កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៣២
ខព្រះគម្ពីរប្រចាំថ្ងៃ: ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ។ ភីលីព ១:២១
ព្រះទ្រង់សព្វព្រះទ័យចង់ឲ្យយើងធ្វើជាម្ចាស់លើខ្លួនឯង ។ ប៉ុន្តែ ទ្រង់មិនអាចជួយយើងដោយគ្មានការយល់ព្រមនិងកិច្ចសហការរបស់យើងទេ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមរយៈអំណាចនិងសមត្ថភាពដែលព្រះបានប្រទានដល់មនុស្ស។ ចំពោះខ្លួនយើង យើងមិនអាចនាំមកនូវគោលបំណងនិងសេចក្តីប្រាថ្នា និងទំនោរផ្សេងៗឲ្យស្របទៅនឹងព្រះហឫទ័យរបស់ព្រះទេ ។ ប៉ុន្តែ បើយើង «យល់ព្រមឲ្យព្រះធ្វើឲ្យមានចិត្តចង់» ព្រះអង្គសង្រ្គោះនឹងសម្រេចកិច្ចការនេះជំនួសយើង ដោយ «អាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិតឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រិស្តវិញ» (កូរិនថូសទី២ ១០:៥)។
អ្នកដែលបានបង្កើតអត្តចរិតរឹងមាំនិងសមរម្យ គ្រិស្តជនដែលមានលំនឹងត្រឹមត្រូវ ត្រូវតែថ្វាយទាំងអស់និងធ្វើគ្រប់ទាំងអស់ដើម្បីព្រះគ្រិស្ត ព្រោះព្រះដ៏ប្រោសលោះទ្រង់នឹងមិនទទួលយកកិច្ចការដែលបែកបាក់គ្នានោះទេ។ គេត្រូវតែរៀនសូត្រអំពីអត្ថន័យនៃការលះបង់ខ្លួនឯង ជារៀងរាល់ថ្ងៃ។ អ្នកនោះត្រូវតែសិក្សាព្រះបន្ទូលរបស់ព្រះ ដោយសិក្សាពីអត្ថន័យរបស់ព្រះបន្ទូលនោះ ហើយគោរពតាមបញ្ញត្តិរបស់ព្រះដែលនៅក្នុងនោះផង ។ ដូច្នេះ គេអាចឈានដល់ស្តង់ដារនៃភាពប្រសើរបំផុតរបស់គ្រិស្តបរិស័ទ។ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រះទ្រង់ធ្វើការជាមួយគេ ដោយធ្វើឲ្យអត្តចរិតបានគ្រប់លក្ខណ៍ ដែលនឹងត្រូវឈរនៅក្នុងពេលសាកល្បងចុងក្រោយបង្អស់ ។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជឿកំពុងតែដោះស្រាយនៅចំពោះមនុស្សនិងទេវតា នូវបទពិសោធន៍ពិសិដ្ឋ ដោយបង្ហាញពីអ្វីដែលដំណឹងល្អអាចធ្វើសម្រាប់មនុស្សលោកដែលបានធ្លាក់ចុះ។
លោកប៉ុលបានសរសេរថា «បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះមួយ គឺថាខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់តម្រង់ទៅឯទីដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រិស្តយេស៊ូវ»។
លោកប៉ុលបានធ្វើការជាច្រើន ។ ចាប់តាំងពីពេលដែលលោកបានថ្វាយភក្ដីភាពដល់ព្រះគ្រិស្តមក ជីវិតរបស់គាត់ពោរពេញទៅដោយកិច្ចការដែលមិនចេះនឿយហត់ ។ លោកបានធ្វើដំណើរពីទីក្រុងមួយទៅក្រុងមួយ ពីប្រទេសមួយទៅប្រទេសមួយ ប្រកាសដំណឹងពីឈើឆ្កាងនេសាទមនុស្សឲ្យជឿដំណឹងល្អ ហើយបង្កើតពួកជំនុំ ។ លោកបានថែរក្សាពួកជំនុំទាំងនេះជានិច្ច ហើយលោកបានសរសេរសំបុត្រណែនាំជាច្រើនដល់ពួកគេ ។ ពេលខ្លះ លោកធ្វើការប្រកបរបររបស់លោកដើម្បីទទួលបានអាហារប្រចាំថ្ងៃ ។ ប៉ុន្ដែ នៅក្នុងគ្រប់សកម្មភាពដ៏មមាញឹកក្នុងជីវិតរបស់គាត់ លោកប៉ុលមិនដែលភ្លេចពីគោលបំណងដ៏អស្ចារ្យមួយនោះទេ គឺការរត់ឲ្យបានរង្វាន់នៃការត្រាស់ហៅដ៏ខ្ពស់របស់លោក ។ គោលបំណងមួយដែលលោកបានរក្សាយ៉ាងរឹងមាំនៅចំពោះលោក គឺត្រូវស្មោះត្រង់ទៅនឹងព្រះដែលបានបង្ហាញអង្គទ្រង់ឲ្យលោកឃើញនៅទ្វារចូលទៅក្រុងដាម៉ាស ។ គ្មានហេតុផលអ្វីដែលមានអំណាចអាចបង្វែរលោកចេញពីគោលបំណងនេះឡើយ ។ មូលហេតុទាំងស្រុង ដែលបានជំរុញដល់ពាក្យសម្តីនិងសកម្មភាពរបស់លោកគឺដើម្បីលើកតម្កើងឈើឆ្កាងនៅកាល់វ៉ារី។
គោលបំណងដ៏អស្ចារ្យ ដែលបានជំរុញលោកប៉ុលឲ្យបោះជំហានឆ្ពោះទៅមុខ នៅក្នុងការប្រឈមមុខនឹងសេចក្តីវេទនានិងការពិបាកជាច្រើន បានដឹកនាំអ្នកធ្វើការជាគ្រិស្តជនទាំងឡាយឲ្យលះបង់ខ្លួនឯងទាំងស្រុង ចំពោះកិច្ចការរបស់ព្រះ ។ ការទាក់ទាញខាងលោកិយនឹងកើតឡើង ដើម្បីទាញចំណាប់អារម្មណ៍របស់គេចេញពីព្រះអង្គសង្រ្គោះ ប៉ុន្ដែ គេត្រូវតែខិតខំបោះជំហានឆ្ពោះទៅកាន់គោលដៅ ដោយបង្ហាញដល់ពិភពលោក ដល់ពួកទេវតា និងមនុស្សថា ក្តីសង្ឃឹមក្នុងការមើលឃើញព្រះភក្រ្តរបស់ព្រះ មានតម្លៃជាង ការខំប្រឹងប្រែង និងការលះបង់ទាំងអស់ ដែលការសម្រេចនេះបានទាមទារនូវសេចក្តីសង្ឃឹម។
ទោះលោកជាអ្នកជាប់គុកក៏ដោយ ក៏លោកមិនបានធ្លាក់ទឹកចិត្ដដែរ។ ផ្ទុយទៅវិញកំណត់សម្គាល់នៃជ័យជម្នះបានបន្លឺតាមរយៈសំបុត្រដែលលោកបានសរសេរចេញពីទីក្រុងរ៉ូមផ្ញើទៅកាន់ពួកជំនុំ។ លោកបានសរសេរទៅកាន់ពួកជំនុំនៅក្រុងភីលីពថា «ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង … កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិដ្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រិស្តយេស៊ូវ។ មួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ»។
«ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រិស្តយេស៊ូវ … សូមឲ្យព្រលឹងវិញ្ញាណអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រិស្ត»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង។ ( ធីម៉ូថេទី២ ១:១២ )