កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៧
លោកប៉ុលបានចាត់ទុកថានេះជាឱកាសដែលព្រះប្រទានឲ្យ ហើយលោកបានបង្កើនឱកាសនេះដោយស្មោះត្រង់ ។ លោកបានដឹងថាលោកបានឈរនៅចំពោះមុខអ្នកដែលមានអំណាចអាចសម្លាប់លោកឬដោះលែងលោកបាន តែលោកក៏មិនបាននិយាយកោតសរសើរឬបញ្ចើចបញ្ចើដល់លោកភីលីចនិងនាងទ្រូស៊ីល ជាភរិយាដែរ ។ លោកបានដឹងថាពាក្យសម្ដីរបស់លោកនឹងនាំឲ្យពួកគេមានជីវិតឬស្លាប់ ហើយដោយបំភ្លេចពីប្រយោជន៍ផ្ទាល់ខ្លួន លោកបានព្យាយាមបំផុសគំនិតគេឲ្យដឹងពីសេចក្តីវេទនារបស់ពួកគេទៅវិញ ។
សាវ័កប៉ុលបានដឹងថាដំណឹងល្អមានការទាមទារពីអ្នកណាដែលស្តាប់ពាក្យរបស់គាត់ នៅថ្ងៃណាមួយ ពួកគេនឹងឈរនៅក្នុងចំណោមពួកបរិសុទ្ធនិងសុចរិត នៅជុំវិញបល្ល័ង្កពណ៌សដ៏អស្ចារ្យ ឬជាមួយអស់អ្នកដែលព្រះគ្រិស្តមានបន្ទូលទៅកាន់ថា «នែពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២៣)។ លោកបានដឹងថាលោកត្រូវតែជួបអ្នកស្ដាប់របស់លោកម្នាក់ៗនៅចំពោះមុខតុលាការនៅឋានសួគ៌ ហើយត្រូវទទួលខុសត្រូវ មិនគ្រាន់តែចំពោះអ្វីដែលលោកបានមានប្រសាសន៍និងបានធ្វើនោះទេ ប៉ុន្តែ ចំពោះគោលបំណងនិងស្មារតីនៃពាក្យសម្ដីនិងការប្រព្រឹត្ដរបស់លោកផងដែរ ។
អំពើហិង្សានិងភាពឃោរឃៅបែបនេះគឺជាអត្តចរិតរបស់លោកភេលីច ដែលមនុស្សមួយចំនួនតូច ដែលហ៊ានស្និទ្ធស្នាលជាមួយលោកបានអះអាងថាអត្តចរិតនិងអាកប្បកិរិយារបស់លោកមិនមានកំហុសទេ ។ ប៉ុន្ដែ លោកប៉ុលមិនខ្លាចចំពោះមនុស្សទេ។ លោកបានប្រកាសយ៉ាងច្បាស់អំពីសេចក្ដីជំនឿរបស់លោកទៅលើព្រះគ្រិស្ត និងហេតុផលនៃជំនឿនោះ ដែលបានដឹកនាំឲ្យលោកនិយាយ ជាពិសេសអំពីគុណធម៌ទាំងនោះ ដែលចាំបាច់ចំពោះលក្ខណៈរបស់គ្រិស្តបរិស័ទ ប៉ុន្តែ នៅចំពោះលោកភេលីចនិងលោកទ្រូស៊ីលគុណធម៌ដែលលោកប៉ុលមាន លោកទាំងពីរនេះខ្វះខាតទាំងស្រុង។លោកប៉ុលបានលើកឡើងពីលក្ខណៈរបស់ព្រះនៅចំពោះមុខលោកភេលីច និងនាងទ្រូស៊ីល គឺសេចក្ដីសុចរិត យុត្ដិធម៌ សមភាព និងធម្មជាតិនៃក្រឹត្យវិន័យរបស់ទ្រង់ ។ លោកបានបង្ហាញយ៉ាងច្បាស់ថា គឺជាកាតព្វកិច្ចរបស់មនុស្ស ក្នុងការរស់នៅជាជីវិតដែលមានភាពរឹងមាំនិងចេះប្រមាណរក្សាចំណង់ចំណូលចិត្តឲ្យនៅក្រោមការគ្រប់គ្រងនៃហេតុផល ស្របតាមច្បាប់របស់ព្រះ និងរក្សាថាមពលខាងរាងកាយនិងគំនិត ក្នុងស្ថានភាពសុខភាព ។ លោកបានប្រកាសថាប្រាកដជានឹងមានថ្ងៃជំនុំជម្រះ ដែលមនុស្សគ្រប់គ្នានឹងទទួលបានរង្វាន់តាមការដែលខ្លួនប្រព្រឹត្តរៀងៗខ្លួន ហើយពេលដែលថ្ងៃនោះនឹងបានបង្ហាញយ៉ាងច្បាស់ថា ទ្រព្យសម្បត្ដិ មុខតំណែង ឬឋានៈ គ្មានអំណាចធ្វើឲ្យព្រះសព្វព្រះហឫទ័យ ឬរំដោះលោកឲ្យរួចពីលទ្ធផលនៃអំពើបាបបានឡើយ។ លោកបានបង្ហាញថាជីវិតនេះគឺជាពេលវេលានៃការរៀបចំសម្រាប់ជីវិតនាពេលអនាគត ។ ប្រសិនបើលោកមិនយកចិត្តទុកដាក់ចំពោះឯកសិទ្ធិនិងឱកាសនាពេលបច្ចុប្បន្ននេះទេ លោកនឹងទទួលរងការបាត់បង់ជារៀងរហូត គ្មានពេលសាកល្បងជាលើកទីពីរនឹងត្រូវផ្តល់ឲ្យគាត់ឡើយ។
