ថ្ងៃច័ន្ទ ទី១៨​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៤)៖ ​​

ព្រះរាជវង្សរបស់ស្តេចសេសារ


អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​២៣

ខព្រះគម្ពីរប្រចាំថ្ងៃ: ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូច​ជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះបន្ទូល​មិន​បាន​ជាប់​ចំណង​ទេ។ ធីម៉ូថេទី២ ២:៩

ដំណឹងល្អបានទទួលជោគជ័យដ៏អស្ចារ្យបំផុតក្នុងចំណោមវណ្ណៈទន់ទាប ។ «ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច និងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ» (កូរិនថូសទី១ ១:២៦) ។ គេមិនអាចរំពឹងថាលោកប៉ុលដែលជាអ្នកទោស​ដែលក្រីក្រ អាចទាក់ទាញចំណាប់អារម្មណ៍​ពីពួកអ្នកមាននិងអ្នកដែលមានកេរ្តិ៍ឈ្មោះជាពលរដ្ឋនៅទីក្រុងរ៉ូមនោះឡើយ។ ចំពោះពួកគេ អំពើអាក្រក់បានបង្ហាញនូវការទាក់ទាញតាមចំណង់តណ្ហារបស់ខ្លួន ភ្លឺចិញ្ចាចចិញ្ចែង ហើយបានចាប់យកពួកគេធ្វើជាទាសករផង ។ ក៏ប៉ុន្តែ ក្នុងចំណោមអ្នករងគ្រោះដោយការពិបាក ជនរងគ្រោះពីការវាយប្រហារដោយសេចក្តីប៉ងប្រាថ្នា ដោយសារការជិះជាន់របស់ពួកគេ រហូតដល់ក្នុងចំណោមពួកទាសករក្រីក្រ ពួកគេជាច្រើនបានស្ដាប់តាមសម្ដីរបស់លោកប៉ុលដោយរីករាយ ហើយបានរកឃើញក្ដីសង្ឃឹមនិងសេចក្តីសុខសាន្តនៅក្នុងសេចក្ដីជំនឿរបស់ព្រះគ្រិស្ត ដែលបានលើកទឹកចិត្តពួកគេនៅក្រោមការលំបាករបស់ខ្លួន។

ក៏ប៉ុន្ដែពេលដែលកិច្ចការរបស់សាវ័កប៉ុលបានចាប់ផ្ដើមជាមួយមនុស្សដែលបន្ទាបខ្លួននិងអ្នកមានត្រកូលទន់ទាប ឥទ្ធិពលនៃកិច្ចការនោះបានពង្រីករហូតដល់ព្រះរាជវាំងរបស់ព្រះចៅអធិរាជ។

នៅសម័យនោះ ទីក្រុងរ៉ូម គឺជារាជធានីនៃពិភពលោក។ ស្ដេចសេសារដ៏ក្រអឺតក្រទមជាអ្នកធ្វើច្បាប់សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើផែនដី ។ ទាំងព្រះមហាក្សត្រនិងពួកនាហ្មឺនមិនអើពើនឹងព្រះយេស៊ូវដ៏ទន់ទាបនៃស្រុកណាសារ៉ែតទេ ឬបានចាត់ទុកទ្រង់ជាមនុស្សគួរឲ្យស្អប់ខ្ពើមនិងចំអកមើលងាយផង។ ហើយក្នុងរយៈពេលមិនទាំងដល់ពីរឆ្នាំផង ដំណឹងល្អបានរក​ឃើញផ្លូវរបស់ខ្លួន ចេញពីផ្ទះអ្នកជាប់ឃុំឃាំង ចូលទៅក្នុងព្រះរាជវាំងនៃព្រះចៅអធិរាជ ។ លោកប៉ុលបានជាប់ចំណងជាអ្នកប្រព្រឹត្ដអាក្រក់។ ប៉ុន្តែ «ព្រះបន្ទូលមិនបានជាប់ចំណងទេ» (ធីម៉ូថេទី២ ២:៩)។

