ថ្ងៃពុធ ទី១៣​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​១៨

ខព្រះគម្ពីរប្រចាំថ្ងៃ: ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ​ទ្រង់​ផ្សាយ​សេចក្តី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត។ កិច្ចការ ២៨:២៨

មនុស្សមួយចំនួនតូចបានដឹងអំពីសារៈសំខាន់នៃពាក្យរបស់លោកលូកា​ដែលកាលលោកប៉ុលបានឃើញបងប្អូនរបស់លោក «នោះក៏អរ​ព្រះគុណ​ដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង» ។ សាវ័កប៉ុលបានសរសើរ​ដល់ព្រះ​ខ្លាំងៗ នៅកណ្តាលចំណោមពួកអ្នកជឿដែលយំសោកនិងមានការអាណិតអាសូរ ដែលមិនខ្មាសនឹងចំណងរបស់លោក ។ ពពកនៃភាពសោកសៅដែលនៅលើវិញ្ញាណរបស់លោកត្រូវបានរសាត់បាត់ ។ ជីវិតជាគ្រិស្តបរិស័ទរបស់លោកបានឆ្លងកាត់ទុក្ខវេទនា ការឈឺចាប់ និងការខកចិត្តជាច្រើន ប៉ុន្តែ នៅគ្រានោះលោកបានដឹងថាលោកបានទទួលសំណងត្រឡប់វិញជាច្រើនលើសលុប ។ លោកបានបន្ដដំណើរតាមផ្លូវរបស់លោកដោយភាពរឹងមាំនិងមានចិត្តរីករាយ ។ លោកមិនបានត្អូញត្អែរពីរឿងអតីតកាល និងមិនមានការភ័យខ្លាចចំពោះអនាគតឡើយ ។ លោកបានដឹងថាចំណងនិងទុក្ខវេទនាកំពុងរង់ចាំលោក ប៉ុន្ដែ លោកក៏ដឹងផងដែរថា ការរំដោះមនុស្ស​ចេញពីចំណងដ៏អាក្រក់គឺជាភារកិច្ចរបស់លោក ហើយលោកមានអំណរដោយព្រោះការរងទុក្ខលំបាកដោយសារព្រះគ្រិស្ត។

លុះបានដល់ទីក្រុងរ៉ូម លោកយូលាសក៏ប្រគល់ពួកអ្នកទោសទៅលោកមេបន្ទាយ ។ លោកក៏បានរៀបរាប់រឿងល្អៗអំពីលោកប៉ុល ព្រមជាមួយនឹងលិខិតមកពីលោកភេស្ទុសផងដែរ ដែលធ្វើឲ្យលោកមេបន្ទាយយកចិត្តទុកដាក់ចំពោះលោកប៉ុលដោយពេញចិត្ត ហើយជំនួសឲ្យការដាក់គុក លោកមេបន្ទាយបានអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅក្នុងផ្ទះជួលរបស់លោក។ ទោះបីជាលោកនៅជាប់ច្រវាក់ជាមួយនឹងទាហានក៏ដោយ ក៏លោកមានសេរីភាពអាចទទួលមិត្តភក្តិរបស់លោក ហើយអាចធ្វើការដើម្បីជំរុញកិច្ចការរបស់ព្រះគ្រិស្តឲ្យបោះជំហានទៅមុខដែរ។

ជនជាតិយូដាជាច្រើនដែលត្រូវបានគេបណ្ដេញចេញពីទីក្រុងរ៉ូមអស់ជាច្រើនឆ្នាំកន្លងមកហើយនោះ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញដែលធ្វើឲ្យគេរកឃើញពួកនេះមានចំនួនច្រើននៅទីនោះ ។ លោកប៉ុលបានតាំងចិត្ដប្រាប់ពីហេតុការណ៍ពិតអំពីខ្លួនលោកនិងកិច្ចការរបស់លោកជាពិសេស ដំបូងបង្អស់ មុននឹងសត្រូវរបស់លោកមានឱកាសបង្ខូចដល់ពួកគេ ប្រឆាំងនឹងរូបលោក ។ ហេតុដូច្នេះហើយ បានជាបីថ្ងៃក្រោយពីការមកដល់​ទីក្រុងរ៉ូមរបស់លោក លោកបានហៅអ្នកដឹកនាំសំខាន់របស់លោកឲ្យមក​ជួបជុំគ្នា ហើយប្រាប់ត្រង់ៗនិងងាយៗ ពីអំពីលក្ខណៈដែលលោកអញ្ជើញមកកាន់ទីក្រុងរ៉ូម ជាអ្នកជាប់ទោសដូច្នេះ។

លោកបានមានប្រសាសន៍ថា «ឱអ្នករាល់គ្នា ជាបងប្អូនខ្ញុំអើយ ខ្ញុំគ្មានធ្វើខុសអ្វីនឹងសាសន៍យើង ឬនឹងទម្លាប់ពួកអយ្យកោទេ តែគេចាប់ខ្ញុំនៅក្រុង​យេរូសាឡិម បញ្ជូនមកក្នុងកណ្តាប់ដៃនៃសាសន៍រ៉ូម ដែលពិចារណាសួរខ្ញុំ រួចចង់លែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីគួរនឹងស្លាប់ទេ ប៉ុន្តែ ពួកសាសន៍យូដា​​ប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការអ្វីនឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ ហេតុនោះបានជាខ្ញុំអញ្ជើញអ្នករាល់​​គ្នាមក ដើម្បីឲ្យបានឃើញមុខ ហើយនឹងពិគ្រោះគ្នា ដ្បិតគឺដោយព្រោះសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែលហើយ បានជាខ្ញុំជាប់ច្រវាក់ដូច្នេះ»។

លោកមិនបាននិយាយបំពានទៅនឹងការដែលលោកបានរងទុក្ខនៅក្នុងដៃពួកសាសន៍យូដា ឬក៏អំពីគំនិតក្បត់ទាស់នឹងរូបលោកម្តងហើយម្តងទៀតនោះឡើយ ។ គេកត់សម្គាល់ឃើញថាសម្តីរបស់លោកពោរពេញដោយការប្រុងប្រយ័ត្ននិងសេចក្តីសប្បុរស។ លោកមិនបានស្វែងរកឲ្យគេយកចិត្តទុកដាក់ ឬអាណិតអាសូរ មកលើរូបលោកនោះទេ តែគឺដើម្បីការពារសេចក្ដីពិតនិងរក្សាកិត្តិយសនៃដំណឹងល្អវិញ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្តី​ស្រឡាញ់​វិញ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង។ ( ភីលេម៉ូន ១:៩-១០ )

Powered by CAM