កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក២២
ខព្រះគម្ពីរប្រចាំថ្ងៃ: ខ្ញុំសូមឲ្យសេចក្តីប្រកបសេចក្តីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្តីអំណរ និងសេចក្តីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្តីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។ ភីលេម៉ូន ១:៦-៧
លោកប៉ុលបានស្ម័គ្រចិត្តស្នើសុំចេញសងប្រាក់បំណុលរបស់អូនេស៊ីម ដើម្បីឲ្យអ្នកដែលមានកំហុស រួចពីភាពអាម៉ាស់នៃការដាក់ទណ្ឌកម្ម ហើយអាចទទួលបានឯកសិទ្ធិដែលគាត់បានបាត់បង់នោះជាថ្មីឡើងវិញ។ លោកបានសរសេរទៅជូនលោកភីលេម៉ូនថា «ដូច្នេះ បើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ បើគាត់បានធ្វើអ្វីខុសឆ្គងនឹងអ្នក ឬជំពាក់អ្នក នោះត្រូវគិតលើខ្ញុំវិញ ប៉ុលខ្ញុំសរសេរដោយដៃខ្លួនថា ខ្ញុំនឹងសងអ្នក តែដែលអ្នកជំពាក់ខ្ញុំ ទាំងខ្លួនអ្នកផង នោះមិនថាទេ»។
នេះគឺជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ត ចំពោះមនុស្សមានបាបដែលបានកែប្រែចិត្ដ អ្នកបម្រើដែលបានបោកបញ្ឆោតចៅហ្វាយរបស់ខ្លួន គ្មានអ្វីដែលត្រូវសងវិញទេ ។ មនុស្សមានបាបដែលបានលួចកិច្ចការរបស់ព្រះជាច្រើនឆ្នាំ មិនមានលទ្ធភាពលុប បំណុលនោះចោលបានទេ។ ព្រះយេស៊ូវបានដោះស្រាយរវាងមនុស្សមានបាបនិងព្រះ ដោយបានមានបន្ទូលថា ខ្ញុំនឹងសងបំណុល ។ សូមឲ្យមនុស្សមានបាបបានរួចជីវិតចុះ ។ ខ្ញុំនឹងរងទុក្ខវេទនាជំនួសគេ ។
បន្ទាប់ពីបានស្នើសុំសងបំណុលរបស់អូនេស៊ីមរួចមក សាវ័កប៉ុលបានរំឭកភីលេម៉ូនអំពីបំណុលជាច្រើនដែលគាត់បានជំពាក់លោក ។ ភីលេម៉ូនបានជំពាក់ជីវិតចំពោះលោកប៉ុល ព្រោះព្រះបានធ្វើឲ្យលោកប៉ុលក្លាយជាឧបករណ៍នៃការកែប្រែចិត្ដរបស់ភីលេម៉ូន ។ បន្ទាប់មកលោកបានអង្វរដល់ភីលេម៉ូនដោយការអំពាវនាវយ៉ាងទន់ភ្លន់និងស្មោះស្ម័គ្រ ថាដោយការលះបង់របស់គាត់ នោះគាត់បានធ្វើឲ្យពួកបរិសុទ្ធមានកម្លាំងឡើងវិញ ក៏ដូចជាគាត់បានធ្វើឲ្យវិញ្ញាណនៃសាវ័កប៉ុលមានកម្លាំងឡើងវិញ ដោយផ្តល់នូវក្ដីអំណរជូនលោកផងដែរ ។ លោកបានបន្ថែមថា «ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយមានចិត្តជឿថា អ្នកនឹងស្តាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងជាក់ថា អ្នកនឹងធ្វើលើសអំពីសេចក្តីដែលខ្ញុំសូមនេះទៅទៀត»។
សំបុត្ររបស់លោកប៉ុលទៅកាន់ភីលេម៉ូនបង្ហាញពីឥទ្ធិពលនៃដំណឹងល្អ ទៅលើទំនាក់ទំនងរវាងចៅហ្វាយនិងអ្នកបម្រើ ។ ការជួលទាសករមកបម្រើគឺជាមធ្យោបាយដែលគេបានបង្កើតឡើងនៅទូទាំងចក្រភពរ៉ូម ហើយទាំងចៅហ្វាយនិងទាំងទាសករត្រូវបានគេរកឃើញនៅក្នុងពួកជំនុំភាគច្រើនដែលលោកប៉ុលបានធ្វើការជាមួយ ។ នៅតាមទីក្រុងមួយចំនួន ជាកន្លែងដែលទាសករច្រើនតែមានច្រើនលើសលុបជាងមនុស្សដែលមានសេរីភាព ច្បាប់នៃភាពធ្ងន់ធ្ងរដ៏គួរឲ្យភ័យខ្លាចត្រូវបានចាត់ទុកថាជាការចាំបាច់ ដើម្បីរក្សាពួកគេឲ្យនៅក្រោមអំណាច