ថ្ងៃអាទិត្យ ទី១០​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤២)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​១៥​

ខព្រះគម្ពីរប្រចាំថ្ងៃ: ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន។ ទំនុកតម្កើង ៤៦:១

ពួកគេបានពិភាក្សាសំណួរនេះយ៉ាងល្អិតល្អន់ ហើយទីបំផុត លោកមេបញ្ជាការក៏បានជូនសំណួរនេះទៅលោកប៉ុល ដែលបានទទួលការគោរពទាំងពីពួកទាហាននិងទាំងពីពួកអ្នកដើរសំពៅ។ សាវ័កប៉ុលបានផ្ដល់​ដំបូន្មាន​​ដោយឥតស្ទាក់ស្ទើរ ឲ្យបន្តស្នាក់នៅកន្លែងដដែលនេះតទៅទៀត ។ លោក​បានមានប្រសាសន៍ថា «អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅ​ប៉ុណ្ណោះ​ទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង» ។ ប៉ុន្តែ «មេទ័ព … និងម្ចាស់​សំពៅ» ព្រមទាំងពួកដើរសំពៅនិងអ្នកដំណើរភាគច្រើន មិនចង់ទទួលយកដំបូន្មានរបស់លោកប៉ុលនេះទេ។ ដោយព្រោះទ្វារសមុទ្រនោះ «មិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មាន​ឲ្យបើក​ចេញ​ពីទី​នោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើ​សិន​ជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិស​ពាយ័ព្យ»។

មេបញ្ជាការបានសម្រេចចិត្តធ្វើតាមការសម្រេចចិត្តរបស់មតិភាគច្រើន។ ដូច្នេះ «កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង» ពួកគេក៏បើក​ចេញ​ពីទ្វារសមុទ្រ ដោយសង្ឃឹមថានឹងទៅដល់គោលដៅនៅពេលបន្តិចទៀតនេះ ។ «តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច … » «មកប៉ះ​នឹងសំពៅ ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យ​បណ្តោយតាមខ្យល់ទៅ»។

សំពៅបានសសៀរតាមកោះតូចមួយឈ្មោះក្លូដេ កាត់ព្យុះកំណាចនេះ ហើយពួកដើរសំពៅបានលើកទូកចងដោយពិបាកជាខ្លាំង។ មធ្យោបាយតែ​មួយគត់របស់ពួកគេ ដើម្បីរក្សាអាយុជីវិត ក្នុងករណីដែលសំពៅត្រូវលិច គឺមានតែទីពឹងទៅលើកូនទូកសម្រាប់ជួយសង្រ្គោះជីវិត និងតោងបំណែកសំពៅដែលបាក់បែកនៅពេលណាមួយនោះប៉ុណ្ណោះ ។ ការងារដំបូង​បង្អស់​របស់ពួកគេ គឺទម្លាក់ក្តោង ហើយចតសំពៅជាបណ្តោះអាសន្នសិន ។ ពេល​នោះ ការប្រុងប្រយ័ត្នដែលអាចធ្វើបានគឺពង្រឹងសំពៅ និងរៀបចំដើម្បីទប់ទល់នឹងខ្យល់ព្យុះនេះ ។ ការការពារតិចតួចដែលកោះដ៏តូចនេះផ្តល់ឲ្យមិនបាន​ជួយពួកគេបានយូរទេ ហើយមិនយូរប៉ុន្មានពួកគេក៏ត្រូវបានប្រឈមនឹងកម្លាំងបោកបក់នៃខ្យល់ព្យុះ។

ខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងពេញមួយយប់ ហើយទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ក៏សំពៅបានធ្លាយដែរ ។ «ដល់ស្អែកឡើង យើងបានទម្លាក់ទំនិញចោលចេញ» ។ រាត្រីកាលក៏វិលត្រឡប់មកវិញ តែ​ខ្យល់បក់បោកមិនស្រាកស្រាន្តទេ ។ ខ្យល់ព្យុះបានបោកបក់មកលើសំពៅជាខ្លាំង បណ្តាលឲ្យក្តោងសំពៅបាក់ទាំងដង ហើយសំពៅវិលវល់នៅក្រោមកម្លាំងខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង ។ រៀងរាល់ពេល ក្តារសំពៅដែលកំពុង​ស្រែកថ្ងូរហាក់ដូចជាត្រូវតែបែកបាក់ ខណៈដែលសំពៅកំពុងតែឃ្លេងឃ្លោងប្រុងនឹងលិច នៅក្រោមកម្លាំងខ្យល់ព្យុះដ៏សាហាវ ។ កន្លែងធ្លាយបានរីកធំឡើងយ៉ាងឆាប់រហ័ស ហើយពួកអ្នកដំណើរនិងពួកនាយសំពៅបានធ្វើការបាចបូមទឹកចេញជាបន្ត។ ពួកអ្នកដំណើរនៅលើសំពៅនោះមិនបានសម្រាកបន្តិចសោះឡើយ។ លោកលូកាបានសរសេរថា «នៅថ្ងៃទីបី ក៏ចោលប្រដាប់សំពៅដោយដៃខ្លួនយើងទៀត រួចដោយព្រោះមិនឃើញថ្ងៃនិងផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹម​នឹង​រួច​ជីវិតបាន»។

