ថ្ងៃសុក្រ ទី២២​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤៥)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​២៧

ខព្រះគម្ពីរប្រចាំថ្ងៃ: ទ្រង់​បាន​ប្រទាន​ព្រះគុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះគ្រីស្ទដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ។ អេភេសូរ ៣:៨

ក្នុងសំបុត្ររបស់លោក «ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ» ដែលបានសរសេរកាលលោកជាអ្នកជាប់ឃុំនៅទីក្រុងរ៉ូម លោកប៉ុលបានរៀបរាប់ពីអំណររបស់លោកចំពោះការតាំងខ្ជាប់ខ្ជួនរបស់ពួកគេក្នុងសេចក្ដីជំនឿ ដែលជាដំណឹងដែលអេប៉ាប្រាស ជាអ្នកដែលលោកបានសរសេរ​ពីគាត់ថា «គាត់បានថ្លែងប្រាប់យើងខ្ញុំ ពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានដោយនូវព្រះវិញ្ញាណ» ។ លោកបានបន្តថា «ហេតុនោះ ចាប់តាំងពីថ្ងៃ​ដែល​យើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិដ្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយ​គ្រប់ទាំងប្រាជ្ញា និងចំណេះខាងវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ដោយបានគ្រប់ទាំងព្រះចេស្តាចម្រើនកម្លាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ» នោះបាននាំមកប្រាប់ដល់លោក។

ដូច្នេះហើយលោកប៉ុលបាននិយាយអំពីសេចក្ដីប្រាថ្នារបស់លោក ចំពោះពួកអ្នកជឿនៅក្រុងកូឡូស ។ ពាក្យទាំងនេះមានគំនិតខ្ពស់បំផុត​សម្រាប់ពួកអ្នកដើរតាមព្រះគ្រិស្ត ពួកគេបង្ហាញពីលទ្ធភាពដ៏អស្ចារ្យនៃជីវិតជាគ្រិស្តបរិស័ទ ហើយបង្ហាញយ៉ាងច្បាស់ពីព្រះពរដ៏គ្មានដែនកំណត់ដែលកូនៗរបស់ព្រះអាចទទួលបាន ។ ដោយមានចំណេះដឹងអំពីព្រះកាន់តែកើនឡើងជានិច្ច ពួកគេអាចបន្តពីកម្លាំងមួយទៅកម្លាំងមួយ ពីកម្ពស់មួយ​ទៅ​កម្ពស់មួយ រហូតដល់មានបទពិសោធន៍នៃជីវិតជាគ្រិស្តបរិស័ទ តាម «ឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់» ដែលពួកគេត្រូវបានបង្កើតឡើង «ដែលទ្រង់​បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធ​នៅ​ទីភ្លឺផង»។

សាវ័កប៉ុលបានលើកតម្កើងព្រះគ្រិស្តនៅចំពោះមុខបងប្អូនរបស់លោក ថាជាព្រះតែមួយអង្គគត់ ដែលដោយសារទ្រង់ ព្រះបានបង្កើត​គ្រប់របស់​ទាំងអស់ និងដោយសារទ្រង់ ព្រះបាននាំមកនូវការប្រោសលោះសម្រាប់ពួកគេ ។ លោកបានប្រកាសថា ព្រះដែលទ្រទ្រង់ពិភពលោកក្នុងអវកាស និងកាន់កាប់របៀបរៀបរយនិងសកម្មភាពគ្រប់យ៉ាងនៅលើចក្រវាលនេះដោយមិនចេះនឿយហត់នោះ គឺជាព្រះហស្តដែលត្រូវបានគេដំដែកគោលនៅលើឈើឆ្កាងជំនួសពួកគេ លោកប៉ុលបានសរសេរថា «ដ្បិតគឺទ្រង់​ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅឋានសួគ៌ និងនៅផែនដី ទាំងរបស់​ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាច​ជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែ​កើត​មកដោយសារទ្រង់ ហើយសម្រាប់ទ្រង់ទាំងអស់ផង ទ្រង់គង់នៅមុន​ទាំង​អស់ ហើយរបស់ទាំងអស់ក៏ឋិតថេរ ដោយសារទ្រង់ ទ្រង់ជាសិរសា​របស់​រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់» ។ «រីឯអ្នករាល់គ្នា ដែលពី​ដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែង​បន្ទោសបាន នៅចំពោះទ្រង់»។

ព្រះរាជបុត្រានៃព្រះបានយាងចុះមកដើម្បីលើកមនុស្សដែលដួលចុះ ។ ដោយហេតុនេះ ទ្រង់បានលះចោលឋានសួគ៌ដែលគ្មានបាប ដែលមានចៀមកៅសិបប្រាំបួនស្រឡាញ់ទ្រង់ ហើយយាងមកកាន់ផែនដីនេះ ទាំង «ត្រូវ​របួស ដោយព្រោះអំពើរំលងរបស់យើង» ហើយ «ក៏ត្រូវវាយជាំ ដោយព្រោះ​អំពើ​ទុច្ចរិតរបស់យើង» (អេសាយ ៥៣:៥) ។ ព្រះអង្គបានដូចជាបងប្អូនទ្រង់គ្រប់ជំពូក ។ ទ្រង់ក៏បានក្លាយជាសាច់ឈាមដូចជាយើងដែរ ។ ព្រះអង្គបានជ្រាបពីការស្រេកឃ្លាននិងការនឿយហត់ ។ ព្រះអង្គបានទ្រទ្រង់រាងកាយដោយអាហារ និងបានមានកម្លាំងជាថ្មីឡើងវិញដោយការផ្ទំដែរ ។ ព្រះអង្គគឺជាមនុស្សចម្លែកនិងជាជនបរទេសនៅលើផែនដី គឺនៅក្នុងលោកិយ ប៉ុន្តែ ទ្រង់មិនមែនកើតមកពីលោកិយទេ ទ្រង់បានជួបនឹងសេចក្តីល្បួងនិងការពិបាក ដូចជាមនុស្សប្រុសស្រីនៅពេលសព្វថ្ងៃនេះដែរ តែទ្រង់បានរស់នៅក្នុងព្រះជន្មដែលគ្មានបាបឡើយ ។ ទ្រង់បានធ្វើជាតំណាងនៃលក្ខណៈរបស់ព្រះ ដោយភាពស្លូតបូត សេចក្តីមេត្តាករុណា ការអាណិតអាសូរ គិតពី​សុខ​ទុក្ខអ្នកដទៃ ។ «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា … មានពេញជាព្រះគុណ និងសេចក្តីពិត» (យ៉ូហាន ១:១៤)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ​ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តីតាម​ព្រះចេស្តាដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា។ ( អេភេសូរ ៣:២០ )

Powered by CAM