ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤៥)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​៣០

ខព្រះគម្ពីរប្រចាំថ្ងៃ: ព្រះ​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរីល្អ​ដ៏​បរិបូរ​របស់​សេចក្តី​អាថ៌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះគ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម។ កូឡូស ១:២៧

សំបុត្រផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូឡូស មានពោរពេញទៅដោយ​មេរៀន​ដ៏មានតម្លៃខ្ពស់បំផុត សម្រាប់អស់អ្នកដែលចូលរួមក្នុងការងាររបស់ព្រះគ្រិស្ត ជាមេរៀនដែលបង្ហាញពីគោលបំណងតែមួយគត់ និងក្តីប្រាថ្នាដ៏ខ្ពស់ ដែលត្រូវបានគេមើលឃើញនៅក្នុងជីវិតរបស់អ្នកដែលជាអ្នកតំណាងត្រឹមត្រូវរបស់ព្រះអង្គសង្រ្គោះ ។ ការលះបង់អ្វីៗទាំងឡាយដែលនឹងរារាំង​គេពីការធ្វើឲ្យមានការរីកចម្រើននៅក្នុងផ្លូវធំ ឬដែលនឹងបង្វែរជើងរបស់អ្នកដទៃចេញពីផ្លូវតូចចង្អៀត ពួកអ្នកជឿនឹងបង្ហាញពីសេចក្ដីមេត្តាករុណា សេចក្ដី​សប្បុរស ការបន្ទាបខ្លួន ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ត នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

អំណាចនៃជីវិតដែលខ្ពង់ខ្ពស់ បរិសុទ្ធ និងថ្លៃថ្នូរ គឺជាសេចក្តី​ត្រូវការដ៏​ធំ​របស់​យើង ។ ពិភពលោកនេះមាននៅក្នុងគំនិតរបស់យើងជាច្រើន តែនគរ​ឋាន​សួគ៌មានតិចតួចណាស់។

ក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឈានឲ្យដល់បំណងរបស់ព្រះសម្រាប់ពួកគេ គ្រិស្តបរិស័ទមិនត្រូវបន្សល់ទុកអ្វីឲ្យសោះ ។ ភាពគ្រប់​លក្ខណ៍ខាងសីលធម៌និងខាងវិញ្ញាណតាមរយៈព្រះគុណនិងអំណាចនៃព្រះគ្រិស្ត ត្រូវបានសន្យាដល់មនុស្សគ្រប់គ្នា។ ព្រះយេស៊ូវជាប្រភពនៃអំណាច ជា​គ្រឹះ​នៃជីវិត ។ ទ្រង់បាននាំយើងទៅកាន់ព្រះបន្ទូលរបស់ទ្រង់ ហើយបានប្រទានដល់យើងនូវស្លឹកពីដើមជីវិត សម្រាប់ព្យាបាលដល់មនុស្សដែលមានបាប។ ទ្រង់នាំយើងទៅកាន់បល្ល័ង្កនៃព្រះហើយដាក់សេចក្តីអធិដ្ឋានទៅក្នុងមាត់យើង ដែលធ្វើឲ្យយើងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងទ្រង់ផ្ទាល់។ ទ្រង់បានរៀបចំភ្នាក់ងារដ៏មានអំណាចទាំងអស់នៅឋានសួគ៌ ជំនួសយើង។ យើងជួបប្រទះព្រះចេស្ដាដ៏រស់របស់ទ្រង់នៅគ្រប់ជំហាន។

ព្រះមិនបានកំណត់ព្រំដែននៃការរីកចម្រើនរបស់អស់អ្នកដែលប្រាថ្នាចង់ «ស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា និងចំណេះ​ខាងវិញ្ញាណ»ទេ។ តាមរយៈការអធិដ្ឋាន តាមរយៈការចាំយាម តាមរយៈ​ការរីកចម្រើនខាងចំណេះដឹង និងការយល់ដឹង ពួកគេត្រូវបាន «គ្រប់ទាំងព្រះចេស្តាចម្រើនកម្លាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់»។ ដូច្នេះ ពួកគេត្រូវបានរៀបចំដើម្បីធ្វើការសម្រាប់អ្នកដទៃ។ គឺជាគោលបំណង​របស់​ព្រះអង្គ​សង្គ្រោះ ដែលមនុស្សសុចរិតនិងបរិសុទ្ធត្រូវធ្វើជាអ្នកជំនួយរបស់ទ្រង់។ ចំពោះឯកសិទ្ធិដ៏អស្ចារ្យនេះ សូមឲ្យយើងអរព្រះគុណដល់ទ្រង់ «ដែលទ្រង់បានប្រោសឲ្យយើងបានគួរនឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធ​នៅ​ទីភ្លឺផង»។

