ថ្ងៃពុធ ទី២០​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤៤)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​២៥

ខព្រះគម្ពីរប្រចាំថ្ងៃ: ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់​​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះគ្រីស្ទ​វិញ។ ភីលីព ៣:៨

សូមកុំឲ្យអ្នកដើរតាមព្រះគ្រិស្តគិតថា ខ្លួនគ្មានកិច្ចការដែលត្រូវបំពេញ ឬក៏គ្មានរង្វាន់ដែលត្រូវទទួល នៅពេលដែលគេមិនអាចធ្វើការដោយបើកចំហនិងយ៉ាងសកម្មសម្រាប់ព្រះនិងសេចក្តីពិតរបស់ទ្រង់នោះឡើយ ។ ស្មរបន្ទាល់ពិតប្រាកដរបស់ព្រះគ្រិស្តនឹងមិនត្រូវបានទុកចោលទេ ។ ទោះបីនៅ​ពេលជាឬឈឺ រស់ ឬស្លាប់ក៏ដោយ ក៏ព្រះនៅតែប្រើពួកគេដែរ ។ នៅពេលពួកអ្នកបម្រើរបស់ព្រះគ្រិស្តត្រូវបានបៀតបៀនដោយអំពើអាក្រក់របស់សាតាំង ការងារដ៏សកម្មរបស់ពួកគេបានរារាំង នៅពេលពួកគេត្រូវបាន​គេ​ចាប់ដាក់គុក ឬក៏អូសទៅដាក់ក្នុងជង្រុកឬខ្នោះក្នៀង ឬបង្គោលភ្លើងក្តី ការនោះធ្វើឲ្យសេចក្តីពិតអាចទទួលបានជ័យជម្នះកាន់តែធំធេង ។ នៅពេលអ្នកស្មោះត្រង់ទាំងនេះបានបោះត្រាទីបន្ទាល់របស់ពួកគេដោយឈាម ពួកមនុស្សដែលពីមុនធ្លាប់តែសង្ស័យនិងមិនច្បាស់លាស់ មានការជឿជាក់​ទៅ​លើសេចក្តីជំនឿដល់ព្រះគ្រិស្ត ហើយបានឈរយ៉ាងក្លាហាននៅខាងទ្រង់។ ពន្លកជាច្រើនបានដុះចេញពីផេះនៃពួកបរិសុទ្ធ បង្កើតបានជាចម្រូត​ដ៏ធំ​ថ្វាយ ព្រះជាម្ចាស់។

ចិត្តពុះកញ្រ្ជោលនិងភាពស្មោះត្រង់របស់លោកប៉ុលនិងមិត្តរួមការងាររបស់លោក មិនអន់ជាងជំនឿនិងការគោរពប្រតិបត្តិនៃពួកអ្នកដែលបានផ្លាស់ប្រែចិត្ត មកជឿគ្រិស្តសាសនា នៅក្រោមកាលៈទេសៈ​ដែល​គេ​ហាម​ឃាត់ ស្ដីបន្ទោសដោយភាពខ្ជិលច្រអូស និងការខ្វះជំនឿលើអ្នកបម្រើរបស់ព្រះគ្រិស្ត នោះទេ ។ សាវ័កប៉ុលនិងពួកសហការីរបស់លោក​ប្រហែលជា​បាន​ប្រកែកថា ការអំពាវនាវឲ្យមានការប្រែចិត្តនិងជំនឿលើព្រះគ្រិស្ត ដល់អ្នកបម្រើរបស់ស្តេចនេរ៉ូនោះនឹងមិនមានប្រយោជន៍ទេ ខណៈដែលពួកគេទទួលរងនូវការល្បួងដ៏កាចសាហាវដែលព័ទ្ធជុំវិញដោយឧបសគ្គជាច្រើន ហើយត្រូវប្រឈមនឹងការប្រឆាំងដ៏ជូរចត់នោះ ។ ទោះជាពួកគេគួរបានកែប្រែចិត្តជឿលើសេចក្ដីពិតក៏ដោយ តើពួកគេអាចស្ដាប់បង្គាប់បានយ៉ាងណាទៅ? ប៉ុន្ដែ លោកប៉ុលមិនបានគិតដូច្នេះទេ លោកបានបង្ហាញដំណឹងល្អដល់មនុស្សទាំងនេះដោយសេចក្ដីជំនឿ ហើយក្នុងចំណោមអ្នកដែលបានឮ អ្នកខ្លះបានសម្រេចចិត្តគោរពតាម ទោះបីជាត្រូវបាត់បង់អ្វីក៏ដោយ ។ ទោះបីជាមានឧបសគ្គនិងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកគេបានទទួលយក​ពន្លឺ ហើយទុកចិត្តដល់ព្រះឲ្យជួយពួកគេ ក្នុងការបញ្ចេញពន្លឺរបស់ពួកគេឲ្យ​ចែងចាំងដល់អ្នកដទៃដែរ។