ជាញឹកញាប់ ពួកអ្នកមាននៅទីក្រុងរ៉ូមតែងតែមានទាសករជាច្រើននាក់ នៅគ្រប់ស្រទាប់ គ្រប់ជាតិសាសន៍ និងគ្រប់កិច្ចការ ។ ដោយការគ្រប់គ្រងទាំងស្រុងទៅលើចិត្តនិងរាងកាយនៃមនុស្សដែលអស់សង្ឃឹមទាំងនេះ គេអាចដាក់ទោសដល់ពួកគេឲ្យរងទុក្ខតាមតែចិត្តគេចង់។ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមពួកគេចង់សងសឹកឬការពារខ្លួន ដោយប្រថុយលើកដៃប្រឆាំងនឹងចៅហ្វាយរបស់ខ្លួននោះ គ្រួសាររបស់ជនល្មើសនោះទាំងមូល អាចត្រូវសម្លាប់ចោលដោយគ្មានត្រាប្រណី។ កំហុសតូចតាចដោយចៃដន្យ ឬការធ្វេសប្រហែសនឹងការងារ ត្រូវបានដាក់ទណ្ឌកម្មដោយគ្មានមេត្ដា។
ចៅហ្វាយនាយខ្លះដែលមានចិត្ដមេត្តាជាងចៅហ្វាយដទៃទៀត មានចិត្ដអាណិតអាសូរចំពោះអ្នកបម្រើរបស់ខ្លួនជាងចៅហ្វាយមួយចំនួន ។ ប៉ុន្តែ ភាគច្រើននៃពួកអ្នកមានទ្រព្យសម្បត្តិនិងពួកអភិជន គ្មានការអត់ធ្មត់ឡើយ គឺមានតែការចង់បាន សេចក្តីប្រាថ្នា និងមិនព្រមលះបង់ការជិះជាន់សង្កត់សង្កិនចោលឡើយ ដែលធ្វើឲ្យទាសកររបស់ពួកគេក្លាយជាជនរងគ្រោះដ៏សោកសៅ នៅក្រោមការប្រមាថនិងភាពផ្ដាច់ការ ។ និន្នាការនៃប្រព័ន្ធទាំងមូលនេះ គឺជាការថោកទាបដ៏អស់សង្ឃឹម។
វាមិនមែនជាកិច្ចការរបស់សាវ័កប៉ុល ក្នុងការផ្តួលរំលំមធ្យោបាយដែលបានបង្កើតឡើងនៅក្នុងសង្គម ដោយការរំលោភបំពានឬដោយភ្លាមៗនោះទេ ។ ការព្យាយាមធ្វើកិច្ចការនេះនឹងរារាំងភាពជោគជ័យនៃដំណឹងល្អ ។ ប៉ុន្តែ លោកបានបង្រៀនអំពីគោលការណ៍ដែលបានវាយប្រហារនៅមូលដ្ឋានគ្រឹះនៃទាសភាព ហើយប្រសិនបើការអនុវត្តន៍នេះមានប្រសិទ្ធិភាព នោះពិតជានឹងធ្វើឲ្យខូចដល់ប្រព័ន្ធនេះទាំងមូល ។ លោកបានមានប្រសាសន៍ថា «រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ» (កូរិនថូសទី២ ៣:១៧) ។ នៅពេលបានកែប្រែចិត្តហើយនោះ ទាសករបានក្លាយជាសមាជិកនៃរូបកាយរបស់ព្រះគ្រិស្ត ហើយក៏ត្រូវបានគេស្រឡាញ់និងរាប់អានទុកដូចជាបងប្អូនដូច្នោះដែរ ជាអ្នកស្នងមរតកនៃព្រះពររបស់ព្រះ និងឯកសិទ្ធិនៃដំណឹងល្អ ជាមួយនឹងចៅហ្វាយរបស់ខ្លួនដែរ។ ម្យ៉ាងវិញទៀត អ្នកបម្រើទាំងឡាយត្រូវបំពេញភារកិច្ចរបស់ខ្លួន «កុំបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបម្រើដូចជាបាវបម្រើរបស់ព្រះគ្រិស្តវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត» (អេភេសូរ ៦:៦)។
គ្រិស្តបរិស័ទបង្កើតចំណងសាមគ្គីភាពដ៏រឹងមាំរវាងចៅហ្វាយនិងទាសករ ស្ដេចនិងប្រជារាស្រ្ត អ្នកបម្រើដំណឹងល្អនិងមនុស្សមានបាបដែលគេមើលងាយ ដែលបានរកឃើញនៅក្នុងការសម្អាតពីអំពើបាបរបស់ព្រះគ្រិស្ត។ ពួកគេត្រូវបានលាងសម្អាតដោយព្រះលោហិតតែមួយ ដែលមានជីវិតដោយព្រះវិញ្ញាណដូចគ្នា ។ ហើយពួកគេត្រូវបានបង្កើតឡើងតែមួយ នៅក្នុងព្រះគ្រិស្តយេស៊ូវ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តីតាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា។ ( អេភេសូរ ៣:២០ )