កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក២០
ខព្រះគម្ពីរប្រចាំថ្ងៃ: រីឯប៉ុល គាត់នៅក្នុងផ្ទះដែលគាត់ជួល ពេញ២ឆ្នាំ គាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្តី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ។ កិច្ចការ ២៨:៣០
នៅក្នុងភាពវាងវៃរបស់ព្រះ ការពន្យារពេលនេះបាននាំឲ្យមានការរីកចម្រើននៃដំណឹងល្អ ។ តាមរយៈការពេញចិត្តរបស់អ្នកដែលមានភារកិច្ចគ្រប់គ្រងលោកប៉ុល គេបានអនុញ្ញាតឲ្យលោករស់នៅក្នុងផ្ទះមួយ ជាកន្លែងដែលលោកអាចជួបប្រជុំគ្នាដោយសេរី ជាមួយនឹងមិត្តភក្តិរបស់លោក ហើយលោកក៏បានបង្ហាញសេចក្ដីពិតដល់អស់អ្នកដែលបានចូលមកស្តាប់ រៀងរាល់ថ្ងៃ ។ លោកបានបន្តធ្វើការយ៉ាងដូច្នេះ អស់រយៈពេលពីរឆ្នាំ ដោយ «ប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្តី ពីព្រះអម្ចាស់យេស៊ូវគ្រិស្តតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ»
ក្នុងអំឡុងពេលនេះ លោកមិនបានបំភ្លេចពួកជំនុំដែលលោកបានបង្កើតឡើងនៅទឹកដីផ្សេងៗទេ ។ ដោយដឹងអំពីគ្រោះថ្នាក់ដែលបានគំរាមកំហែងដល់ពួកអ្នកដែលបានកែប្រែចិត្ដទទួលយកជំនឿថ្មីនោះ សាវ័កប៉ុលបានខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ តាមរយៈសំបុត្រព្រមាននិងការបង្រៀនសាមញ្ញៗ ។ ហើយលោកបានបញ្ជូនពួកអ្នកធ្វើការដែលមានការលះបង់ ចេញពីទីក្រុងរ៉ូម ឲ្យទៅធ្វើការ មិនត្រឹមតែសម្រាប់ពួកជំនុំទាំងប៉ុន្មានដែលលោកបានបង្កើតឡើងប៉ុណ្ណោះទេ ប៉ុន្តែ នៅកន្លែងផ្សេងៗដែលលោកមិនទាន់បានចូលទៅដល់ផងដែរ ។ ក្នុងនាមជាពួកអ្នកគង្វាលដ៏ល្អ អ្នកធ្វើការទាំងនេះបានពង្រឹងការងារដែលលោកប៉ុលបានចាប់ផ្តើមយ៉ាងល្អ ។ ហើយសាវ័កប៉ុលបានផ្តល់ដំណឹងអំពីស្ថានភាពនិងគ្រោះថ្នាក់នៃពួកជំនុំ ដោយទំនាក់ទំនងជានិច្ចជាមួយពួកគេ ធ្វើឲ្យលោកអាចគ្រប់គ្រងលើពួកគេទាំងអស់បានយ៉ាងល្អ។
ខណៈដែលលោកហាក់ដូចជាត្រូវបានកាត់ផ្តាច់ ចេញពីការងាររបស់លោកដូច្នេះ លោកប៉ុលបានប្រើឥទ្ធិពលកាន់តែធំនិងយូរអង្វែង ជាងកាលលោកនៅមានសេរីភាពក្នុងការធ្វើដំណើរ នៅក្នុងចំណោមពួកជំនុំដូចពេលកន្លងមកទៅទៀត ។ ក្នុងនាមជាអ្នកទោសរបស់ព្រះជាម្ចាស់ លោកមានសេក្តីស្រឡាញ់ដល់បងប្អូនរបស់លោកកាន់តែខ្លាំង។ ហើយពាក្យសម្តីរបស់លោកដែលលោកបានសរសេរ ជាអ្នកជាប់ចំណងដោយសារព្រះគ្រិស្ត បាននាំមកនូវការយកចិត្តទុកដាក់និងការគោរពដ៏ធំធេង ជាងពេលដែលគាត់នៅជាមួយពួកគេដោយផ្ទាល់ ។ រហូតទាល់តែលោកប៉ុលបានឃ្លាតឆ្ងាយពីពួកគេ ទើបពួកអ្នកជឿដឹងពីបន្ទុកដ៏ធ្ងន់ ដែលលោកបានទ្រាំទ្រជំនួសពួកគេ ។ នៅពេលនោះ ពួកគេបានដោះសាចេញពីការទទួលខុសត្រូវនិងការទទួលបន្ទុក ដោយសារតែពួកគេមិនដឹងពីប្រាជ្ញា ភាពប៉ិនប្រសប់ និងថាមពលខ្លាំងក្លារបស់លោក ប៉ុន្តែ ឥឡូវនេះ នៅក្នុងបទពិសោធន៍ដែលត្រូវរៀនសូត្រចេញពីមេរៀនដែលពួកគេបានចៀសវាង ពួកគេបានឲ្យតម្លៃដល់ការព្រមាន ដំបូន្មាន និងការណែនាំរបស់លោកខណៈដែលពួកគេមិនបានឲ្យតម្លៃដល់ការងារផ្ទាល់ខ្លួនរបស់លោក។ ហើយនៅពេលដែលពួកគេបានរៀនសូត្រអំពីភាពក្លាហាននិងជំនឿរបស់លោក ក្នុងអំឡុងពេលនៃការជាប់ឃុំឃាំង ជាច្រើនឆ្នាំ ពួកគេត្រូវបានជំរុញឲ្យមានភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងក្នុងការបម្រើដល់កិច្ចការរបស់ព្រះគ្រិស្តកាន់តែខ្លាំងឡើង។
ក្នុងចំណោមអ្នកជំនួយការរបស់លោកប៉ុលនៅទីក្រុងរ៉ូម មានអតីតមិត្តភក្ដិនិងអ្នកធ្វើការជាមួយគ្នារបស់លោកជាច្រើន ។ លោកលូកាដែលជា «គ្រូពេទ្យស្ងួនភ្ងា» ដែលធ្លាប់បានរួមដំណើរជាមួយលោកទៅកាន់ក្រុងយេរូសាឡិម ក្នុងអំឡុងពេលនៃការជាប់គុកពីរឆ្នាំនៅក្រុងសេសារា និងនៅពេលធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ទៅក្រុងរ៉ូមក៏នៅជាមួយលោកដដែល លោកធីម៉ូថេក៏បានបម្រើការជាអ្នកសម្រាលទុក្ខរបស់លោកដែរ ។ ទីឃីកូស «ជាបងប្អូនស្ងួនភ្ងា គឺជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបម្រើជាមួយគ្នាក្នុងព្រះអម្ចាស់» បានឈរដោយសេចក្តីថ្លៃថ្នូរនៅក្បែរសាវ័កប៉ុល ។ ដេម៉ាសនិងម៉ាកុសក៏នៅជាមួយនឹងគាត់ដែរ ។ អើរីស្ដាកនិងអេប៉ាប្រាសប៉ាសគឺជា «អ្នកជាប់គុកជាមួយខ្ញុំ» (កូឡូស ៤:៧-១៤)។
ចាប់តាំងពីឆ្នាំដំបូងនៃការផ្លាស់ប្តូរជំនឿរបស់លោកមក បទពិសោធន៍ជាគ្រិស្តបរិស័ទរបស់ម៉ាកុស បានកាន់តែរីកចម្រើនខ្លាំងឡើង ។ នៅពេលលោកបានសិក្សាកាន់តែដិតដល់អំពីព្រះជន្មនិងការសុគតរបស់ព្រះគ្រិស្ត លោកបានយល់កាន់តែច្បាស់អំពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ការពិបាកនិងទំនាស់នៃបេសកកម្មនោះ ។ ដោយមើលឃើញស្នាមរបួសនៅលើព្រះហស្តនិងព្រះបាទរបស់ព្រះគ្រិស្ត ជាសញ្ញាសម្គាល់នៃការបម្រើរបស់ទ្រង់ ចំពោះមនុស្សលោក និងរយៈពេលនៃការលះបង់ព្រះកាយ ដែលដឹកនាំឲ្យទ្រង់អាចសង្រ្គោះអ្នកបាត់បង់និងអ្នកដែលត្រូវវិនាស លោកម៉ាកុសបានយល់ព្រមដើរតាមព្រះដែលជាចៅហ្វាយដ៏ស្មោះស្ម័គ្រ នៅលើផ្លូវនៃការលះបង់ ។ ឥឡូវនេះ ដោយទទួលចំណែកនៃទុក្ខវេទនារបស់លោកប៉ុល ជាអ្នកជាប់គុក លោកបានយល់កាន់តែច្បាស់ជាងពេលមុនថា ការទទួលយកព្រះគ្រិស្ត នោះទទួលបាននូវអត្ថប្រយោជន៍ច្រើនឥតគណនា រីឯការទទួលយកលោកិយ គឺជាការបាត់បង់ដ៏គ្មានទីបញ្ចប់ និងជាការបាត់បង់ជីវិតចំពោះអ្នកដែលព្រះគ្រិស្តបានខ្ចាយព្រះលោហិតដើម្បីប្រោសលោះ ។ នៅចំពោះការលំបាក និងការខ្វះខាតយ៉ាងធ្ងន់ធ្ងរ លោកម៉ាកុសបានធ្វើជាអ្នកជំនួយដ៏វាងវៃនិងជាទីស្រឡាញ់ យ៉ាងរឹងមាំដល់សាវ័កប៉ុល។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្តីស្រឡាញ់វិញ ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង។ ( ភីលេម៉ូន ១:៩-១០ )