ពួកគេបានរសាត់អណ្តែតនៅទ្វារសមុទ្រលម្អនោះដោយគ្មានថ្ងៃនិងផ្កាយ អស់ដប់បួនថ្ងៃ ទោះបីជាលោកមានការឈឺចាប់ខាងរាងកាយយ៉ាងណាក៏ដោយ ក៏សាវ័កប៉ុលមានពាក្យពេចន៍នៃក្តីសង្ឃឹមសម្រាប់ពេលវេលាដ៏ខ្មៅងងឹតនេះដែរ គឺជាជំនួយនៅគ្រាអាសន្ន ។ លោកបានចាប់ព្រះហស្តនៃព្រះដ៏មានព្រះចេស្តា ដោយជំនឿ ហើយចិត្តរបស់លោកនៅជាប់ជាមួយនឹងព្រះជានិច្ច ។ លោកមិនមានការភ័យខ្លាចឡើយ ព្រោះលោកបានដឹងថាព្រះនឹងជួយរក្សាជីវិតលោក ទុកឲ្យធ្វើទីបន្ទាល់នៅទីក្រុងរ៉ូម សម្រាប់សេចក្តីពិត​ពីព្រះគ្រិស្ត ។ ប៉ុន្តែ ចិត្តរបស់លោកពោរពេញទៅដោយការអាណិតអាសូរដល់ពួកមនុស្សដ៏កម្សត់ ដែលនៅជុំវិញលោក ជាមនុស្សមានបាបជា​មនុស្ស​ដែ​លទន់ទាប និងជាអ្នកដែលមិនចង់ស្លាប់ ។ នៅពេលដែលលោកបាន​ទូល​អង្វរដល់ព្រះ សូមឲ្យទ្រង់ទុកជីវិតពួកគេ ព្រះបានបើកបង្ហាញឲ្យលោក​ដឹងថា ព្រះអង្គបានប្រទានតាមការអធិដ្ឋានរបស់លោក។

ដោយទាញយកចំណេញពីខ្យល់ព្យុះដែលបានស្រាកទៅហើយនោះ លោកប៉ុលបានក្រោកឈរឡើងហើយស្រែកឡើងថា «អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណាមួយនឹងបាត់ជីវិតទេខូចខាតតែ​សំពៅ​ប៉ុណ្ណោះ

ព្រោះយប់មិញមានទេវតានៃព្រះដែលខ្ញុំជាអ្នកបម្រើរបស់ទ្រង់បាន​មក​ឈរជិតខ្ញុំប្រាប់ថាប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នកដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿថា ការដែល​ទ្រង់​​​មានព្រះបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន ប៉ុន្តែ យើងត្រូវធ្លាក់ទៅ​លើកោះណាមួយ»។

ដោយសារពាក្យទាំងនេះ សេចក្ដីសង្ឃឹមក៏បានងើបឡើងវិញ ។ អ្នកដំណើរនិងក្រុមនាវិកបានងើបចេញពីទុក្ខកង្វល់របស់ពួកគេ ។ មានកិច្ចការ​ជា​ច្រើនទៀតដែលត្រូវធ្វើ ហើយពួកគេបានខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បី​បញ្ចៀសការវិនាសនេះ។

ដល់គម្រប់ដប់បួនយប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រដែលមានរលកធំៗក្នុងភាពងងឹងសូន្យសុង នោះប្រហែលជា «កណ្តាលអធ្រាត្រ» ពួកសំពៅបានឮសំឡេងនៃការបែកបាក់ «ក៏ស្មានថាយើងជិតដល់ទីគោកណាមួយហើយ លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជម្រៅ​ម្ភៃ​ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែដប់ប្រាំព្យាម» ។ លោក​លូកា​បានសរសេរថា «នោះគេទម្លាក់យុថ្កាបួនពីខាងកន្សៃ ក្រែងសំពៅទង្គិច​ប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង»។
​​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្តី​ស្រឡាញ់​វិញ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង។ ( ភីលេម៉ូន ១:៩-១០ )

Powered by CAM