ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៣៥
នៅពេលលោកប៉ុលត្រូវបានគេកោះហៅឲ្យបង្ហាញខ្លួននៅចំពោះព្រះចៅអធិរាជនេរ៉ូដើម្បីកាត់ទោស នោះលោករំពឹងថាសេចក្ដីស្លាប់បានមកដល់ហើយ។ កម្រិតនៃការចោទប្រកាន់ពីបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងលោក និងការស្អប់ខ្ពើមជាទូទៅចំពោះគ្រិស្តបរិស័ទបានបន្សល់ទុកនូវក្តីសង្ឃឹមតិចតួចបំផុត សម្រាប់ការអនុគ្រោះចំពោះរឿងក្តីមួយនេះ។
ជាទម្លាប់ ក្នុងចំណោមសាសន៍ក្រិកនិងសាសន៍រ៉ូម គេអនុញ្ញាតឲ្យជនជាប់ចោទមានសិទ្ធិជួលមេធាវីឲ្យតវាជំនួសខ្លួននៅចំពោះមុខតុលាការយុត្តិធម៌ ។ ដោយសារកម្លាំងនៃការតវា ដោយការបញ្ចេញវោហារយ៉ាងពីរោះ ឬដោយការអង្វរ ការអធិដ្ឋាននិងទឹកភ្នែក មេធាវីបែបនេះតែងតែទទួលបានការសម្រេចចិត្ត ដើម្បីគាំទ្រដល់អ្នកទោស ឬបើមិនបានជោគជ័យទាំងស្រុងទេ ក៏អាចទទួលបានជោគជ័យត្រឹមការកាត់បន្ថយទោសធ្ងន់ធ្ងរ តាមការសម្រេចរបស់តុលាការដែរ ។ ប៉ុន្ដែ នៅពេលដែលលោកប៉ុលត្រូវបានកោះហៅ ឲ្យបង្ហាញខ្លួននៅចំពោះស្តេចនេរ៉ូ គ្មាននរណាម្នាក់ហ៊ានប្រថុយធ្វើជាទីប្រឹក្សាឬមេធាវីរបស់លោកឡើយ គ្មានមិត្តភក្តិណាម្នាក់នៅក្បែរលោកសោះ សូម្បីតែដើម្បីរក្សាកំណត់ត្រានៃការចោទប្រកាន់ ដែលត្រូវបានចោទប្រឆាំងនឹងរូបលោកឬការប្រកែកតវាដែលលោកបានលើកឡើងក្នុងការការពារខ្លួននោះក៏គ្មានដែរ ។ ក្នុងចំណោមពួកគ្រិស្ដសាសនិកនៅទីក្រុងរ៉ូម មិនមានអ្នកណាដែលបានចេញមកឈរក្បែរលោក នៅម៉ោងដ៏តានតឹងនោះឡើយ។
កំណត់ហេតុតែមួយគត់ដែលគួរឲ្យទុកចិត្ដបានអំពីគ្រានោះ គឺបានផ្តល់ដោយសារតែលោកប៉ុលផ្ទាល់ក្នុងសំបុត្រទីពីររបស់លោក ផ្ញើទៅជូនធីម៉ូថេប៉ុណ្ណោះ ។ សាវ័កប៉ុលបានសរសេរថា «កាលខ្ញុំបានដោះសាជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្តីនោះ ជាទោសដល់គេឡើយ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចម្រើនកម្លាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ» (ធីម៉ូថេទី២ ៤:១៦, ១៧)។
