ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៣៤
ខព្រះគម្ពីរប្រចាំថ្ងៃ:ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។ រ៉ូម ១:១៧
បន្ទាប់ពីការកាត់ទោសរបស់លោកនៅទីក្រុងរ៉ូមមក កិច្ចការរបស់លោកប៉ុលនៅតាមពួកជំនុំនានា មិនអាចគេចផុតពីការសង្កេតមើលពីសំណាក់សត្រូវរបស់លោកឡើយ។ ចាប់តាំងពីការចាប់ផ្តើមការធ្វើទុក្ខបៀតបៀនក្រោមអំណាចស្តេចនេរ៉ូមក ពួកគ្រិស្តជនត្រូវបាននិកាយសាសនាសម្លាប់ក្រៅប្រព័ន្ធតុលាការនៅគ្រប់ទីកន្លែង។ មួយរយៈក្រោយមក ពេលពួកសាសន៍យូដាដែលមិនជឿបានបង្កើតគំនិតទម្លាក់កំហុសទៅលើលោកប៉ុល ពីបទឧក្រិដ្ឋដែលបណ្ដាលឲ្យមានអគ្គិភ័យនៅទីក្រុងរ៉ូម ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានគិតឃើញភ្លាមៗថាលោកប៉ុលមានកំហុសនោះទេ ។ ប៉ុន្តែ ពួកគេបានដឹងថាការចោទប្រកាន់បែបនេះ ធ្វើឡើងជាមួយនឹងភាពកម្សោយបំផុត បង្ហាញពីសភាពការដែលគួរឲ្យជឿទុកចិត្ត ហើយបោះត្រាលើសេចក្តីវិនាសរបស់លោក។ តាមរយៈកិច្ចប្រឹងប្រែងរបស់ពួកគេ លោកប៉ុលត្រូវបានចាប់ខ្លួនជាថ្មីម្ដងទៀត ហើយគេបានប្រញាប់ប្រញាល់យកលោកទៅដាក់គុកជាលើកចុងក្រោយបង្អស់។
នៅក្នុងដំណើរលើកទីពីរទៅកាន់ទីក្រុងរ៉ូមរបស់គាត់ លោកប៉ុលត្រូវបានអមដំណើរដោយមិត្ដភក្ដិរបស់លោកជាច្រើននាក់ ជាអ្នកសុខចិត្តចែករំលែកចំណែកវាសនាអាក្រក់ជាមួយលោក ប៉ុន្តែ លោកបដិសេធមិនអនុញ្ញាតឲ្យពួកគេលះបង់ជីវិតរបស់ពួកគេឡើយ ។ ការរំពឹងទុកនៅចំពោះមុខលោក អាក្រក់ជាងពេលដែលលោកបានជាប់គុកកាលពីលើកមុនៗ។ ការបៀតបៀនក្រោមការដឹកនាំរបស់ស្តេចនេរ៉ូបានកាត់បន្ថយចំនួនគ្រិស្ដសាសនិកនៅក្រុងរ៉ូមជាច្រើន។ មនុស្សរាប់ពាន់នាក់ត្រូវបានគេសម្លាប់ដោយសារតែជំនឿ របស់ពួកគេ មនុស្សជាច្រើនបានចាកចេញពីទីក្រុង ហើយអ្នកដែលនៅសល់ មានចិត្តក្រៀមក្រំនិងភ័យខ្លាចជាខ្លាំង។
ពេលមកដល់ទីក្រុងរ៉ូម លោកប៉ុលត្រូវបានគេដាក់ក្នុងគុកងងឹតមួយ ដើម្បីឲ្យគាត់ត្រូវស្លាប់នៅទីនោះ ។ ដោយត្រូវបានគេចោទប្រកាន់ពីបទញុះញង់ឲ្យមានឧក្រិដ្ឋកម្មដ៏សាហាវបំផុត និងគួរឲ្យភ័យខ្លាចបំផុត ប្រឆាំងនឹងទីក្រុង និងប្រជាជាតិ នោះលោកគឺជាកម្មវត្ថុនៃការប្រើអំពើហិង្សាជាសកល។
មិត្តភ័ក្រ្តពីរបីនាក់ដែលបានចែករំលែកបន្ទុកជាមួយសាវ័កប៉ុល ឥឡូវនេះបានចាប់ផ្តើមចាកចេញពីគាត់ ខ្លះដោយការបណ្តេញចេញ និងខ្លះទៀតដោយមានបេសកកម្មទៅកាន់ពួកជំនុំផ្សេងៗ។ ភីកេឡុស និងហ៊ើម៉ូគេន គឺជាមនុស្សដែលបានចាកចេញទៅមុនគេ ។ ដូលដេបន្ទាប់មក ដេម៉ាស ដែលបានស្រងាកចិត្ដដោយពពកនៃការពិបាកនិងគ្រោះថ្នាក់បានលះបង់ចោលសាវ័កប៉ុលដែលកំពុងរងការបៀតបៀន ។ លោកប៉ុលបានបញ្ជូនក្រេសេនទៅកាន់ពួកជំនុំនៅកាឡាទី ទីតុសទៅស្រុកដាល់ម៉ាទា