ថ្ងៃអាទិត្យ ទី០៣​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៩)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​៨​

ខព្រះគម្ពីរប្រចាំថ្ងៃ: ​បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ។ កាឡាទី ៥:១៣

ដូច្នោះ លោកប៉ុលដែលជាអ្នកទោស បានជំរុញការទាមទារ​នៃក្រឹត្យ​វិន័យ​របស់ព្រះ ដល់សាសន៍យូដានិងសាសន៍ដទៃ ហើយបានបង្ហាញ​ថា​ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែលគេមើលងាយ គឺជាព្រះរាជបុត្រា​នៃព្រះ ជាព្រះដ៏ប្រោសលោះនៃពិភពលោក ។

ព្រះរាជនីនៃសាសន៍យូដាបានយល់យ៉ាងច្បាស់ អំពីលក្ខណៈដ៏ពិសិដ្ឋនៃក្រឹត្យវិន័យដែលព្រះនាងបានប្រព្រឹត្តដោយឥតអៀនខ្មាស ប៉ុន្តែ ការប្រកាន់​ពូជសាសន៍ប្រឆាំងនឹងព្រះយេស៊ូវនៃកាល់វ៉ារី បានធ្វើឲ្យព្រះទ័យ​របស់​ព្រះ​នាង ប្រឆាំងនឹងព្រះបន្ទូលនៃជីវិត ។ ប៉ុន្ដែ កន្លងមក លោកភេលីចមិនដែលស្ដាប់សេចក្ដីពិតទេ ហើយនៅពេលដែលព្រះវិញ្ញាណនៃព្រះបានបំផ្លាស់បំប្រែចិត្តរបស់លោក លោកបានព្រួយចិត្ដយ៉ាងខ្លាំង។ ឥឡូវនេះ មនសិការ​របស់លោកក៏បានភ្ញាក់រឭកឡើង ធ្វើឲ្យលោកភេលីចបានឮសំឡេងនៃមនសិការរបស់លោក ហើយលោកបានដឹងថាសម្តីរបស់លោកប៉ុលជាពាក្យពិត។ គំនិតបាននឹកឃើញកំហុសពីអតីតកាល ។ ដោយមានភាពខុសគ្នាដ៏គួរឲ្យភ័យខ្លាច អាថ៌កំបាំងនៃជីវិតដែលបំផ្លិចបំផ្លាញនិងបង្ហូរឈាម និងកំណត់ត្រាខ្មៅងងឹតកាលពីឆ្នាំមុនៗ របស់លោក បានលេចធ្លោឡើងនៅ​ចំពោះ​មុខ​លោក ។ លោកបានមើលឃើញដោយខ្លួនឯងមានភាពអយុត្តិធម៌ ឃោរឃៅ និងការរំលោភបំពាន។ កន្លងមក លោកមិនដែលដឹងពីសេចក្តីពិតដូច្នេះឡើយ។ កន្លងមក ចិត្តរបស់លោកមិនដែលពោរពេញដោយការភ័យខ្លាចដូច្នេះទេ។ គំនិតដែលថាអាថ៌កំបាំងទាំងអស់នៃឧក្រិដ្ឋកម្មរបស់លោកត្រូវបានបើកចំហនៅចំពោះព្រះនេត្ររបស់ព្រះ ហើយថាលោកនឹងត្រូវបានជំនុំជម្រះទៅតាមអំពើដែលខ្លួនបានប្រព្រឹត្ត បានធ្វើឲ្យលោកភ័យញាប់ញ័រ ។

ប៉ុន្តែ ជំនួសឲ្យការភ្ញាក់រឭករបស់លោកនេះដឹកនាំឲ្យមានការកែប្រែចិត្ត លោកបែរជាបានព្យាយាមបោះបង់ការឆ្លុះបញ្ចាំងដែលលោកមិនពេញចិត្តទាំងនេះចោលចេញទៅវិញ ។ លោកបានកាត់បន្ថយបទសម្ភាសន៍ជាមួយលោកប៉ុលឲ្យខ្លី ។ លោកបានមានប្រសាសន៍ថា «ឥឡូវនេះ ឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត» ។

ការគ្រប់គ្រងរបស់លោកភេលីចនិងឆ្មាំគុកនៅក្រុងភីលីពមានភាពខុសគ្នាដាច់ស្រឡះ! ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវបានគេចាប់ចង យកមក​ប្រគល់ឲ្យឆ្មាំគុក ដូចជាលោកប៉ុលត្រូវបានគេនាំយកមកជូនលោកភេលីចដូច្នោះដែរ ។ ភស្តុតាងដែលពួកគេបានផ្តល់ឲ្យ ស្តីអំពីការទ្រទ្រង់ដោយអំណាចរបស់ព្រះ ក្តីអំណររបស់ពួកគេ នៅក្រោមការរងទុក្ខនិងភាពអាម៉ាស់ភាពមិនភ័យខ្លាចរបស់ពួកគេ នៅពេលដែលផែនដីត្រូវបានកក្រើករំពើកដោយការរញ្ជួយដី និងស្មារតីនៃការអភ័យទោសដូចជាព្រះគ្រិស្ត បានបញ្ជូនការជឿជាក់ដល់ចិត្តរបស់ឆ្មាំគុក ហើយដោយការភ័យរន្ធត់ គាត់បានលន់​តួ​អំពើបាបរបស់គាត់ ហើយបានរកឃើញការលើកលែងទោស។ ចំណែក​ឯលោកភេលីចវិញ បានភ័យញ័ររន្ធត់ដែរ តែលោកមិនបានកែប្រែ​ចិត្ដឡើយ ឆ្មាំគុកបានស្វាគមន៍ចំពោះព្រះវិញ្ញាណនៃព្រះ មកកាន់ចិត្ដ និងផ្ទះរបស់​គាត់។ តែលោកភេលីចបានសុំឲ្យអ្នកនាំសាររបស់ព្រះចាកចេញពីលោកទៅ ។ ម្នាក់បានជ្រើសរើសធ្វើជាកូនរបស់ព្រះ និងជាអ្នកស្នងមរតកនៃ ឋានសួគ៌ ។ ម្នាក់ទៀតចាប់ឆ្នោតយកការប្រព្រឹត្តអំពើទុច្ចរិត។

