ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៣៦
ខព្រះគម្ពីរប្រចាំថ្ងៃ: ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ។ ធីម៉ូថេទី២ ២:១១
សាលជំនុំជម្រះដ៏ធំនេះមានពេញដោយហ្វូងមនុស្សដែលអន្ទះសា និងជ្រួលជ្រើមចង់រុលទៅខាងមុខ ដើម្បីមើលនិងស្តាប់នូវអ្វីដែលនឹងកើតឡើង។ ទាំងអ្នកមានវណ្ណៈខ្ពស់ និងវណ្ណៈទាប ទាំងអ្នកមាននិងអ្នកក្រ ទាំងអ្នកប្រាជ្ញនិងអ្នកល្ងិតល្អង់ ទាំងអ្នកអួតអាងនិងអ្នកសុភាពរាបសា ដែលបានប្រមូលផ្តុំគ្នានៅទីនោះ សុទ្ធតែជាអ្នកដែលគ្មានចំណេះដឹងពិតប្រាកដអំពីផ្លូវនៃជីវិតនិងសេចក្ដីសង្គ្រោះឡើយ។
សាសន៍យូដាបានយកសំណុំរឿងចាស់ ទាក់ទងនឹងការដឹកនាំឲ្យមានការបះបោរនិងការបង្រៀនពីគោលលទ្ធិខុស មកចោទប្រកាន់លោកប៉ុល ហើយទាំងជនជាតិយូដានិងទាំងជនជាតិរ៉ូម បានចោទប្រកាន់លោកថាបានញុះញង់ឲ្យមានអគ្គិភ័យនៅទីក្រុង។ នៅពេលការចោទប្រកាន់ទាំងនេះត្រូវបានលើកឡើងប្រឆាំងនឹងគាត់ លោកប៉ុលបានរក្សាភាពស្ងប់ស្ងាត់ដដែលហ្វូងមនុស្សនិងពួកចៅក្រមបានសម្លឹងមើលលោកដោយភ្ញាក់ផ្អើល។ ពួកគេធ្លាប់មានវត្តមាននៅក្នុងការជំនុំជម្រះជាច្រើនលើក ហើយធ្លាប់បានឃើញឧក្រិដ្ឋជនជាច្រើន ប៉ុន្តែ ពួកគេមិនដែលឃើញមនុស្សណាម្នាក់មានភាពស្ងប់ស្ងាត់ដ៏បរិសុទ្ធដូចអ្នកទោស ដែលនៅចំពោះមុខពួកគេនេះឡើយ ។ ភ្នែកដ៏មុតរបស់ចៅក្រមដែលធ្លាប់តែអាចវិនិច្ឆ័យទឹកមុខរបស់អ្នកទោស បានពិនិត្យមើលមុខលោកប៉ុលដើម្បីរកភស្តុតាងនៃកំហុសរបស់លោក ឥតបានផលអ្វីឡើយ ។ នៅពេលគេបានអនុញ្ញាតឲ្យលោកនិយាយដោយខ្លួនឯង មនុស្សទាំងអស់បានស្ដាប់ដោយយកចិត្ដទុកដាក់។
លោកប៉ុលមានឱកាសលើកបដានៃឈើឆ្កាងនៅចំពោះហ្វូងមនុស្សដែលកំពុងតែវង្វេង ម្តងទៀតហើយ។ ពេលលោកសម្លឹងមើលហ្វូងមនុស្សដែលនៅពីមុខលោក មានសាសន៍យូដា សាសន៍ក្រិក រ៉ូម ជាមួយនឹងមនុស្សដទៃដែលមកពីប្រទេសផ្សេងៗទៀតជាច្រើនចិត្តរបស់លោកពុះកញ្រ្ជោលដោយក្តីប្រាថ្នាដ៏ខ្លាំងក្លាចង់ឲ្យពួកគេបានសង្គ្រោះ។ លោកមើលលែងឃើញពីគ្រោះថ្នាក់ដែលនៅជុំវិញខ្លួន ជោគវាសនាដ៏គួរឲ្យភ័យខ្លាច ដែលហាក់ដូចជាជិតមកដល់ហើយនេះ លោកមើលឃើញតែព្រះយេស៊ូវ ជាព្រះដែលអង្វរករដល់ព្រះវរិតាជំនួសមនុស្សលោកដែលមានបាប ។ លោកប៉ុលបានបង្ហាញពីសេចក្ដីពិតនៃដំណឹងល្អ ដោយសំឡេងដ៏ពីរោះហាក់ដូចជាមិនមែនសំឡេងរបស់មនុស្ស ។ លោកចង្អុលបង្ហាញដល់អ្នកស្ដាប់របស់លោកទៅឯតង្វាយយញ្ញបូជាដែលបានថ្វាយជំនួសមនុស្សលោកដែលបានធ្លាក់ចុះ ។ លោកបានប្រកាសថាព្រះបានបង់ថ្លៃលោះមនុសុស្សលោក ក្នុងតម្លៃយ៉ាងថ្លៃឥតគណនា ។ ព្រះបានរៀបចំឲ្យលោកចែកចាយពីបល្ល័ង្ករបស់ព្រះ។ តាមរយៈពួកទេវតាដែលជាអ្នកនាំសារ នៃផែនដីត្រូវបានភ្ជាប់ជាមួយឋានសួគ៌ ហើយការប្រព្រឹត្ដរបស់មនុស្សទាំងអស់ ទោះល្អឬអាក្រក់ក្តី នឹងត្រូវបើកចំហចំពោះព្រះនេត្រនៃព្រះដ៏យុត្តិធម៌គ្មានទីបញ្ចប់។
នេះគឺជាការអះអាងរបស់មេធាវីនៃសេចក្តីពិត ។ លោកបានឈរជាអ្នកតំណាងរបស់ព្រះ ជាអ្នកស្មោះត្រង់ក្នុងចំណោមអ្នកមិនស្មោះត្រង់ អ្នកមានភក្តីភាពក្នុងចំណោមអ្នកគ្មានភក្តីភាព ហើយសំឡេងរបស់លោកឮហាក់ដូចជាសំឡេងពីឋានសួគ៌ ។ មិនមានការភ័យខ្លាចចំពោះទុក្ខសោក គ្មានការធ្លាក់ ទឹកចិត្តនៅក្នុងពាក្យសម្ដីឬសកម្មភាពរបស់លោកឡើយ ។ ដោយដឹងប្រាកដពីភាពគ្មានទោស ហើយស្លៀកពាក់នៅក្នុងសេចក្ដីពិត លោកមានអំណរក្នុងនាមជាកូនរបស់ព្រះ ។ សម្ដីរបស់លោកហាក់បីដូចជាសម្រែកនៃជ័យជម្នះនៅក្នុងសមរភូមិ ។ លោកបានប្រកាសពីមូលហេតុដែលលោកបានលះបង់ជីវិត ថាជាមូលហេតុតែមួយគត់ដែលមិនអាចបរាជ័យ ។ ទោះបីជាលោកត្រូវវិនាសក៏ដោយ ក៏ដំណឹងល្អនឹងមិនវិនាសដែរ ។ ព្រះទ្រង់ មានព្រះជន្មរស់នៅ ហើយសេចក្តីពិតរបស់ទ្រង់នឹងមានជ័យជម្នះ។
មនុស្សជាច្រើនដែលបានមើលមុខលោកនៅថ្ងៃនោះ «ឃើញដូចជាមុខ ទេវតា» (កិច្ចការ ៦:១៥)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ( ធីម៉ូថេទី២ ៤:៧ )