ថ្ងៃអង្គារ ទី១២​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៣)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ២៨:១១-៣១។

នៅទីក្រុងរ៉ូម


អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​១៧

ខព្រះគម្ពីរប្រចាំថ្ងៃ: ប៉ុន្តែ នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​ព្រះ​វិញ។ កិច្ចការ ២០:២៤

លោកមេទ័ពនិងអ្នកទោសរបស់គាត់បានចេញដំណើរទៅទីក្រុងរ៉ូម តាម​ផ្លូវទឹកកាត់លម្ហសមុទ្រ ។ សំពៅដែលមកពីក្រុងអ័លេក្សានទ្រា «ឈ្មោះ​ឌីអូស្គួរ» ដែលនៅក្នុងកោះនោះក្នុងរដូវរងាបានធ្វើដំណើរតាមផ្លូវឆ្ពោះទៅ​ទិសខាងលិច ហើយអ្នកដំណើរទាំងអស់ក៏បានចុះសំពៅនេះទៅ ។ ទោះបីជាការពន្យារពេលដោយត្រូវបើកបញ្ច្រាសខ្យល់យ៉ាងខ្លាំងក៏ដោយ ក៏ការធ្វើដំណើរនោះបានទៅដល់គោលដៅប្រកបដោយសុវត្ថិភាពដែរ ហើយគេបានបោះយុថ្កានៅកំពង់ផែស៊ីរាគូស ដែលនៅលើឆ្នេរសមុទ្រអ៊ីតាលី។

នៅកន្លែងនេះមានពួកគ្រិស្តបរិស័ទមួយចំនួន ហើយពួកគេបានអង្វរ​សាវ័ក​ប៉ុលឲ្យស្នាក់នៅជាមួយពួកគេប្រាំពីរថ្ងៃ លោកមេទ័ពក៏បានអនុញ្ញាតដោយក្តីសប្បុរស ។ ចាប់តាំងពីបានទទួលសំបុត្ររបស់លោកប៉ុល ដែលផ្ញើទៅកាន់ពួកជំនុំនៅក្រុងរ៉ូមមក ពួកគ្រិស្តបរិស័ទនៅអ៊ីតាលីបានទន្ទឹងរង់ចាំការមកដល់របស់សាវ័កប៉ុល ។ ពួកគេមិនបានរំពឹងថានឹងឃើញគាត់មកជាអ្នកជាប់ទោសដូច្នេះទេ ប៉ុន្តែ ការរងទុក្ខរបស់លោកធ្វើឲ្យពួកគេរឹតតែស្រឡាញ់​​លោកខ្លាំងឡើង ។ ចម្ងាយពីពូទីយ៉ូលី ទៅទីក្រុងរ៉ូមមានប្រហែល ២២៥ គីឡូម៉ែត្រ ហើយកំពង់ផែមានទំនាក់ទំនងជាមួយទីក្រុងនេះជាប្រចាំ ពួកគ្រិស្តបរិស័ទនៅក្រុងរ៉ូមបានទទួលដំណឹងអំពីការមកដល់របស់លោកប៉ុល ពួកគេមួយចំនួនបានចាប់ផ្តើមមកជួបនិងស្វាគមន៍ដល់លោក។

នៅថ្ងៃទីប្រាំបី បន្ទាប់ពីការចូលចតមក លោកមេបញ្ជាការនិងអ្នកទោសបានចេញដំណើរទៅកាន់ក្រុងរ៉ូម ។ លោកយូលាសបានយល់ព្រមផ្តល់ជូនសាវ័កប៉ុលនូវរាល់អ្វីដែលលោកប៉ុលត្រូវការ តាមអំណាចរបស់លោក (យូលាស) ប៉ុន្តែ លោកមិនអាចផ្លាស់ប្តូរស្ថានភាពរបស់លោកប៉ុលជាអ្នកទោស ឬដោះលែងគាត់ចេញពីការដាក់ច្រវាក់ភ្ជាប់ទៅនឹងទាហានដែលជាអ្នកយាមរបស់លោកឡើយ ។ លោកប៉ុលបានធ្វើដំណើរទៅកាន់អ្នកដែលរង់ចាំការមកដល់របស់លោកនៅទីក្រុងនៃលោកិយនេះ ទាំងចិត្តក្តុកក្តួល។ ស្ថានភាពនៅទីនោះខុសប្លែកពីការរំពឹងទុករបស់លោកជាខ្លាំង តើលោក​អាច​ប្រកាសដំណឹងល្អ ដោយជាប់ខ្នោះ និងមានស្លាកស្នាមទុរយសបែបនេះយ៉ាងដូចម្តេចទៅ? ក្តីសង្ឃឹមរបស់លោកក្នុងការនេសាទមនុស្សជាច្រើននៅទីក្រុងរ៉ូម មកឯសេចក្តីពិត ហាក់ដូចជាកំពុង​ធ្វើដំណើរឆ្ពោះ​ទៅរក​ការ​ខកចិត្ត។

