ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក២៨
ហ៊ុំព័ទ្ធជុំវិញដោយការអនុវត្តន៍និងឥទ្ធិពលនៃសាសន៍ដទៃ ពួកអ្នកជឿនៅក្រុងកូឡូសឋិតនៅក្នុងគ្រោះថ្នាក់នៃការឃ្លាតឆ្ងាយពីភាពសាមញ្ញនៃដំណឹងល្អ ហើយលោកប៉ុលបានព្រមានពួកគេពីរឿងនេះ ដោយបានចង្អុលបង្ហាញពួកគេថាព្រះគ្រិស្តគឺជាមគ្គុទ្ទេសក៍ដ៏មានសុវត្ថិភាពតែមួយគត់ ។ លោកបានសរសេរថា «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខំតយុទ្ធជាខ្លាំងទាំងម៉្លេះ ដោយយល់ដល់អ្នករាល់គ្នា និងពួកនៅក្រុងឡៅឌីសេ ព្រមទាំងអស់អ្នកណា ដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាមផង ដើម្បីឲ្យគេមានចិត្តក្សាន្ត ដោយបានរួបរួមគ្នាមកក្នុងសេចក្តីស្រឡាញ់ ហើយឲ្យបានអស់ទាំងផលប្រយោជន៍នៃប្រាជ្ញា ដែលជឿជាក់ផ្តាច់ ដើម្បីឲ្យបានស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រិស្ត ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា និងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់»។
«ហើយដែលខ្ញុំថាដូច្នេះ នោះគឺក្រែងលោមានអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោម … ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រិស្ត។ ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រិស្តយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។ ចូរប្រយ័ត្ន ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបឋមសិក្សានៅនាលោកិយ គឺមិនមែនតាមព្រះគ្រិស្តទេ ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន»។
ព្រះគ្រិស្តបានប្រាប់ឲ្យដឹងជាមុនថាអ្នកបោកបញ្ឆោតនឹងកើតឡើង ដោយសារឥទ្ធិពលរបស់អ្នកដែល «ទទឹងច្បាប់នឹងចម្រើនជាច្រើនឡើង» បានជា «សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ» (ម៉ាថាយ ២៤:១២) ។ ព្រះអង្គបានព្រមានដល់ពួកសិស្សថាពួកជំនុំនឹងមានគ្រោះថ្នាក់ដោយការអាក្រក់នេះ ខ្លាំងជាងការបៀតបៀនពីសត្រូវរបស់ខ្លួន ។ លោក ប៉ុលបានព្រមានពួកអ្នកជឿទៅលើគ្រូក្លែងក្លាយទាំងនេះម្ដងហើយម្ដងទៀត។ ការវិនាស ដែលខ្លាំងជាងការអ្វីៗផ្សេងទៀតទាំងអស់នេះ ពួកគេត្រូវតែការពារទប់ទល់ ព្រោះការទទួលគ្រូក្លែងក្លាយ ពួកគេនឹងបើកទ្វារឲ្យមានកំហុស ដែលសត្រូវអាចនឹងកាត់បន្ថយការយល់ដឹងខាងវិញ្ញាណ ហើយអង្រួនទំនុកចិត្តរបស់អ្នកជឿថ្មីដែលទើបតែមករកសេចក្ដីជំនឿនៃដំណឹងល្អ។ ព្រះគ្រិស្តគឺជាខ្នាតគំរូដែលពួកគេត្រូវល្បងលគោលលទ្ធិដែលបានបង្ហាញ ។ អ្វីទាំងអស់ដែលមិនស្របតាមការបង្រៀនរបស់ទ្រង់ ពួកគេត្រូវតែបដិសេធ ។ ព្រះគ្រិស្តបានសុគតលើឈើឆ្កាងជំនួសអំពើបាបរបស់មនុស្ស ព្រះគ្រិស្តបានមានព្រះជន្មរស់ឡើងវិញ ព្រះគ្រិស្តបានយាងឡើងទៅឋានសួគ៌ គឺជាវិទ្យាសាស្ត្រនៃសេចក្ដីសង្គ្រោះដែលពួកគេត្រូវរៀននិងត្រូវបង្រៀន។