រាជវង្សនៃស្តេចសេសារមិនត្រឹមតែបានកែប្រែចិត្តទទួលសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្ដែ បន្ទាប់ពីការប្រែចិត្ដរបស់ពួកគេរួចមក ពួកគេនៅតែរស់នៅក្នុងរាជវង្សនោះដដែល ។ ពួកទ្រង់មិនបានគិតថា ទ្រង់មានសេរីភាពក្នុងការបោះបង់ចោលតួនាទីរបស់ទ្រង់ ពីព្រោះនៅជុំវិញទ្រង់លែងមានភាពត្រូវគ្នានោះទេ ។ សេចក្តីពិតបានរកឃើញពួកទ្រង់នៅទីនោះ ហើយពួក​ទ្រង់រស់​នៅ​ទីនោះ ដោយជីវិតនិងអត្តចរិតដែលបានកែប្រែរបស់ទ្រង់ កំពុងបញ្ជាក់ពីអំណាចផ្លាស់ប្តូរនៃសេចក្ដីជំនឿថ្មី។

តើមានសេចក្តីល្បួងណា បានធ្វើឲ្យស្ថានភាពរបស់ពួកទ្រង់ ក្លាយទៅជាការយកលេសមិនធ្វើទីបន្ទាល់អំពីព្រះគ្រិស្តដែរឬទេ? សូមឲ្យពួកគេពិចារណាអំពីស្ថានភាពរបស់ពួកសិស្សនៅក្នុងរាជវង្សរបស់សេសារ ជាភាពគ្មាន​គុណធម៌នៃព្រះចៅអធិរាជ ជាភាពងាយស្រួលនៃព្រះរាជវាំង។ យើងស្ទើរតែមិនអាចស្រមៃឃើញពីស្ថានភាពដែលមិនអំណោយផល ដល់ជីវិតខាង​សាសនា​និងការលះបង់ ឬការប្រឆាំងណាដែលខ្លាំងជាងការដែលពួកអ្នកបានកែប្រែចិត្តទាំងនេះបានរកឃើញខ្លួនឯងឡើយ ។ តែពួកគេបានរក្សាភាពស្មោះត្រង់របស់ពួកគេ នៅកណ្តាលការលំបាកនិងគ្រោះថ្នាក់ជាច្រើន។ ដោយសារឧបសគ្គដែលមើលទៅហាក់ដូចជាមិនអាចទ្រាំបានគ្រិស្ដសាសនិកប្រហែលជាខំរកលេសមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតដូចដែលមាននៅក្នុងព្រះយេស៊ូវនោះទេ ប៉ុន្តែ គេមិនអាចមានលេសដោះសា ដែលនឹងធ្វើឲ្យខ្លួនខុសប្លែកពីព្រះយេស៊ូវនោះទេ ប្រសិនបើគេអាចធ្វើដូច្នេះ គេបានបង្ហាញថាព្រះមានភាពអយុត្តិធម៌ហើយ ព្រោះទ្រង់បានបង្កើតលក្ខខណ្ឌនៃសេចក្ដីសង្រ្គោះសម្រាប់កូនៗរបស់ទ្រង់ ដែលពួកគេមិនអាចធ្វើតាមបាន។

