ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៣៣
ខព្រះគម្ពីរប្រចាំថ្ងៃ: ដែលយើងខ្ញុំបានទទួលព្រះគុណ និងងារជាសាវ័កដោយសារទ្រង់ សំរាប់ឲ្យមានមនុស្សចុះចូល តាមសេចក្តីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់។ រ៉ូម ១:៥
ខណៈដែលការងាររបស់លោកប៉ុលនៅទីក្រុងរ៉ូមបានក្លាយជាព្រះពរ ដែលនាំឲ្យមានការផ្លាស់ប្រែចិត្តដល់មនុស្សជាច្រើន និងជាការពង្រឹងនិងការលើកទឹកចិត្តរបស់ពួកអ្នកជឿនោះ ពពកខ្មៅក៏បានប្រមូលផ្តុំ គំរាមកំហែងដល់ មិនត្រឹមតែសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទេ តែថែមទាំងដល់ភាពចម្រុងចម្រើនរបស់ពួកជំនុំទាំងមូលផងដែរ ។ នៅពេលលោកមកដល់ទីក្រុងរ៉ូម លោកបាននៅក្រោមការគ្រប់គ្រងរបស់មេបញ្ជាការរាជង្គរក្សម្នាក់ ជាមនុស្សយុត្តិធម៌និងសុចរិត ដែលតាមរយៈសេចក្តីមេត្តារបស់លោក បានអនុញ្ញាតឲ្យលោកប៉ុលមានសេរីភាពដើម្បីបន្តការងារនៃដំណឹងល្អបាន ។ ប៉ុន្តែ មុនពេលបញ្ចប់ការជាប់គុកពីរឆ្នាំរបស់លោកប៉ុល មេបញ្ជាការរូបនេះត្រូវបានជំនួសដោយមន្ដ្រីយោធាម្នាក់ដែលសាវ័កប៉ុលមិនអាចរំពឹងថានឹងទទួលបានការពេញចិត្តជាពិសេសណាមួយឡើយ។
ឥឡូវនេះ ពួកសាសន៍យូដាកាន់តែមានភាពសកម្មប្រឆាំងនឹងលោកប៉ុលខ្លាំងក្លាជាងមុន ហើយពួកគេបានរកឃើញជំនួយដ៏រឹងមាំពីនារីពាយងាយម្នាក់ ដែលស្តេចនេរ៉ូបានយកមកធ្វើជាប្រពន្ធចុង ហើយដែលជាអ្នកក្បត់នឹងសាសនាយូដាបានប្រើឥទ្ធិពលរបស់នាងដើម្បីជួយដល់ផែនការឃាតកម្មប្រឆាំងនឹងជើងឯកនៃគ្រិស្តសាសនា (លោកប៉ុល) ។
លោកប៉ុលអាចសង្ឃឹមតិចតួចបំផុត ថានឹងទទួលបានយុត្ដិធម៌ពីស្តេចសេសារ ជាស្តេចដែលលោកបានប្តឹងឧទ្ធរណ៍នោះ។ ស្តេចនេរ៉ូមានសីលធម៌ធូរលុង មានអត្តចរិតរឡិករឡក់ និងមានអំណាចឃោរឃៅខ្លាំងជាងអ្នកដឹកនាំណាៗទាំងអស់ដែលបានគ្រប់គ្រងនគរនៅមុនទ្រង់ គេមិនអាចប្រគល់ការគ្រប់គ្រងរបស់រដ្ឋាភិបាល ទៅឲ្យអ្នកដឹកនាំដែលប្រើអំណាចផ្តាច់ការនោះទេ ។ ឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់ត្រូវបានកត់សម្គាល់ដោយការបំពុលប្អូនចុងដែលនៅវ័យក្មេងរបស់ទ្រង់ ជាស្តេចដែលមានសិទ្ធិស្នងរាជ្យបល្ល័ង្ក។ ស្តេចនេរ៉ូបានដាក់ចុះនូវជម្រៅនៃអំពើអាក្រក់និងអំពើឧក្រិដ្ឋកម្មមួយហើយមួយទៀត រហូតដល់បានសម្លាប់មាតានិងមហេសីរបស់ទ្រង់។ មិនមានអំពើយង់ឃ្នងណាដែលទ្រង់មិនប្រព្រឹត្តឡើយ ក៏គ្មានអំពើអាក្រក់ណាដែលទ្រង់នឹងមិនចុះចាញ់នោះដែរ។ ទ្រង់បានបំផុសឲ្យមានតែការស្អប់ខ្ពើមនិងការមើលងាយ នៅក្នុងគ្រប់ទាំងគំនិតដ៏ថ្លៃថ្នូរទាំងឡាយ។
