ថ្ងៃច័ន្ទ ទី១១​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤២)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​១៦​

ខព្រះគម្ពីរប្រចាំថ្ងៃ: ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផងនោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច។ ទំនុកតម្កើង ៣៧:៥

លុះព្រឹកឡើង ពួកគេបានមើលឃើញឆ្នេរសមុទ្រដែលមានខ្យល់ព្យុះព្រៀងៗ ប៉ុន្តែ គេមិនបានឃើញមានសញ្ញាសម្គាល់កន្លែងច្បាស់លាស់ទេ ។ ដូច្នេះ ពួកអ្នកដំណើរតាមសំពៅបានមើលឃើញវាសនាអាក្រក់របស់ពួកគេ ហើយក៏បាត់បង់ភាពក្លាហានទាំងអស់ «ពួកសំពៅក៏សម្រូតទូកទម្លាក់ទឹក ធ្វើដូចជាចង់ទម្លាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ»ពេលនោះលោកប៉ុលនិយាយទៅមេទ័ពនិងទាហានថា «បើពួកនោះមិននៅ​ក្នុង​សំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ» នោះពួកទាហានបានទម្លាក់ទូកធ្លាក់ចុះរួចទៅហើយ។ ពួកទាហានក៏ប្រញាប់ «កាត់ខ្សែឲ្យទូកធ្លាក់ទៅ» ក្នុងសមុទ្រ។

គ្រាដ៏គ្រោះថ្នាក់បំផុតនៅតែប្រឈមនៅចំពោះមុខពួកគេដដែល។ សាវ័ក​ប៉ុលបានមានប្រសាសន៍លើកទឹកចិត្តនិងអង្វរករដល់ពួកគេម្តងទៀត ទាំង​ពួកទាហាននិងពួកអ្នកដំណើរ ឲ្យបរិភោគអាហារទៅ ដោយបាននិយាយថា «នេះគម្រប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់មួយសរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង»។

«កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ» ។ ពេលនោះមនុស្សដែល​ហេវ​ហត់​ទាំង ២៧៥ នាក់ ដែលបានអស់សង្ឃឹមក៏បានបរិភោគជាមួយសាវ័កប៉ុល «កាលបរិភោគឆ្អែតហើយ ក៏សម្រាលសំពៅចេញ ដោយទម្លាក់ស្រូវចុះទៅក្នុងសមុទ្រ»។

ឥឡូវនេះភ្លឺច្បាស់ហើយ ប៉ុន្តែ ពួកគេមិនអាចមើលឃើញអ្វីដែលអាចកំណត់ទីសំចតរបស់ពួកគេបានទេ។ ទោះជាយ៉ាងនេះក៏ដោយក៏គេឃើញ​ញោចមួយមានជម្រាល រួចគេគិតតម្រង់សំពៅឲ្យទៅកឿងនៅទីនោះ បើ​សិន​ជាបាន គេក៏កាត់ពួរយុថ្កាចោលនៅសមុទ្រ រួចស្រាយចង្កូត ហើយលើក​ក្តោង​ខាងមុខឲ្យត្រូវខ្យល់ តម្រង់សំពៅទៅឯទីជម្រាលនោះ សំពៅក៏ចូលទៅកឿងនៅកន្លែងដែលទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជ​ជាប់នៅ​នឹងថ្កល់ តែកន្សៃត្រូវបាក់បែកទៅដោយអំណាចរលក»។

ឥឡូវនេះ លោកប៉ុលនិងអ្នកទោសដទៃទៀត ត្រូវបានគំរាមកំហែងដោយជោគវាសនាអាក្រក់ ខ្លាំងជាងការលិចសំពៅទៅទៀត។ ពួកទាហាន​បាន​មើល​ឃើញថា នៅពេលទៅដល់ដីគោកនោះ ពួកគេនឹងមិនអាចគ្រប់គ្រងពួកអ្នកទោសរបស់ពួកគេបានទេ។ មនុស្សគ្រប់រូបបានខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះខ្លួនឯងរៀងៗខ្លួន។ ហើយប្រសិនបើមានអ្នកទោសណាម្នាក់រត់រួច នោះពួកអ្នកដែលទទួលខុសត្រូវលើពួកអ្នកទោសទាំងនោះ នឹងបាត់បង់ជីវិតជាក់ជាមិនខាន។ ហេតុនេះហើយ ពួកទាហានចង់សម្លាប់ពួកអ្នកទោសទាំងអស់ ។ ច្បាប់នៃប្រទេសរ៉ូមបានអនុម័តិឲ្យអនុវត្ត​គោល​ការណ៍ដ៏ឃោរឃៅនេះ ហើយផែនការនេះក៏ត្រូវបានគេអនុវត្តភ្លាម ហើយសម្រាប់អ្នកដែលមានកាតព្វកិច្ចថែរក្សាអ្នកទោស គឺឋិតនៅ​ក្រោម​ច្បាប់នោះ ។ លោកយូលាសដែលជាមេទ័ព បានដឹងថាលោកប៉ុលគឺជា​ឧបករណ៍ក្នុងការជួយសង្រ្គោះអ្នកដំណើរទាំងអស់ ហើយជាពិសេស លោកបានដឹងថាព្រះបានគង់នៅជាមួយលោកប៉ុល លោកមិនហ៊ានធ្វើឲ្យលោកប៉ុលឈឺចាប់ឡើយ ។ ហេតុដូច្នេះលោក «បានបង្គាប់អ្នកណាដែល​ចេះ​ហែល ឲ្យលោតហែលទៅដល់គោកជាមុន ហើយអ្នកដែលនៅសល់ទាំងប៉ុន្មាន តោងបន្ទះក្តារ ឬបំណែកសំពៅ បណ្តែតទៅ ដូច្នេះអ្នកទាំងអស់គ្នា ក៏បាន​ដល់គោកដោយសុខសាន្តត្រាណ» ។ នៅពេលទាហាន​បានហៅ​ឈ្មោះ​ពួក​អ្នកទោស នោះគ្មាននរណាម្នាក់បានបាត់មុខឡើយ។