អស់រយៈពេលពីរឆ្នាំ គ្មានការសម្រេចក្តីយ៉ាងណា ទាស់នឹង​លោក​ប៉ុលទេ ហើយលោកនៅតែជាប់ក្នុងគុកដដែល ។ លោកភេលីច​បានទៅ​ជួប​គាត់ជាច្រើនដង ហើយបានស្ដាប់សម្តី របស់គាត់ដោយយកចិត្តទុកដាក់ ។ ប៉ុន្ដែ គោលបំណងពិតប្រាកដរបស់លោកភេលីចក្នុងការបង្ហាញភាពស្និទ្ធស្នាលនេះ គឺគ្រាន់តែចង់បានសំណូកប៉ុណ្ណោះ ហើយលោកបានគិតក្នុងចិត្ត​ថាប្រសិនបើលោកប៉ុលយកប្រាក់ជាច្រើនមកសូក នោះលោកនឹងបានរួច​ខ្លួន​ជាមិនខាន ។ ទោះជាយ៉ាងនេះក៏ដោយ ក៏និស្ស័យដ៏ថ្លៃថ្នូររបស់សាវ័កប៉ុល មិនចង់បានរួចខ្លួនដោយការសូកប៉ាន់ឡើយ ។ លោកមិនមានទោស​ពីបទ​ឧក្រិដ្ឋអ្វីទេ ហើយលោកនឹងមិនព្រមឱនក្បាលប្រព្រឹត្តខុស ដើម្បីទទួលបាន​សេរីភាពដែរ ។ លើសពីនេះទៅទៀត លោកមានជីវភាពក្រីក្រណាស់ មិន​មានប្រាក់បង់ថ្លៃលោះបែបនេះទេ ប៉ុន្តែ ប្រសិនបើគាត់ចង់ធ្វើដូច្នេះ ហើយ​មិន​អាចធ្វើដោយខ្លួនឯងបាន លោកអាចអំពាវនាវសុំការអាណិតអាសូរ និងក្តីសប្បុរសពីពូកអ្នកដែលបានកែប្រែចិត្ដបាន ។ លោកក៏បានដឹងដែរថា លោក​នៅក្នុងព្រះហស្តរបស់ព្រះ ហើយលោកនឹងមិនរំខានដល់គោលបំណងរបស់ព្រះ ដោយសារតែរឿងផ្ទាល់ខ្លួនឡើយ ។

ទីបំផុត លោកភេលីចត្រូវបានកោះហៅទៅកាន់ទីក្រុងរ៉ូម ដោយសារតែបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរប្រឆាំងនឹងសាសន៍យូដា ។ មុននឹងពេល​ចាក​ចេញពីសេសារា តាមការកោះហៅនេះ លោកភេលីចបានគិតថា «ចង់បាន​បំណាច់ ចំពោះសាសន៍យូដាផង» បានជាលោកទុកឲ្យប៉ុលជាប់គុកទៅ ។ ប៉ុន្ដែ លោកភេលីចមិនទទួលជោគជ័យក្នុងការប៉ុនប៉ងទាក់ទាញទំនុកចិត្តពីសាសន៍យូដាទេ ។ គេបានដកលោកចេញពីតំណែងយ៉ាងអាម៉ាស់ ហើយ​លោក​ព័រគាសភេ ស្ទុស បានមកឈរជំនួសតំណែងលោកភេលីច ជា​អភិបាល​ក្រុងសេសារា ។ព្រះបានអនុញ្ញាតឲ្យកាំរស្មីនៃពន្លឺពីឋានសួគ៌ចែងចាំងមកលើលោកភេលីច ពេលដែលលោកប៉ុលបានវែកញែកជាមួយលោកអំពីសេចក្ដីសុចរិត សេចក្ដីមេត្ដាករុណា និងការជំនុំជម្រះ ដែលនឹងកើតឡើង ។ ឱកាសដែលព្រះបានបញ្ជូនមកពីឋានសួគ៌នោះហើយ ដែលលោកមើលឃើញ និងបោះ​បង់​ចោល អំពើបាបរបស់លោក ។ ប៉ុន្ដែ លោកបានប្រាប់ដល់អ្នកនាំសាររបស់ព្រះថា៖ «ឥឡូវនេះឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះ​អញនឹងហៅឯងមកទៀត» ។ លោកបានបន្ទាបសេចក្ដីមេត្តាករុណាដែលព្រះបានប្រទានដល់លោកចុងក្រោយបង្អស់ ។ ហើយលោកនឹងមិនដែលបានទទួលការត្រាស់ហៅពីព្រះម្តងទៀតឡើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេសារ ហើយ​មើល ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំនឹង​កើត​មក​ដូច្នោះ​មែន។ ( កិច្ចការ ២៧:២៤-២៥ )។

Powered by CAM