ព័ត៌មានលម្អិតនៃភាពទុច្ចរិតដែលបានអនុវត្តនៅក្នុងរាជវាំងរបស់ទ្រង់ វាអាប់ឱនហួសហេតុពេក មិនអាចពិពណ៌នាបានឡើយ ។ អំពើអាក្រក់ជាច្រើនលើសលុបរបស់ទ្រង់បានបង្កើតការខ្ពើមរអើមនិងសម្អប់ ពីសំណាក់មនុស្សជាច្រើន ដែលបានបង្ខំឲ្យទទួលរងនូវអំពើឧក្រិដ្ឋរបស់ទ្រង់ ។ ពួកគេមានការព្រួយបារម្ភជាបន្តបន្ទាប់ អំពីកម្រិតធ្ងន់ធ្ងរនៃអំពើដែលទ្រង់នឹងចាត់ការបន្តទៅទៀត។ ប៉ុន្ដែ ទោះបីជាស្តេចនេរ៉ូបានប្រើអំពើឧក្រិដ្ឋកម្មបែបនេះក៏ដោយក៏ទ្រង់មិនបានធ្វើឲ្យភក្ដីភាពនៃរាស្ដ្ររបស់ទ្រង់រង្គោះរង្គើដែរ។ ទ្រង់ត្រូវបានគេទទួលស្គាល់ថាជាអ្នកគ្រប់គ្រងតឹងតែងនៅលើពិភពលោកដ៏ជឿនលឿនទាំងមូល។ លើសពីនេះទៅទៀត គេបានតាំងទ្រង់ជាអ្នកទទួលកិត្តិយសរបស់ព្រះ ហើយត្រូវបានគេគោរពបូជាដូចជាព្រះថែមទៀតផង។
តាមទស្សនៈរបស់មុស្ស ការជំនុំជម្រះក្តីរបស់លោកប៉ុលនៅចំពោះចៅក្រមបែបនេះប្រាកដជាមិនមានយុត្តិធម៌ទេ ។ ប៉ុន្ដែ សាវ័កប៉ុលដឹងថាដរាបណាលោកនៅតែស្មោះត្រង់ចំពោះព្រះ លោកគ្មានអ្វីដែលគួរឲ្យខ្លាចនោះទេ។ ព្រះដែលជាអ្នកការពាររបស់លោកកាលពីមុន ព្រះអង្គក៏អាចការពារលោកពីអំពើអាក្រក់របស់សាសន៍យូដា និងពីអំណាចរបស់ស្តេចសេសារដែរ។
ហើយព្រះបានការពារអ្នកបម្រើរបស់ទ្រង់ប្រាកដមែន។ នៅពេលលោកប៉ុលពិនិត្យមើលការចោទប្រកាន់ប្រឆាំងនឹងរូបលោក ឃើញថាមិនត្រូវបានគេគាំទ្រ ហើយផ្ទុយពីការរំពឹងទុកជាទូទៅ និងដោយគោរពភាពយុត្តិធម៌ ផ្ទុយគ្នាទាំងស្រុងពីអត្តចរិតរបស់គាត់ នោះស្តេចនេរ៉ូបានប្រកាសថាអ្នក នេះគ្មានទោសទេ។ ចំណងរបស់ប៉ុលត្រូវបានស្រាយចេញ។ លោកជាមនុស្សដែលមានសេរីភាពដូចដើមវិញ។
ប្រសិនបើការកាត់ទោសរបស់លោកត្រូវបានគេពន្យារពេលតទៅទៀត ឬក៏លោកត្រូវបានគេឃុំឃាំងនៅក្នុងទីក្រុងរ៉ូមរហូតដល់ឆ្នាំក្រោយ លោកច្បាស់ជានឹងត្រូវវិនាសនៅក្នុងការបៀតបៀនដែលបានកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។ ក្នុងអំឡុងពេលនៃការជាប់ឃុំឃាំងរបស់លោកប៉ុល ពួកអ្នកជឿសាសនាគ្រិស្តជាច្រើនបានក្លាយទៅជាមនុស្សដែលទាក់ទាញចំណាប់អារម្មណ៍និងបង្កើតឲ្យមានភាពជាខ្មាំងសត្រូវពីសំណាក់អាជ្ញាធរ ។ កំហឹងរបស់ព្រះចៅអធិរាជបានផ្ទុះឡើងជាពិសេស ដោយសារការកែប្រែចិត្ដរបស់សមាជិករាជវង្សរបស់ទ្រង់ផ្ទាល់ ហើយមិនយូរប៉ុន្មាន ទ្រង់បានរកលេសដើម្បីធ្វើឲ្យពួកគ្រិស្តបរិស័ទក្លាយជាកម្មវត្ថុនៃអំពើឃោរឃៅដ៏គ្មានមេត្តារបស់ទ្រង់។