លោកប៉ុលនៅចំពោះស្តេចនេរ៉ូ មានភាពផ្ទុយគ្នាស្រឡះ ព្រះចៅអធិរាជដ៏ក្រអឺតក្រទមនៅចំពោះមនុស្សរបស់ព្រះដែលត្រូវឆ្លើយការពារជំនឿរបស់ខ្លួននេះ គឺជាស្តេចដ៏មានអំណាចនិងទ្រព្យសម្បត្តិ នៅលើផែនដី ព្រមទាំងជាស្តេចដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋនិងអំពើទុច្ចរិតដ៏ថោកទាបបំផុត ។ ស្តេចបានឈរនៅដាច់ដោយឡែកដោយអំណាចនិងភាពឧត្ដុង្គឧត្ដម ។ គ្មាននរណាម្នាក់ហ៊ានចោទសួរពីអំណាចរបស់ទ្រង់ទេ ក៏គ្មាននរណាម្នាក់ហ៊ានប្រឆាំងនឹងព្រះទ័យរបស់ទ្រង់ដែរ ។ ស្តេចបានដាក់មកុដរបស់ពួកគេនៅទៀបប្របាទរបស់ទ្រង់ ។ កងទ័ពដែលមានអំណាចបានដើរតាមបង្គាប់របស់ទ្រង់ ហើយទង់នៃកងទ័ពជើងទឹករបស់ទ្រង់បានបង្ហាញពីការទទួលជ័យជម្នះ។ រូបសំណាករបស់ទ្រង់ត្រូវបានដាក់តាំង នៅក្នុងបន្ទប់សវនាការ និងបទបញ្ញត្តិរបស់សភានិងការសម្រេចចិត្តរបស់ចៅក្រម ត្រូវតែសម្របទៅតាមបំណងរបស់ទ្រង់ ។ មនុស្សរាប់លាននាក់បានឱនក្រាបគោរពតាមដីការបស់ទ្រង់ ។ ព្រះនាមរបស់ស្តេចនេរ៉ូបានធ្វើឲ្យពិភពលោកញាប់ញ័រ។ ការទទួលរងការមិនសព្វព្រះហឫទ័យពីទ្រង់ នឹងត្រូវបាត់បង់ទ្រព្យសម្បត្តិ សេរីភាព រហូតអាយុជីវិត ហើយព្រះភក្រ្តរបស់ទ្រង់ មើលទៅគួរឲ្យខ្លាចជាងជំងឺអាសន្នរោគទៅទៀត ។អ្នកទោសដែលមានវ័យចំណាស់ឈរនៅចំពោះស្តេចនេរ៉ូ ដោយគ្មានលុយកាក់ គ្មានមិត្តភក្តិ គ្មានមេធាវី ព្រះភ័ក្រ្តរបស់ព្រះចៅអធិរាជបង្ហាញពីភាពអាម៉ាស់នៃតណ្ហាដែលឆេះឆួលនៅខាងក្នុង ។ មុខរបស់ជនជាប់ចោទថ្លែងប្រាប់ពីសេចក្តីសុខសាន្តជាមួយព្រះ ។ បទពិសោធន៍របស់លោកប៉ុលគឺភាពក្រីក្រ ការលះបង់ខ្លួនឯង និងការរងទុក្ខវេទនា ។ ទោះបីជាមានការបកស្រាយបំផ្លើស ការស្តីបន្ទោស ការប្រមាថមើលងាយ និងការរំលោភបំពានដែលសត្រូវរបស់លោកបានខិតខំបំភិតបំភ័យដល់លោកយ៉ាងណាក៏ដោយ ក៏លោកបានប្រកាន់ខ្ជាប់នូវខ្នាតគំរូនៃឈើឆ្កាងដោយឥតភ័យខ្លាចដែរ ។ លោកបានក្លាយជាអ្នកត្រាច់ចរគ្មានផ្ទះសម្បែងដូចជាព្រះដែលជាចៅហ្វាយរបស់លោកដែរ ហើយលោកបានរស់នៅដើម្បីជាព្រះពរដល់មនុស្សលោក ដូចជាទ្រង់ដែរ។ តើស្តេចនេរ៉ូដ៏រប៉ិលរប៉ូច ពោរពេញដោយតណ្ហា អសីលធម៌ និងផ្តាច់ការនេះ អាចសព្វព្រះទ័យចំពោះចរិតលក្ខណៈនិងបំណងប្រាថ្នារបស់កូនព្រះនេះបានយ៉ាងណាទៅ?
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង។ ( ធីម៉ូថេទី២ ១:១២ )