ពួកអ្នកស្រុកនៅកោះមេលីតដ៏ឃោរឃៅ បានទទួល​ពួកអ្នកដែល​បាន​រួច​ជីវិត​ពីសំពៅលិចទាំងនោះ ដោយសប្បុរស ។ លោកលូកាបាន​សរសេរ​ថា «គេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ពីព្រោះធ្លាក់ភ្លៀង ហើយរងាផង»។ ​ឯប៉ុលគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលសកម្មក្នុងការជួយបម្រើដល់មនុស្សដទៃ ។ លោកបានប្រមូល «រំកាច់មែកឈើមួយកង» លោកបាន «យកមកដាក់លើភ្លើង» នោះមានពស់វែកមួយត្រូវកំដៅភ្លើង បានចេញមក «ចឹកជាប់នៅដៃគាត់»។ មនុស្សដែលនៅក្បែរនោះបានភ័យស្លន់ស្លោ ដោយ​ឃើញច្រវាក់ជាប់នឹងដៃរបស់លោក ទើបពួកគេបានដឹងថាលោក​ជាអ្នក​ទោស ពួកគេបាននិយាយគ្នាថា «ប្រាកដជាមនុស្សនេះបានសម្លាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្តីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ» ។ ប៉ុន្តែ លោកប៉ុលបានរលាស់ពស់នោះចូលទៅក្នុងភ្លើង ដោយ​មិនមានការឈឺចាប់អ្វីសោះឡើយ ។ ដោយដឹងពីលក្ខណៈ​នៃពិសរបស់ពស់​នោះ ពួកអ្នកស្រុកគេរង់ចាំមើលគាត់ដួល ដោយឈឺចាប់យ៉ាងខ្លាំង នៅ​ពេល​​ភ្លាមៗនោះ។ «តែកាលគេបានចាំជាយូរ ហើយឥតឃើញមាន​ឈឺអ្វី​សោះ នោះគេប្រែគំនិតទៅជាថា គាត់ជាព្រះវិញ»។

ក្នុងអំឡុងពេលបីខែដែលក្រុមអ្នកធ្វើដំណើរតាមសំពៅ បានស្នាក់​នៅ​លើកោះមេលីត នោះប៉ុលនិងក្រុមការងាររបស់លោកបានបង្កើនឱកាសជាច្រើនដើម្បីផ្សព្វផ្សាយដំណឹងល្អ ។ ព្រះជាម្ចាស់បានធ្វើការតាមរយៈពួកគេនៅក្នុងលក្ខណៈដ៏អស្ចារ្យ ។ ដោយសារតែលោកប៉ុល ពួកអ្នកស្រុកនៅកោះមេលីតបានប្រព្រឹត្តយ៉ាងសប្បុរស មកលើក្រុមមនុស្សដែលបានរួចពីសំពៅលិចទាំងអស់ រាល់សេចក្តីត្រូវការរបស់ពួកគេត្រូវបានផ្គត់ផ្គង់ ហើយនៅ​ពេលចាកចេញពីកោះមេលីត អ្នកកោះនោះបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការសម្រាប់ការធ្វើដំណើររបស់ពួកគេ ដោយសទ្ធាជ្រះថ្លា។ ឧប្បត្តិហេតុដ៏សំខាន់នៃការស្នាក់នៅរបស់ពួកគេត្រូវបានលោកលូការរៀបរាប់ដោយសង្ខេបយ៉ាងដូច្នេះ៖

«នៅព័ទ្ទជុំវិញទីនោះ មានដីរបស់អ្នកមេកោះ ឈ្មោះពូញ្លស ដែលទទួលយើងឲ្យស្នាក់នៅផ្ទះគាត់បីថ្ងៃដោយសប្បុរស គាប់​ជួន​ជា​ឪពុក​ពូញ្លស​ដេក​គ្រុន​ ហើយមួលផង ប៉ុលក៏ចូលទៅអធិដ្ឋាន ដាក់ដៃលើគាត់ ឲ្យបានជា ដូច្នេះ អស់អ្នកឯទៀត ដែលឈឺនៅកោះនោះ ក៏មក ហើយបានជាដែរ គេ​ក៏​រាប់អានយើងជាខ្លាំង ហើយដល់វេលាដែលយើងចេញទៅ នោះគេបានឲ្យគ្រប់ទាំងរបស់ដែលយើងត្រូវការដែរ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្តី​ស្រឡាញ់​វិញ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង។ ( ភីលេម៉ូន ១:៩-១០ )

Powered by CAM