ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤៥)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​២៩

ខព្រះគម្ពីរប្រចាំថ្ងៃ: បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ។ កូរិនថូសទី២ ៥:១៧

ចំណេះដឹងអំពីព្រះដែលបានបើកសម្តែងនៅក្នុងព្រះគ្រិស្ត គឺជាចំណេះដឹងដែលអស់អ្នកបានសង្រ្គោះទាំងអស់គ្នាត្រូវតែមាន ។ នេះគឺជាចំណេះដឹងដែលធ្វើការផ្លាស់ប្តូរអត្តចរិត ។ បើអ្នកណាទទួលដាក់នៅក្នុងជីវិត ចំណេះ​ដឹងនោះនឹងបង្កើតរូបអង្គរបស់ព្រះគ្រិស្តនៅក្នុងចិត្តជាថ្មីឡើងវិញ ។ នេះគឺជាចំណេះដឹងដែលព្រះត្រាស់ហៅកូនចៅរបស់ទ្រង់ឲ្យទទួល ហើយក្រៅ​ពីនេះ អ្វីៗទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។

នៅគ្រប់ជំនាន់និងគ្រប់ទីកន្លែង គ្រឹះដ៏ពិតប្រាកដសម្រាប់កសាងអត្តចរិតដូចគ្នាទាំងអស់ គឺជាគោលការណ៍ដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះ។ ច្បាប់ដែលមានសុវត្ថិភាពនិងច្បាស់លាស់តែមួយគត់ គឺត្រូវធ្វើតាមអ្វីដែលព្រះមានបន្ទូល។ «សេចក្តីបញ្ញត្តិរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់» ហើយ «អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនត្រូវរង្គើឡើយ» (ទំនុក​តម្កើង ១៩:៨ និង ១៥:៥)។ គឺជាមួយនឹងព្រះបន្ទូលរបស់ព្រះដែលពួកសាវ័កបានជួបប្រទះនឹងទ្រឹស្តីក្លែងក្លាយ នៅសម័យរបស់ពួកគេ ដែលនិយាយថា «ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងជញ្ជាំងដែលបានដាំរួចហើយនោះបានទេ» (កូរិនថូសទី១ ៣:១១)។

នៅពេលនៃការផ្លាស់ប្រែចិត្តជឿនិងពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ពួកអ្នកជឿនៅក្រុងកូឡូសបានសន្យាថា ពួកគេនឹងបោះបង់ចោលជំនឿនិងការអនុវត្តន៍ដែលពីមុនធ្លាប់មាននៅក្នុងជីវិតរបស់ពួកគេ ហើយត្រូវតែស្មោះត្រង់ទៅនឹងភក្ដីភាពរបស់ពួកគេចំពោះព្រះគ្រិស្ត ។ លោកប៉ុលបានរំឭកដល់​ពួកគេអំពីរឿងនេះ នៅក្នុងសំបុត្ររបស់លោក ហើយបានអង្វរពួកគេកុំឲ្យ​ភ្លេច​ថា ដើម្បីរក្សាពាក្យសច្ចារបស់ពួកគេ ពួកគេត្រូវតែខិតខំប្រឹងប្រែងឥតឈប់ឈរប្រឆាំងនឹងអំពើអាក្រក់ដែលនឹងស្វះស្វែងគ្រប់គ្រងលើពួកគេ ។ លោកបានមានប្រសាសន៍ថា «ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រិស្ត នោះចូរស្វែងរកអស់ទាំងសេចក្តីដែលនៅឋានលើវិញ ជាឋានដែលព្រះគ្រិស្តគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយ​នឹងព្រះគ្រិស្ត»។

