ថ្ងៃព្រហស្បតិ៍ ទី២១​ ខែមករា ឆ្នាំ២០២១

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៥)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកាឡាទី និងភីលីព។​

បានសរសេរចេញពីទីក្រុងរ៉ូម

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​២៦

ខព្រះគម្ពីរប្រចាំថ្ងៃ: ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ព្រះ។ អេភេសូរ ៣:១៩

ព្រះបានប្រទានឱកាសពិសេសដល់សាវ័កប៉ុល នៅដើមដំបូងនៃបទពិសោធន៍ជាគ្រិស្តបរិស័ទរបស់លោក ដើម្បីរៀនសូត្រពីព្រះហឫទ័យរបស់ព្រះ ទាក់ទងនឹងអ្នកដើរតាមព្រះយេស៊ូវ ។ លោកត្រូវ «បានលើកឡើង​ទៅ​ឋានសួគ៌ នៅជាន់ទីបី» «អ្នកនោះបានលើកឡើងដល់ឋានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ» ។ លោកទទួលស្គាល់ដោយខ្លួនឯងថា «ការជាក់ស្តែង និងការបើកសម្តែងមកពីព្រះអម្ចាស់ទៀត» ត្រូវបានប្រទានដល់លោក «មកអំពីព្រះ» ។ ការយល់របស់លោកអំពីគោលការណ៍នៃសេចក្តីពិតរបស់ដំណឹងល្អ «មិន​ចាញ់ពួកសាវ័កធំណាមួយនោះទេ» (កូរិនថូសទី២ ១២: ២, ៤, ១, ១១) ។ លោកមានការយល់ដឹងច្បាស់លាស់អំពី «ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់» នៃ «សេចក្តីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រិស្តដ៏រកគិតមិនយល់» (អេភេសូរ ៣:១៨, ១៩)។

លោកប៉ុលមិនអាចប្រាប់ពីអ្វីៗទាំងអស់ ដែលគាត់បានឃើញក្នុងចក្ខុនិមិត្ដនោះឡើយ ដ្បិតក្នុងចំណោមអ្នកស្ដាប់ទាំងនោះមានអ្នកខ្លះដែលមិនធ្វើតាមពាក្យសម្ដីរបស់លោក។ ប៉ុន្តែ អ្វីដែលបានបង្ហាញដល់លោកនៅក្នុងការបើកសម្តែងនោះ បាន​ជួយឲ្យលោកធ្វើការជាមេដឹកនាំនិងជាគ្រូបង្រៀនដែល​ប្រកបដោយប្រាជ្ញា ហើយក៏បានបង្កើតសារដែលប៉ុន្មានឆ្នាំក្រោយមកបានផ្ញើទៅកាន់ពួកជំនុំផងដែរ ។ ចំណាប់អារម្មណ៍ដែលលោកបានទទួលនៅពេលដែលលោកបានឃើញការបើកសម្តែងនោះ នៅជាមួយនឹង​លោក​ជានិច្ច ធ្វើឲ្យលោកអាចធ្វើជាគំរូដ៏ត្រឹមត្រូវអំពីអត្តចរិតគ្រិស្តបរិស័ទ។ លោកបាននាំមកនូវជំនួយនិងកម្លាំងដល់ពួកជំនុំរបស់ព្រះ តាមរយៈពាក្យ​សម្តី​និង​សំបុត្រដែលលោកបានសរសេរ។ សារនេះនិយាយយ៉ាងច្បាស់​ជាមួយ​ពួក​អ្នកជឿសព្វថ្ងៃនេះ អំពីគ្រោះថ្នាក់ដែលនឹងគំរាមកំហែងដល់ពួកជំនុំ និងគោលលទ្ធិក្លែងក្លាយដែលពួកគេនឹងជួបប្រទះ។

សាវ័កប៉ុលមានបំណងចង់ឲ្យពួកអ្នកដែលគាត់បានផ្ញើសំបុត្រទៅទូន្មាន និងដាស់តឿននោះ «កុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់​ទាំង​ខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្តី​ឆបោក​របស់ផងមនុស្ស ហើយដោយឧបាយកលដែលគេប្រើនឹងនាំ​ឲ្យវង្វេង​ទៀត​ឡើយ»។ ប៉ុន្តែ ឲ្យពួកគេទាំងអស់គ្នា «បានរួបរួម ខាងឯសេចក្តីជំនឿ​រួច​ជា​ស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បាន​ពេញ​ជាមនុស្ស ហើយដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រិស្ត» ។ លោកបានអង្វរដល់អស់អ្នកដែលជាអ្នកដើរតាមព្រះយេស៊ូវនៅក្នុងសហគមន៍នៃសាសន៍ដទៃកុំឲ្យដើរ «ដូចជាសាសន៍ដទៃឯទៀត ដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ គំនិតគេត្រូវបង្អាប់ ហើយគេដាច់​ចេញ​ពីព្រះជន្មព្រះ… ព្រោះចិត្តគេរឹងទទឹង» ។ ប៉ុន្តែ «ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវ​តែ​ដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះ​សម័យនេះអាក្រក់ណាស់» (អេភេសូរ ៤:១៤, ១៣, ១៧, ១៨; ៥:១៥, ១៦) ។ លោកបានលើកទឹកចិត្តពួកអ្នកជឿឲ្យទន្ទឹងរង់ចាំពេលដែលព្រះគ្រិស្ត ជា​ព្រះ​ដែល «បានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោសបានវិញ» (អេភេសូរ ៥:២៥, ២៧)។

សំបុត្រដែលសរសេរដោយអំណាចរបស់ព្រះ មិនមែនជា​អំណាច​របស់​មនុស្សនេះ មានមេរៀនដែលមនុស្សទាំងអស់អាចនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាញឹកញាប់ ។ នៅក្នុងសំបុត្រទាំងនេះរៀបរាប់ពីការអនុវត្តន៍នៃភាពដូចជាព្រះ មានបង្ហាញពីគោលការណ៍ដែលពួកជំនុំគ្រប់គ្នាត្រូវធ្វើតាម និងមានបញ្ជាក់យ៉ាងច្បាស់អំពីផ្លូវទៅកាន់ជីវិតអស់កល្ប។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តីតាម​ព្រះចេស្តាដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា។ ( អេភេសូរ ៣:២០ )

Powered by CAM