ការព្រមាននៃព្រះបន្ទូលរបស់ព្រះ ទាក់ទងនឹងគ្រោះថ្នាក់ដែលនៅជុំវិញពួកជំនុំគ្រិស្តបរិស័ទគឺជាការព្រមានរបស់យើងនាពេលសព្វថ្ងៃនេះ។ មនុស្សនៅសម័យសព្វថ្ងៃនេះក៏ត្រូវបានព្យាយាមសាកល្បងដោយប្រពៃណីនិងទស្សនវិជ្ជា ដើម្បីបំផ្លាញសេចក្ដីជំនឿនៅក្នុងព្រះគម្ពីរ ដូចនៅសម័យពួកសាវ័កដែរ សត្រូវនៃសេចក្ដីសុចរិតកំពុងស្វែងរកដឹកនាំមនុស្សឲ្យដើរតាមផ្លូវដែលព្រះហាមឃាត់ ដោយមនោសញ្ចេតនារីករាយជាខ្លាំងទៅនឹងការរិះគន់ ការវិវតន៍ ជំនឿចេតោនិយម (ជឿលើព្រលឹងមនុស្សស្លាប់) ទស្សនវិទូ និងជំនឿអាទិទេពនិយម។ មនុស្សជាច្រើនបានគិតថាព្រះគម្ពីរប្រៀបដូចជាចង្កៀងដែលគ្មានប្រេង ពីព្រោះពួកគេបានបង្វែរគំនិតរបស់គេទៅតាមជំនឿដែលនាំឲ្យមានការយល់ច្រឡំនិងការយល់ខុស។ ការរិះគន់ជាខ្លាំង ការវិភាគ ការប៉ាន់ស្មាន ការស្ថាបនាឡើងវិញ កំពុងបំផ្លាញសេចក្ដីជំនឿនៅក្នុងព្រះគម្ពីរដែលជាការបើកសម្តែងរបស់ព្រះ ។ វាកំពុងប្លន់ព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះដើម្បីគ្រប់គ្រងកិច្ចការនៃការលើកទឹកចិត្ត និងការជំរុញដល់ជីវិតមនុស្ស។ ដោយជំនឿលើវិញ្ញាណនិយម មនុស្សជាច្រើនត្រូវបានបង្រៀនឲ្យជឿថាបំណងប្រាថ្នាគឺជាច្បាប់ដ៏ខ្ពស់បំផុត ថាការអនុញ្ញាតនោះគឺជាសេរីភាព ហើយមនុស្សត្រូវតែទទួលខុសត្រូវចំពោះតែខ្លួនឯងប៉ុណ្ណោះ។
អ្នកដើរតាមព្រះគ្រិស្ដនឹងជួបនឹង «ពាក្យលលួង» ដែលសាវ័កប៉ុលបានព្រមានដល់ពួកអ្នកជឿនៅក្រុងកូឡូស ។ គេនឹងជួបជាមួយការបកស្រាយខាងវិញ្ញាណតាមព្រះគម្ពីរ ប៉ុន្តែ គេនឹងមិនទទួលយកបំណកស្រាយទាំងនោះទេ ។ គេត្រូវតែឮសំឡេងរបស់លោក នៅក្នុងការបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីពិតដ៏អស់កល្បនៃបទគម្ពីរ។ លោកត្រូវតែបោះជំហានទៅមុខតាមផ្លូវដែលព្រះបានកំណត់ ដោយសម្លឹងមើលទៅព្រះគ្រិស្ត និងបោះបង់ចោលនូវគំនិតទាំងឡាយដែលមិនស្របទៅតាមការបង្រៀនរបស់ទ្រង់ ។ សេចក្តីពិតរបស់ព្រះគឺជាប្រធានបទសម្រាប់ការសញ្ជឹងគិតនិងការថ្វាយបង្គំរបស់លោក។ លោកត្រូវតែចាត់ទុកព្រះគម្ពីរថាជាព្រះសូរសៀងរបស់ព្រះ ដែលមានបន្ទូលផ្ទាល់មកកាន់លោក ។ ដូច្នេះ លោកនឹងរកឃើញប្រាជ្ញាដែលជាព្រះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តីតាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា។ ( អេភេសូរ ៣:២០ )