ទីឈីកូស ទៅក្រុងអេភេសូរ ។ ក្នុងការសរសេរទៅកាន់លោកធីម៉ូថេ អំពីបទពិសោធន៍ នេះ លោកប៉ុលបានមានប្រសាសន៍ថា «មានតែលោកលូកាប៉ុណ្ណោះទេ ដែល នៅជាមួយនឹងខ្ញុំ ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ» (ធីម៉ូថេទី២ ៤:១១)។ សាវ័កប៉ុលមិនដែលត្រូវការ ការបម្រើរបស់បងប្អូនរបស់លោក ខ្លាំងដូចពេលនេះឡើយ មានភាពទន់ ខ្សោយដោយវ័យចាស់ ការលំបាកហើយត្រូវបានគេបង្ខាំង នៅក្នុងបន្ទប់ងងឹតឈឹងក្នុងពន្ធនាគារនៅទីក្រុងរ៉ូម ។ ការបម្រើរបស់លោក លូកា ជាសិស្សជាទីស្រឡាញ់និងជាមិត្តដ៏ស្មោះត្រង់ គឺជាការកម្សាន្តចិត្តដ៏អស្ចារ្យដល់លោក ប៉ុល ហើយបានជួយលោកឲ្យប្រស្រ័យទាក់ទងជាមួយបងប្អូនរួមជំនឿរបស់លោក និងពិភពលោកខាងក្រៅផង។
នៅក្នុងគ្រាដ៏លំបាកនៃចិត្តរបស់លោកប៉ុលនេះ លោកមានចិត្តរីករាយដោយបានទទួលការមកសួរសុខទុក្ខជាញឹកញាប់ពីអូនេសិភ័រ។ អ្នកក្រុង អេភេសូរ ដែលមានចិត្តដ៏កក់ក្ដៅនេះបានខិតខំអស់ពីសមត្ថភាពដើម្បីជួយសម្រាលទុក្ខពីការជាប់ពន្ធនាគាររបស់សាវ័កប៉ុល។ លោកគ្រូជាទីស្រឡាញ់របស់គាត់ត្រូវបានជាប់ចំណង ដោយសារប្រយោជន៍នៃសេចក្តីពិត ខណៈ ដែលគាត់នៅមានសេរីភាព ហើយគាត់មិនបានសំចៃខ្លួនឯងក្នុងការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យវាសនារបស់លោកប៉ុលបានធូរស្បើយនោះឡើយ ។នៅក្នុងសំបុត្រចុងក្រោយដែលសាវ័កប៉ុលបានសរសេរ លោកនិយាយអំពីសិស្សដ៏ស្មោះត្រង់ម្នាក់នេះថា «សូមឲ្យព្រះអម្ចាស់ផ្តល់សេចក្តីមេត្តាករុណា ដល់ពួកផ្ទះអូនេសិភ័រ ដ្បិតគាត់បានលម្ហើយចិត្តខ្ញុំជាញឹកញយ ក៏មិនបានខ្មាសគេដោយព្រោះចំណងរបស់ខ្ញុំដែរ កាលគាត់នៅក្រុងរ៉ូម នោះ គាត់ខ្នះខ្នែងរកខ្ញុំ ទាល់តែឃើញផង សូមឲ្យព្រះអម្ចាស់ផ្តល់ឲ្យគាត់បានសេចក្តីមេត្តាករុណា ពីព្រះអម្ចាស់ នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំ នៅក្រុងអេភេសូរយ៉ាងណា នោះអ្នកក៏ដឹងលើសជាងគេហើយ» (ធីម៉ូថេទី២ ១:១៦-១៨)។
ព្រះបានបណ្តុះបំណងប្រាថ្នាសម្រាប់ក្ដីស្រឡាញ់និងការអាណិតអាសូរ នៅក្នុងចិត្តដោយផ្ទាល់ ។ ក្នុងគ្រានៃការឈឺចាប់នៅសួនច្បារកេតសេម៉ានី ព្រះគ្រិស្តចង់បានការអាណិតអាសូរពីពួកសិស្សរបស់ទ្រង់។ ហើយទោះបីជាហាក់ដូចលោកធ្វើដូចជាមិនខ្វល់ចំពោះការលំបាកនិងការរងទុក្ខវេទនាក៏ដោយ ក៏លោកប៉ុលចង់បានការអាណិតអាសូរនិងភាពជាដៃគូដែរ។ ដំណើរសួរសុខទុក្ខរបស់អូនេសិភ័រ ថ្លែងបញ្ជាក់ពីភាពស្មោះត្រង់របស់គាត់ នៅពេលមានភាពឯកោនិងអស់សង្ឃឹម បាននាំមកនូវសេចក្តីអំណរនិង ភាពរីករាយ ដល់អ្នកដែលបានចំណាយជីវិតរបស់ខ្លួនដើម្បីបម្រើដល់អ្នកដទៃ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង។ ( ធីម៉ូថេទី២ ១:១២ )