កាលពីឆ្នាំមុនៗ សាវ័កប៉ុលបានប្រកាសជាសាធារណៈ​អំពីសេចក្ដីជំនឿនៃព្រះគ្រិស្តដោយអំណាចនៃជ័យជម្នះ ហើយលោកបានផ្តល់ភស្តុតាងយ៉ាងច្បាស់អំពីលក្ខណៈរបស់ព្រះ តាមរយៈទីសម្គាល់និងការអស្ចារ្យ។ ដោយបានក្រោកឡើងនៅចំពោះមុខពួកអ្នកប្រាជ្ញនៃសាសន៍ក្រិកជាមួយនឹងអ្នកមានភាពរឹងមាំដ៏ថ្លៃថ្នូរ និងចំណេះដឹងខាងវោហារកោសល្យរបស់គាត់ លោកបានធ្វើឲ្យអំណះអំណាងនៃទស្សនវិទូដ៏អំនួតត្រូវស្ងៀមស្ងាត់។ លោកបានឈរនៅចំពោះស្តេចនិងអភិបាលខេត្តដោយមានចិត្ដក្លាហានយ៉ាងលើសលុប ហើយពិចារណារកហេតុផលអំពីសេចក្តីសុចរិត ការចេះប្រមាណ និងការជំនុំជម្រះដែលនឹងចូលមកដល់នៅពេលខាងមុខ រហូតដល់ពួកអ្នកដឹកនាំដ៏ក្រអឺតក្រទមទាំងនោះញ័ររន្ធត់ ហាក់ដូចជាពួកគេកំពុងទទួលថ្ងៃដ៏តក់ស្លុត​របស់ព្រះរួចទៅហើយដូច្នោះដែរ។

ឥឡូវនេះ ព្រះមិនបានប្រទានឱកាសបែបនោះដល់សាវ័កប៉ុលទេ ដោយត្រូវបានគេឃុំឃាំងនៅតែក្នុងលំនៅដ្ឋានរបស់លោក ហើយលោកអាចប្រកាសពីសេចក្ដីពិតដល់អស់អ្នកដែលទៅរកលោកដល់នៅទីនោះប៉ុណ្ណោះ។ លោកមិនមានការត្រាស់បង្គាប់ពីព្រះឲ្យចូលទៅជួបស្តេចដែលប្រព្រឹត្តខុសគន្លងសីលធម៌ និងនៅក្នុងនាមនៃព្រះដ៏ជាព្រះ ដែលបានបន្ទោសដល់ភាពឃោរឃៅនិងការជិះជាន់របស់ស្តេច ដូចជាលោកម៉ូសេនិងលោកអើរ៉ុននោះទេ ។ ប៉ុន្តែ នៅពេលនោះឯង គឺជាពេលដែលការគាំទ្រដល់ការងារនោះត្រូវបានកាត់ផ្តាច់ចេញពីការងារសាធារណៈ គឺជាជ័យជម្នះដ៏ធំសម្រាប់ដំណឹងល្អ ព្រោះមានសមាជិកត្រូវបានបន្ថែមចូលទៅក្នុងពួកជំនុំ ពីរាជវង្សនៃព្រះចៅ​អធិរាជ។

គ្មានកន្លែងណាដែលមានបរិយាកាសនៃជាតិសាសន៍ខុសៗគ្នាជាច្រើន ក្នុងចំណោមគ្រិស្តសាសនាខ្លាំងជាងនៅក្នុងព្រះរាជវាំងនៃទីក្រុងរ៉ូមឡើយ។ ស្តេចនេរ៉ូហាក់ដូចជាបានលុបបំបាត់ស្នាមគំនូសដ៏តិចតួចចុងក្រោយរបស់​​ព្រះចេញពីព្រះទ័យរបស់ទ្រង់ ហើយរហូតដល់បាត់បង់ស្មារតីជាមនុស្ស និងទទួលចំណាប់អារម្មណ៍របស់សាតាំងទៅវិញ។ អ្នកបម្រើនិងអ្នកយាមកាមរបស់ទ្រង់ក៏មានអត្តចរិតជាទូទៅដូចព្រះអង្គដែរ គឺកាចសាហាវ ព្រៃផ្សៃនិង​ពុករលួយ។ លក្ខណៈទាំងអស់នេះ ធ្វើឲ្យគ្រិស្តសាសនាមិនអាចឈានចូលទៅក្នុងព្រះរាជវង្សនិងព្រះរាជវាំងរបស់ស្តេចនេរ៉ូបានឡើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តីតាម​ព្រះចេស្តាដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា។ ( អេភេសូរ ៣:២០ )

Powered by CAM