«បានជាបើអ្នកណានៅក្នុងព្រះគ្រិស្ត នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បាន​ត្រឡប់​ជាថ្មីវិញ» (កូរិនថូសទី២ ៥:១៧) ។ បុរសនិងនារីទាំងឡាយបានផ្តាច់ច្រវាក់នៃទម្លាប់អំពើបាប តាមរយៈអំណាចរបស់ព្រះគ្រិស្ត ។ ពួកគេបានលះបង់​ភាពអាត្មានិយម។ មនុស្សពាលក្លាយជាមនុស្សគួរឲ្យគោរព អ្នកប្រមឹកក្លាយ​ជាត្រឹមត្រូវ មនុស្សខ្ជះខ្ជាយក្លាយជាបរិសុទ្ធ ។ មនុស្សដែលកើតមកមានលក្ខណៈដូចសាតាំងបានក្លាយជាមានរូបអង្គនៃព្រះ ។ ការផ្លាស់ប្តូរ​នេះ​គឺ​ជាការអស្ចារ្យនៃការអស្ចារ្យ ។ ការផ្លាស់ប្តូរមួយដែលបាន​ធ្វើដោយ​ព្រះបន្ទូល គឺជាអាថ៌កំបាំងយ៉ាងជ្រាលជ្រៅបំផុតនៃព្រះបន្ទូល ។ យើងមិនអាច​យល់​បាន​ទេ យើងអាចត្រឹមតែជឿតាមប៉ុណ្ណោះ ដូចជាបទគម្ពីរបានសម្តែងថា «ព្រះគ្រិស្តទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម»។

នៅពេលព្រះវិញ្ញាណនៃព្រះគ្រប់គ្រងចិត្តនិងគំនិត នោះមនុស្សដែលបានកែប្រែចិត្តរបូតចូលមកក្នុងបទចម្រៀងថ្មី ដ្បិតគេដឹងថានៅក្នុងបទពិសោធន៍របស់គេ សេចក្តីសន្យារបស់ព្រះត្រូវបានសម្រេច ដែលការរំលង​របស់គេត្រូវបានអត់ទោស អំពើបាបរបស់គេបានគ្របបាំង គេបាន​ធ្វើការ​ប្រែចិត្តចំពោះព្រះ ដោយសារការបំពានច្បាប់របស់ព្រះ និងមានជំនឿ​លើ​ព្រះគ្រិស្ត ដែលបានសុគតដើម្បីញែកមនុស្សចេញជាបរិសុទ្ធ ។ គេបាន«រាប់​ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយ​សារ​ព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ» (រ៉ូម ៥:១)។

ប៉ុន្តែ ដោយសារតែបទពិសោធន៍នេះគឺជារបស់គេ ដូច្នេះ គ្រិស្តជន​មិន​ត្រូវឱបដៃ ត្រេកអរនឹងអ្វីដែលត្រូវបានសម្រេចសម្រាប់ខ្លួននោះឡើយ។ អ្នកដែលបានតាំងចិត្តចូលក្នុងនគរខាងវិញ្ញាណនឹងរកឃើញថា អំណាចនិងចំណង់ទាំងអស់នៃនិស្ស័យដែលមិនប្រែប្រួល ត្រូវបានគាំទ្រដោយកម្លាំងពីនគរនៃភាពងងឹត បានរៀបខ្លួនប្រឆាំងនឹងគេ ។ គេត្រូវតែថ្វាយខ្លួនទៅព្រះសាជាថ្មី រៀងរាល់ថ្ងៃ ។ ទម្លាប់ចាស់ ទំនោរទៅរកភាពខុសឆ្គងពីកំណើតនឹង​ព្យាយាម​ឲ្យបានចំណេះ ហើយពួកគេត្រូវតែប្រុងប្រយ័ត្ន ទប់ទល់នឹងការ​ទាំង​​នេះ​ជានិច្ច ដោយប្រវារកកម្លាំងនៃព្រះគ្រិស្ត ដើម្បីទទួលបានជ័យជម្នះ។

លោកប៉ុលបានសរសេរទៅកាន់ពួកជំនុំនៅទីក្រុងកូឡូសថា «ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជា​ការសហាយស្មន់ ស្មោកគ្រោកសម្រើបសម្រាល ប៉ងប្រាថ្នាអាក្រក់ និង​សេចក្តី​លោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ គឺដោយហេតុ​សេចក្តី​ទាំងនោះ បានជាសេចក្តីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស ហើយ​អ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើម គឺពីកាលដែលនៅរស់ក្នុងកិរិយាទាំងនោះដែរ តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្តីកំហឹង គ្នាន់ក្នាញ់ គម្រក់ ប្រមាថ និងពាក្យអពមង្គល ចេញពីមាត់​ចោលទៅ … ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សម្លូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះដូចជាព្រះគ្រិស្តបានអត់ទោសឲ្យអ្នករាល់គ្នាដែរចូរបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រិស្តត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែមួយ ហើយត្រូវដឹងគុណផង»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង។ ( ធីម៉ូថេទី២ ១:១២ )

Powered by CAM