងបានត្រូវកាត់ចោលចេញ។ ទំនុកតម្កើង ៣៧:២២
ខណៈដែលបានសារភាពថា «តាមរបៀបដែលគេហៅថា ក្បត់សាសនា» លោកបានគោរពប្រណិប័តន៍ព្រះនៃដូនតាលោក ហើយបានអះអាងថាលោកបានជឿលើ «អស់ទាំងសេចក្តីដែលចែងទុកមកក្នុងក្រឹត្យវិន័យ និងនៅក្នុងគម្ពីរពួកហោរា» ហើយថាលោកមានជំនឿលើការរស់ពីស្លាប់ឡើងវិញ ស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវនៃបទគម្ពីរ។ ហើយលោកបានប្រកាសបន្ថែមទៀតថា គោលបំណងនៃជីវិតរបស់លោកគឺ «ត្រូវតែមានបញ្ញាចិត្តឥតសៅហ្មងចំពោះព្រះ និងនៅចំពោះមនុស្សជានិច្ច»។
លោកបាននិយាយអំពីគោលបំណងនៃការធ្វើទស្សនកិច្ចរបស់លោក នៅក្រុងយេរូសាឡិម ជាលក្ខណៈចំហឥតលាក់លៀម ហើយនិងស្ថានភាពនៃការចាប់ខ្លួននិងការកាត់ទោសគាត់ថា៖ «លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមកជូនដល់សាសន៍របស់ខ្ញុំប្របាទ ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែ មានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ ដែលគួរឲ្យគេមកចោទប្រកាន់ខ្ញុំប្របាទនៅមុខលោកម្ចាស់វិញ បើសិនជាគេមានរឿងអ្វីទាស់នឹងខ្ញុំប្របាទ ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្តីទុច្ចរិតណា ក្នុងកាលដែលឈរនៅមុខក្រុមជំនុំនោះ លើកតែពាក្យមួយម៉ាត់នេះចេញ ដែលខ្ញុំប្របាទស្រែកឡើងនៅពេលកំពុងឈរជាកណ្តាលពួកគេថា ថ្ងៃនេះ ខ្ញុំត្រូវអ្នករាល់គ្នាជំនុំជម្រះ ពីដំណើររស់ពីស្លាប់ឡើងវិញប៉ុណ្ណោះ»។
សាវ័កប៉ុលបាននិយាយចេញពីក្នុងចិត្ដ និងដោយភាពស្មោះត្រង់ ហើយពាក្យរបស់លោកបានធ្វើឲ្យពួកគេជឿជាក់ ។ នៅក្នុងសំបុត្ររបស់គាត់ផ្ញើជូនលោកភេលីច លោកក្លូ ឌាស លូស៊ាបានធ្វើទីបន្ទាល់ស្រដៀងគ្នា ទាក់ទងនឹងអាកប្បកិរិយារបស់លោកប៉ុលដែរ។ លើសពីនេះទៅទៀត លោកភេលីចខ្លួនឯងមានចំណេះដឹងអំពីសាសនាយូដា ច្រើនជាងការគិតស្មានរបស់មនុស្សដទៃ ។ សម្តីចំៗរបស់លោកប៉ុលអំពីហេតុការណ៍ពិត ក្នុងករណីនេះបានជួយឲ្យលោកភេលីចយល់កាន់តែច្បាស់ អំពីគោលបំណងដែលមាននៅក្នុងចិត្ដជនជាតិយូដា ក្នុងការប៉ុនប៉ងកាត់ទោសសាវ័កប៉ុល ទាក់ទងនឹងអាកប្បកិរិយានៃការបះបោរនិងការក្បត់ជាតិ លោកអភិបាលខេត្តមិនបានធ្វើឲ្យពួកគេពេញចិត្ត ដោយការថ្កោលទោសមនុស្សដែលជាសាសន៍រ៉ូមដោយអយុត្តិធម៌ទេ លោកក៏មិនបានអនុញ្ញាតឲ្យគេសម្លាប់លោកដោយគ្មានការជំនុំជម្រះដោយយុត្តិធម៌នោះដែរ ។ ក៏ប៉ុន្ដែ លោកភេលីចមិនបានដឹងអំពីបំណងចិត្ដខ្ពស់ជាងការគិតតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ហើយលោកត្រូវបានគ្រប់គ្រងដោយការស្រឡាញ់សេចក្តីសរសើរនិងចង់បានការលើកតម្កើងមុខមាត់ ។ ដោយភ័យខ្លាចការប្រឆាំងពីជនជាតិយូដា ដោយការរកយុតិ្តធម៌ឲ្យមនុស្សដែលលោកបានដឹងថាជាមនុស្សគ្មានទោស ហេតុនេះហើយបានជាលោកបានសម្រេចព្យួររឿងក្តីនេះ រហូតដល់លោកលូស៊ាបានមកដល់ ហើយលោកមានប្រសាសន៍ថា៖ «ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់ សេចក្តីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត» ។
សាវ័កប៉ុលនៅតែជាប់គុកដដែល ប៉ុន្តែ លោកភេលីចបានបង្គាប់មេទ័ពរងឲ្យរក្សាប៉ុល «ដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបម្រើគាត់នោះឡើយ»។
មិនយូរប៉ុន្មានក្រោយមក លោកភេលីចក៏បានមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពី «សេចក្តីជំនឿជឿដល់ព្រះគ្រិស្ត» ។ ពួកគេព្រមស្តាប់ហើយរឹតតែចង់ស្ដាប់សេចក្ដីពិតថ្មីទាំងនេះថែមទៀត ជាសេចក្តីពិតដែលពួកគេនឹងមិនបានឮម្តងទៀតឡើយ និងជាសេចក្តីពិតដែលនឹងបង្ហាញជាទីបន្ទាល់ប្រឆាំងនឹងពួកគេយ៉ាងរហ័ស នៅថ្ងៃនៃព្រះអម្ចាស់ ប្រសិនបើគេបដិសេធសេចក្តីពិតនោះ ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ (កាឡាទី ៦:៧)។