អ្នកមានចិត្តចង់បម្រើដល់ទ្រង់នឹងរកឃើញឱកាសធ្វើបន្ទាល់ពីទ្រង់ ។ ការពិបាកនឹងគ្មានអំណាចដើម្បីរារាំងអ្នកដែលតាំងចិត្តស្វែងរកនគរ និងសេចក្ដីសុចរិតរបស់ព្រះជាមុននោះឡើយ។ អ្នកនោះនឹងស្វែងរកគុណធម៌ហើយបោះបង់ចោលការអាក្រក់ ដោយកម្លាំងដែលទទួលបានតាមរយៈការអធិដ្ឋាននិងការសិក្សាព្រះបន្ទូល។ ដោយសម្លឹងមើលព្រះយេស៊ូវ ជាព្រះដែលបានបង្កើតនិងអ្នកបញ្ចប់សេចក្ដីជំនឿ ដែលបានស៊ូទ្រាំនឹងភាពផ្ទុយគ្នានៃមនុស្សមានបាបប្រឆាំងនឹងអង្គទ្រង់ នោះអ្នកជឿត្រូវតែហ៊ានថ្កោលទោសនិងទិតៀន ។ ព្រះដែលជាព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្តីពិត ដែលសន្យាថានឹងប្រទានជំនួយនិងព្រះគុណគ្រប់គ្រាន់ សម្រាប់គ្រប់កាលៈទេសៈ​ទាំង​អស់ ។ ព្រះហស្តដ៏អស់កល្បរបស់ទ្រង់ព័ទ្ធជុំវិញមនុស្សដែលបែរទៅរកទ្រង់ដើម្បីសុំជំនួយ។ យើងអាចសម្រាកដោយសុវត្ថិភាពនៅក្នុងការថែរក្សារបស់ទ្រង់ដោយនិយាយថា «តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹង​ទុក​ចិត្តដល់ទ្រង់» (ទំនុកតម្កើង ៥៦:៣) ។ ព្រះទ្រង់នឹងបំពេញតាមការសន្យារបស់ទ្រង់ដល់អស់អ្នកដែលទុកចិត្តដល់ទ្រង់។

តាមគំរូរបស់ទ្រង់ផ្ទាល់ ព្រះអង្គសង្រ្គោះបានបង្ហាញថាអ្នកដើរតាមទ្រង់អាចនៅក្នុងលោកិយ តែមិនមែនជារបស់លោកិយទេ ។ ទ្រង់មិនបានយាងមកក្នុងលោកិយនេះដើម្បីទទួលការសប្បាយតាមការបោកបញ្ឆោតរបស់វាទេ ទ្រង់មិនមែនយាងមកធ្វើតាមប្រពៃណីរបស់វាទេ ហើយក៏មិនមែនមកដើម្បីធ្វើតាមការប្រព្រឹត្ដរបស់វាដែរ ប៉ុន្តែ ដើម្បីធ្វើតាមព្រះហឫទ័យនៃព្រះវរបិតារបស់ទ្រង់វិញ គឺដើម្បីស្វែងរកនិងជួយសង្រ្គោះមនុស្សបាត់បង់។ ជាមួយនឹងវត្ថុបំណងនេះនៅចំពោះមុខ គ្រិស្តបរិស័ទអាចឈរនៅដាច់ដោយឡែកពីបរិយាកាសដែលនៅជុំវិញខ្លួន ទោះបីជានៅក្នុងស្ថានភាពឬកាលៈទេសៈណាក៏ដោយ គេត្រូវលើកតម្កើងឬបន្ទាបចុះក៏ដោយ ក៏គេនៅតែបង្ហាញពីអំណាចនៃសាសនាពិតប្រាកដ ក្នុងការបំពេញភារកិច្ចដ៏ស្មោះត្រង់របស់ខ្លួនដែរ។

អត្តចរិតរបស់គ្រិស្តបរិស័ទមានការរីកចម្រើន មិនមែននៅក្នុងសេរីភាពពីការពិបាកទេ ប៉ុន្តែ នៅកណ្តាលការពិបាកនេះវិញ ។ ការទទួលរងនូវការបោះបង់និងការប្រឆាំង ដឹកនាំអ្នកដើរតាមព្រះគ្រិស្តឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការអធិដ្ឋានដ៏ស្មោះស្ម័គ្រ ទៅរកព្រះដ៏ជាជំនួយ​ដ៏ខ្ពស់បំផុត ។ ការសាកល្បងធ្ងន់ធ្ងរដែលបានស៊ូទ្រាំដោយព្រះគុណនៃព្រះ ធ្វើឲ្យមានការរីកចម្រើនខាងភាពអត់ធ្មត់ ការប្រុងប្រយ័ត្ន ភាពរឹងប៉ឹង និង​ទំនុកចិត្តយ៉ាងជ្រាលជ្រៅចំពោះព្រះ ។ គឺជាជ័យជម្នះនៃជំនឿគ្រិស្តបរិស័ទនេះហើយ ដែលអាចធ្វើឲ្យអ្នកដើរតាមមានជំនឿ ការរងទុក្ខនិងមាន​ភាព​រឹងមាំ ដើម្បីចុះចូលនិងយកឈ្នះក្នុងការស្លាប់ជារៀងរាល់ថ្ងៃតែរស់ឡើងវិញ​ដើម្បី​លីឈើឆ្កាង ហើយដើម្បីទទួលបានមកុដនៃសិរីល្អ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តីតាម​ព្រះចេស្តាដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា។ ( អេភេសូរ ៣:២០ )

Powered by CAM