នៅទីបំផុត អ្នកដំណើរទាំងអស់ក៏បានមកដល់ផ្សារអាប់ភាស ដែល​មាន​ចម្ងាយ ប្រហែល ៦៤ គីឡូម៉ែត្រពីទីក្រុងរ៉ូម។ ខណៈដែលពួកគេធ្វើដំណើរកាត់ហ្វូងមនុស្សដែលប្រជុំគ្នានៅតាមផ្លូវធ្លាដ៏ធំ នោះបុរសវ័យចំណាស់ដែលមានសក់ស្កូវព្រោង និងជាប់ច្រវាក់ជាមួយមនុស្សមួយក្រុម ជាឧក្រិដ្ឋជន​ដែលមានទោសធ្ងន់ធ្ងរ ទទួលការសម្លឹងមើលដោយការប្រមាថមើលងាយពីសំណាក់មនុស្សជាច្រើន ហើយត្រូវបានក្លាយជាប្រធានបទនៃកាយវិការនៃការទ្រគោះបោះបោកនិងការសើចចំអកពីសំណាក់មនុស្សជាច្រើន។

រំពេចនោះ ស្រាប់តែគេបានឮសម្រែកនៃសេចក្តីអំណរផ្ទុះឡើង ហើយមានបុរសម្នាក់លោតចេញពីហ្វូងមនុស្ស មកឱបអ្នកទោស ដោយទឹកភ្នែក​និងក្តីអំណរ ហាក់ដូចជាកូនប្រុសបានស្វាគមន៍ដល់ឳពុក ដែលបានបែកគ្នាជាយូរមកហើយដូច្នោះដែរ ។ សភាពបែបនេះបានកើតឡើងម្ដងហើយម្ដងទៀត ខណៈដែលភ្នែកជាច្រើនបានចាប់ចិត្ដដោយសេចក្ដីសង្ឃឹម ប្រកប​ដោយ​សេចក្ដីស្រឡាញ់ ហើយមនុស្សជាច្រើនបានដឹងថាអ្នកទោសដែលជាប់ច្រវាក់នេះ គឺជាអ្នកដែលបាននិយាយពាក្យនៃជីវិតមករកពួកគេ នៅ​ក្រុងកូរិនថូស ភីលីព និងអេភេសូរ។

នៅពេលដែលសិស្សដ៏កក់ក្ដៅបានប្រមូលផ្ដុំគ្នាទាំងអន្ទះសានៅជុំវិញឪពុកក្នុងដំណឹងល្អ នោះហ្វូងមនុស្សទាំងមូលបាននៅឈរទ្រឹង។ ពួកទាហានមិនមានការអត់ធ្មត់នឹងពន្យារពេលតទៅទៀតទេ ប៉ុន្ដែ ពួកគេក៏មិនមានចិត្តចង់រំខានដល់កិច្ចប្រជុំដ៏សប្បាយរីករាយនេះដែរ ដោយពួកគេបានរៀន​ពី​ការគោរព និងការឲ្យតម្លៃដល់អ្នកទោសរបស់ពួកគេផងដែរ ។ នៅក្នុងទឹកមុខដែលពោរពេញដោយការឈឺចាប់ នោះពួកសិស្សបានមើលឃើញការឆ្លុះបញ្ចាំងពីរូបភាពព្រះគ្រិស្ត ។ ពួកគេបានបញ្ជាក់ប្រាប់លោកប៉ុលថា ពួកគេមិនបានភ្លេចលោកទេ ហើយក៏មិនបានឈប់ស្រឡាញ់លោកដែរព្រោះពួកគេត្រូវបានជំពាក់លោកនូវក្ដីសង្ឃឹមដ៏រីករាយ ដែលធ្វើឲ្យពួកគេ​មាន​ជីវិត ហើយផ្តល់ឲ្យពួកគេនូវសេចក្តីសុខសាន្តចំពោះព្រះ។ ដោយក្ដីប្រាថ្នានៃសេចក្តីស្រឡាញ់របស់ពួកគេ គេបានដាក់លោកនៅលើស្មា​របស់​ពួកគេ រហូតតាមផ្លូវទៅកាន់ទីក្រុង ដែលជាឯកសិទ្ធិរបស់ពួកគេ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្តី​ស្រឡាញ់​វិញ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង។ ( ភីលេម៉ូន ១:៩-១០ )

Powered by CAM