លោកប៉ុលបានរស់នៅជាពិសេសលើសពីការទាមទារដ៏ទូលំទូលាយ នៃក្រឹត្យវិន័យរបស់ព្រះ ។ លោកបានបង្ហាញពីរបៀបដែលក្រឹត្យវិន័យនោះលាតសន្ធឹងពីអាថ៌កំបាំងដ៏ជ្រាលជ្រៅនូវនិស្ស័យសីលធម៌របស់មនុស្ស ហើយបានជះពន្លឺភ្លឺព្រោងព្រាតទៅលើអ្វីដែលបានលាក់កំបាំងពីការមើលឃើញនិងពីចំណេះដឹងរបស់មនុស្ស ។ អ្វីដែលដៃអាចធ្វើឬអណ្តាតអាចថ្លែងបាន គឺជាអ្វីដែលជីវិតខាងក្រៅបានបង្ហាញ ប៉ុន្ដែ ភាពមិនគ្រប់លក្ខណ៍បង្ហាញពីចរិតលក្ខណៈសីលធម៌របស់មនុស្ស ។ ច្បាប់មើលទៅឯគំនិត មូលហេតុ និងគោលបំណងរបស់លោក ។ បំណងប្រាថ្នាដ៏ខ្មៅងងឹត ដែលលាក់កំបាំងពីភ្នែករបស់មនុស្ស មានការច្រណែន សម្អប់ ការស្រេកឃ្លាន និងមហិច្ឆតា អំពើអាក្រក់ ដែលរំពឹងគិតពៅរឿងខ្មៅងងឹតនៅក្នុងចិត្ត មិនទាន់មានឱកាសនឹងបញ្ចេញមកខាងក្រៅ ទាំងអស់នេះជារឿងដែលគ្រឹត្យវិន័យរបស់ព្រះថ្កោលទោស។
លោកប៉ុលខំប្រឹងដឹកនាំគំនិតអ្នកស្ដាប់របស់លោកឲ្យគិតអំពីព្រះយេស៊ូវ ដែលជាតង្វាយយញ្ញបូជាដ៏ធំ សម្រាប់អំពើបាប ។ លោកបានចង្អុលបង្ហាញអំពីតង្វាយយញ្ញបូជាដែលជាស្រមោលនៃការល្អដែលនឹងមកដល់ ហើយបន្ទាប់មក លោកបានបង្ហាញព្រះគ្រិស្តថាជាតង្វាយពិតប្រាកដនៃពិធីទាំងនោះ ជារូបអង្គដែលតង្វាយទាំងនោះបានចង្អុលបង្ហាញ ថាជាប្រភពតែមួយគត់នៃជីវិតនិងក្តីសង្ឃឹមរបស់មនុស្សដែលបានធ្លាក់ចុះ ។ មនុស្សបរិសុទ្ធពីបុរាណត្រូវបានសង្រ្គោះដោយសារសេចក្តីជំនឿលើព្រះលោហិតរបស់ព្រះគ្រិស្ត។ ខណៈដែលពួកគេបានឃើញការឈឺចាប់នៅពេលជិតស្លាប់របស់កូនចៀមរងគ្រោះ ជាតង្វាយយញ្ញបូជា ពួកគេបានសម្លឹងមើលទៅសម័យកាលខាងមុខ រហូតកូនចៀមនៃព្រះដែលលោះបាបមនុស្សលោក។
ព្រះបានទាមទារនូវសេចក្ដីស្រឡាញ់ និងការគោរពប្រតិបត្តិដ៏យុត្តិធម៌ ពីមនុស្សលោកទាំងឡាយដែលទ្រង់បានបង្កើត ។ ព្រះអង្គបានប្រទានស្តង់ដារនៃអំពើល្អគ្រប់លក្ខណ៍ដល់ពួកគេ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់ ។ ប៉ុន្ដែ មនុស្សជាច្រើនភ្លេចអ្នកបង្កើតរបស់ខ្លួន ហើយបានជ្រើសរើសដើរតាមផ្លូវរបស់ពួកគេផ្ទាល់ ដែលផ្ទុយពីបំណងព្រះហឫទ័យរបស់ទ្រង់ ។ ពួកគេបានត្រឡប់ទៅជាខ្មាំងសត្រូវនឹងសេចក្ដីស្រឡាញ់ ដែលខ្ពស់ដល់ឋានសួគ៌ និងធំទូលាយដូចជាចក្រវាល ។ ព្រះមិនអាចបន្ទាបតម្រូវការនៃក្រឹត្យវិន័យរបស់ទ្រង់ ដើម្បីបំពេញតាមស្តង់ដាររបស់មនុស្សអាក្រក់ទេ ហើយក៏គ្មានមនុស្សណាម្នាក់អាចអនុវត្តតាមការទាមទាររបស់ក្រឹត្យវិន័យនេះ ដោយអំណាចរបស់ខ្លួនឯងបានដែរ ។ មានតែតាមរយៈសេចក្តីជំនឿលើព្រះគ្រិស្តប៉ុណ្ណោះ ទើបព្រះអាចលាងសម្អាតបាបជនពីទោសកំហុស ហើយធ្វើឲ្យគេអាចគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអាទិកររបស់គេបាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ (កាឡាទី ៦:៧)។