នៅពេលនោះ មានអគ្គិភ័យដ៏គួរឲ្យភ័យខ្លាចមួយបានកើតឡើងនៅទីក្រុងរ៉ូម ដែលបណ្តាលឲ្យមនុស្សជិតពាក់កណ្ដាលទីក្រុងត្រូវបានឆាបឆេះ។ មានពាក្យចចាមអារាមថា ព្រះចៅនេរ៉ូនេះឯងដែលបានបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះឡើង ហើយដើម្បីបញ្ចៀសការសង្ស័យនេះ ព្រះអង្គបានធ្វើពុតជាមានចិត្តសប្បុរសធម៌ដ៏អស្ចារ្យ ដោយបានជួយដល់មនុស្សគ្មានផ្ទះសម្បែងនិងមនុស្សកម្សត់ទុរគត។ ទោះបីជាយ៉ាងនេះក៏ដោយ ព្រះអង្គត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋ។ ប្រជាជនមានការរំជើបរំជួលនិងខឹងសម្បាយ៉ាងខ្លាំង ហើយដើម្បីរំដោះខ្លួន និងដើម្បីរំដោះទីក្រុងចេញពីស្រទាប់មនុស្សដែលទ្រង់កោតខ្លាចនិងស្អប់ខ្ពើម ស្តេចនេរ៉ូបានប្ដឹងចោទប្រកាន់លើពួកគ្រិស្តជនទៅវិញ។ អំពើអាក្រក់របស់ទ្រង់ទទួលបានជោគជ័យ ហើយអ្នកដើរតាមព្រះគ្រិស្តរាប់ពាន់នាក់ ទាំងបុរសទាំងស្រី្តនិងកុមារផង ត្រូវបានគេសម្លាប់យ៉ាងសាហាវឃោរឃៅ។
ព្រះបានរក្សាអាយុជីវិតរបស់លោកប៉ុលឲ្យរួចពីការធ្វើទុក្ខបុកម្នេញដ៏សាហាវនេះក្រោយពីត្រូវបានគេដោះលែងមក លោកប៉ុលបានចាកចេញពីទីក្រុងរ៉ូមភ្លាម។ នៅចន្លោះពេលចុងក្រោយនៃការមានសេរីភាពឡើងវិញនេះ លោកបានបង្កើតការងារក្នុងចំណោមពួកជំនុំ។ លោកបានស្វែងរកការបង្កើតការរួបរួមដ៏រឹងមាំ រវាងពួកជំនុំក្រិកនិងពួកជំនុំភាគខាងកើត ហើយដើម្បីពង្រឹងគំនិតពួកអ្នកជឿ ប្រឆាំងនឹងគោលលទ្ធិមិនត្រឹមត្រូវ ដែលកំពុងលូនចូលមកធ្វើឲ្យសេចក្ដីជំនឿពុករលួយ។
ទុក្ខលំបាកនិងការខ្វល់ខ្វាយដែលលោកប៉ុលបានស៊ូទ្រាំបានគ្របដណ្ដប់លើរូបកាយរបស់លោក ។ ភាពទន់ខ្សោយនៃអាយុបានធ្លាក់មកលើរូបលោក។ លោកបានដឹងថា ឥឡូវនេះលោកកំពុងធ្វើការងារចុងក្រោយបង្អស់របស់លោកហើយ នៅពេលការងាររបស់លោកកាន់តែខ្លីទៅៗ ការប្រឹងប្រែងរបស់លោកក៏កាន់តែខ្លាំងឡើងៗដែរ។ ចិត្តពុះកញ្រ្ជោលរបស់លោកហាក់ដូចជាគ្មានព្រំដែនឡើយ។ លោកបានធ្វើដំណើរពីព្រះវិហារមួយទៅព្រះវិហារមួយ នៅក្នុងប្រទេសជាច្រើន ការតាំងចិត្ត ការធ្វើសកម្មភាពភ្លាមៗ ការមានជំនឿរឹងមាំ ហើយបានប្រឹងប្រែងរកគ្រប់មធ្យោបាយនៅក្នុងអំណាចរបស់លោក ដើម្បីពង្រឹងដៃពួកអ្នកជឿ ឲ្យពួកគេអាចធ្វើការងារដ៏ស្មោះត្រង់ក្នុងការនាំមនុស្សមកថ្វាយព្រះយេស៊ូវ ហើយទោះបីនៅគ្រាការលំបាកកើតឡើងក៏ដោយ ក៏ពួកគេអាចរក្សាភាពរឹងមាំចំពោះដំណឹងល្អ ដោយធ្វើទីបន្ទាល់ដ៏ស្មោះត្រង់អំពីព្រះគ្រិស្តដដែល។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង។ ( ធីម៉ូថេទី២ ១:១២ )