សំបុត្ររបស់លោកប៉ុលផ្ញើទៅកាន់បងប្អូននៅក្រុងភីលីព ក៏បានសរសេរនៅពេលដែលលោកជាប់គុកនៅទីក្រុងរ៉ូម ដូចជាសំបុត្រដែលផ្ញើទៅពួកជំនុំនៅក្រុងកូឡូសដែរ។ ពួកជំនុំនៅទីក្រុងភីលីពបានផ្ញើអំណោយដល់លោកប៉ុលដោយដៃលោកអេប៉ាប្រូឌីត ដែលលោកប៉ុលហៅថា «ជាបងប្អូនជា​គូកន​ធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ឲ្យទៅជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ»។ នៅទីក្រុងរ៉ូម អេប៉ាប្រូឌីតបាន​ឈឺ​ហើយ «គាត់បានឈឺមែនស្ទើរតែនឹងស្លាប់ផង តែព្រះទ្រង់អាណិត​មេត្តា​ដល់​គាត់» លោកប៉ុលបានសរសេរថា «មិនមែនដល់គាត់តែមួយ (ទេ) គឺ​ដល់ខ្ញុំ​ដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខជាផ្ទួនៗឡើយ»។ ដោយ​បានឮអំពី​ជំងឺ​របស់​អេប៉ាប្រូឌីត ពួកអ្នកជឿនៅក្រុងភីលីពបានព្រួយបារម្ភអំពីគាត់ ហើយគាត់បានសម្រេចចិត្ដវិលត្រឡប់មកជួបពួកគេវិញ។ លោកប៉ុលបាន​សរសេរ​ថា «គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះ​​អ្នករាល់គ្នាបានឮថា គាត់ឈឺ … ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអំណរ ដោយឃើញគាត់ ហើយឲ្យខ្ញុំបាន​អន់ព្រួយដែរ ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយ​រាប់អានមនុស្សយ៉ាងនោះចុះ ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រិស្តទេ គាត់បានប្រថុយជីវិត ដើម្បីនឹងបំពេញសេចក្តីណាដែលអ្នករាល់គ្នាត្រូវជួយដល់ខ្ញុំ»។

លោកប៉ុលបានផ្ញើសំបុត្រទៅជូនពួកអ្នកជឿនៅក្រុងភីលីព តាមលោកអេប៉ាប្រូឌីតដែលលោកបានអរគុណដល់ពួកគេចំពោះអំណោយដែលគេបានផ្ញើមកជូនដល់លោក។ នៅក្នុងចំណោមពួកជំនុំទាំងអស់ ពួកជំនុំនៅក្រុងភីលីពជាពួកជំនុំដែលមានចិត្តជ្រះថ្លាបំផុត ក្នុងការផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់លោកប៉ុល ។ សាវ័កប៉ុលបានសរសេរនៅក្នុង​សំបុត្រ​របស់​លោក​ថា «ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាក៏ដឹងថា កាលចាប់ប្រារព្ធ​ប្រកាស​ដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានពួកជំនុំណាបានប្រកបនឹងខ្ញុំ អំពីដំណើរប្រាក់ចំណាយចំណូលឡើយ មានតែ​អ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង មិនមែនថា ខ្ញុំរកចង់បានទានទេ ខ្ញុំរកតែផលដែលចម្រើនប្រយោជន៍ដល់អ្នករាល់គ្នាវិញ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជា​ដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ»។

«ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្តីដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នា ដោយអំណរនៅគ្រប់វេលាដែលខ្ញុំអធិដ្ឋានជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង ដរាបដល់ឥឡូវនេះ ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រិស្ត គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំ​ជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្តីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ ព្រះទ្រង់ជាស្មរបន្ទាល់​ពីខ្ញុំថាខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង … ខ្ញុំក៏អធិដ្ឋានសូមសេចក្តីនេះ គឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង ដោយនូវសេចក្តី​ចេះដឹង និងយោបល់គ្រប់ជំពូក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើលឲ្យស្គាល់អស់ទាំងសេចក្តីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រិស្ត ព្រមទាំងមានពេញជាផលនៃសេចក្តីសុចរិត ដែលមកដោយសារព្រះយេស៊ូវគ្រិស្ត សម្រាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះផង»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង។ ( ធីម៉ូថេទី២ ១:១២ )

Powered by CAM