កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៣១
ខព្រះគម្ពីរប្រចាំថ្ងៃ:ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង។ ភីលីព ១:១៩
ព្រះគុណនៃព្រះទ្រទ្រង់លោកប៉ុលក្នុងការជាប់គុក ដែលធ្វើឲ្យលោកមានអំណរក្នុងការរងទុក្ខ ។ លោកបានសរសេរទៅកាន់បងប្អូននៅភីលីពរបស់លោក ដោយសេចក្ដីជំនឿនិងការធានាអះអាងថា ការជាប់ឃុំឃាំងរបស់លោកបាននាំឲ្យមានការរីកចម្រើនដល់ដំណឹងល្អ ។ លោកបានមានប្រសាសន៍ថា «បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចម្រើនដល់ដំណឹងល្អវិញ ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង និងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រិស្ត ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច»។
មានមេរៀនមួយសម្រាប់យើងក្នុងបទពិសោធន៍របស់សាវកប៉ុល ដ្បិតបទពិសោធន៍នេះបង្ហាញពីរបៀបធ្វើការរបស់ព្រះ ។ ព្រះអម្ចាស់អាចនាំជ័យជម្នះចេញពីអ្វីដែលយើងមើលទៅហាក់ដូចជាសេចក្តីវិនាសនិងបរាជ័យ។ យើងឋិតនៅក្នុងគ្រោះថ្នាក់ដោយសារតែយើងភ្លេចព្រះ ដោយសារតែយើងបារម្ភតែពីហេតុការណ៍ដែលយើងមើលឃើញ ហើយមិនបានសម្លឹងមើលទៅព្រះដោយភ្នែកនៃសេចក្តីជំនឿ ដោយរំពឹងពីហេតុការណ៍ដែលយើងមើលមិនឃើញ នៅពេលដែលសំណាងអាក្រក់ឬទុក្ខវេទនាកើតឡើង យើងតែងតែចោទប្រកាន់ព្រះ ថាទ្រង់មិនគិតគូរឬមានភាពសាហាវឃោរឃៅ។ ប្រសិនបើទ្រង់ទតឃើញថាជាការល្អដែលត្រូវកាត់ផ្តាច់ផលប្រយោជន៍របស់យើងដោយគ្រោះថ្នាក់មួយចំនួន យើងទួញសោកដោយមិនបានឈប់ហើយគិតថាព្រះអាចធ្វើការល្អសម្រាប់យើងឡើយ។ យើងត្រូវតែដឹងថាទណ្ឌកម្មគឺជាផ្នែកមួយនៃផែនការដ៏អស្ចារ្យរបស់ព្រះ ហើយថានៅក្រោមដំបងនៃការឈឺចាប់ ជួនកាលគ្រិស្តជន អាចធ្វើការថ្វាយព្រះដែលជាចៅហ្វាយ បានច្រើនជាងនៅពេលដែលបានចូលរួមក្នុងការងារដ៏សកម្មទៅទៀត។
ក្នុងនាមជាគំរូរបស់ពួកគេក្នុងជីវិតគ្រិស្តជន លោកប៉ុលបានចង្អុលបង្ហាញពួកជំនុំនៅក្រុងភីលីពទៅឯព្រះគ្រិស្តជាព្រះ «ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបម្រើវិញ ព្រមទាំងប្រសូត្រមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង»។
លោកបានបន្តថា «ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅឋានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រិស្តទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។ បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែកប្រយោជន៍ឲ្យអ្នករាល់គ្នាបានឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាននៅក្នុងតំណមនុស្សវៀច ហើយខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោកទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រិស្ត នោះឲ្យខ្ញុំបានសេចក្តីអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការជាឥតប្រយោជន៍ឡើយ»។
ព្រះបន្ទូលទាំងនេះត្រូវបានកត់ត្រាទុក ដើម្បីជួយដល់មនុស្សទាំងអស់ដែលខំប្រឹងប្រែង ។ លោកប៉ុលបានលើកកម្ពស់ស្តង់ដានៃភាពគ្រប់លក្ខណ៍ ហើយបង្ហាញរបៀបដែលឈានឲ្យដល់ស្តង់ដានោះ ។ លោកមានប្រសាសន៍ថា «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដ្បិតគឺព្រះហើយដែលបណ្តាលចិត្តរាល់គ្នា»។
កិច្ចការនៃការទទួលបានសេចក្ដីសង្រ្គោះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្ដិការណ៍ ដែលជាប្រតិបត្តិការណ៍រួម ។ គឺត្រូវតែមានកិច្ចសហប្រតិបត្តិការណ៍រវាងព្រះនិងមនុស្សមានបាបដែលបានកែប្រែចិត្ដ។ ការនេះគឺចាំបាច់ត្រូវតែបង្កើតគោលការណ៍ត្រឹមត្រូវនៅក្នុងអត្តចរិត ។ មនុស្សត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះលើអ្វីដែលរារាំងខ្លួនមិនឲ្យចូលរួមជាមួយនឹងភាពគ្រប់លក្ខណ៍។ ប៉ុន្ដែ គេត្រូវតែពឹងផ្អែកទាំងស្រុងទៅលើព្រះ ដើម្បីទទួលបានជោគជ័យ ។ ការប្រឹងប្រែងរបស់មនុស្សតែម្ខាងនោះមិនគ្រប់គ្រាន់ទេ ។ បើគ្មានជំនួយពីអំណាចរបស់ព្រះទេ នោះការខំប្រឹងប្រែងនោះគ្មានប្រយោជន៍ឡើយ ។ ព្រះធ្វើការ ហើយមនុស្សធ្វើការ ។ ការទប់ទល់នឹងសេចក្តីល្បួងត្រូវតែមកពីមនុស្ស ជាអ្នកដែលត្រូវតែទាញយកអំណាចរបស់ខ្លួនចេញពីព្រះ ។ នៅម្ខាងមានប្រាជ្ញា សេចក្តីមេត្តាករុណា និងអំណាចគ្មានដែនកំណត់ ហើយម្ខាងទៀតមានភាពកម្សោយ ភាពខុសឆ្គង ការអស់សង្ឃឹមយ៉ាងពិតប្រាកដ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង។ ( ធីម៉ូថេទី២ ១:១២ )