ថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤០)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការជំពូក ២៥:១-១២។
លោកប៉ុលប្តឹងឧទ្ធរណ៍ទៅស្តេចសេសារ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៩
ខព្រះគម្ពីរប្រចាំថ្ងៃ: ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ។ កូរិនថូសទី២ ៥:១៥
«លុះកាលលោកភេស្ទុសបានចូលមកក្នុងខេត្ត នោះក្រោយបីថ្ងៃ លោកក៏ឡើងពីសេសារា ទៅឯក្រុងយេរូសាឡិម ឯពួកសង្គ្រាជ និងពួកមេសាសន៍យូដា គេចូលទៅជម្រាបលោកពីដំណើរប៉ុល ហើយសូមអង្វរឲ្យលោកអនុញ្ញាតចាត់គេឲ្យទៅនាំគាត់មកក្រុងយេរូសាឡិមវិញ» ។ ក្នុងការធ្វើសំណូមពរនេះ ពួកគេមានបំណងបញ្ចុះបញ្ចូលប៉ុលឲ្យធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុងយេរូសាឡិម ហើយសម្លាប់គាត់ចោល ។ ប៉ុន្តែ លោកភេស្ទុសមានគំនិតខ្ពស់ចំពោះការទទួលខុសត្រូវរបស់លោក ហើយបានបដិសេធមិនព្រមប្រគល់លោកប៉ុលឲ្យទៅគេទេ ។ លោកបានមានប្រសាសន៍ថា៖ «សាសន៍រ៉ូមមិនដែលបញ្ជូនមនុស្សណាឲ្យត្រូវស្លាប់ មុនដែលចុងចម្លើយមានពួកដើមចោទនៅមុខខ្លួន ហើយមានឱកាសនឹងដោះសាពីរឿងគេចោទនោះឡើយ» ។ គាត់បានថ្លែងថា «ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯ» សេសារា ។ «ដូច្នេះ … ចូរអស់អ្នកដែលមានអំណាចក្នុងពួកអ្នករាល់គ្នា ចុះទៅជាមួយគ្នា បើមនុស្សនោះមានទោសអ្វី នោះត្រូវឲ្យចោទប្រកាន់វាចុះ កាលបានស្នាក់នៅក្នុងទីក្រុងគេជាងដប់ថ្ងៃ នោះក៏ចុះទៅឯសេសារាវិញ ដល់ថ្ងៃស្អែកឡើង លោកអង្គុយនៅទីជំនុំជម្រះក្តី ហើយបង្គាប់ឲ្យគេនាំប៉ុលមក»។
នេះមិនមែនជាអ្វីដែលពួកយូដាចង់បាននោះទេ ។ ពួកគេមិនបានភ្លេចពីការបរាជ័យលើកមុនរបស់ពួកគេនៅសេសារាឡើយ ។ ផ្ទុយទៅនឹងការជជែកវែកញែកដោយស្ងប់ស្ងាត់និងមានអំណាចរបស់សាវ័កប៉ុល ស្មារតីនៃការចោទប្រកាន់ដ៏សាហាវព្រៃផ្សៃដោយគ្មានមូលដ្ឋានពិតប្រាកដរបស់ពួកគេបានលេចឡើងក្នុងពន្លឺដ៏អាក្រក់បំផុត ។ ពួកគេបានទទូចសុំឲ្យនាំលោកប៉ុលទៅជំនុំជម្រះនៅក្រុងយេរូសាឡិមម្តងទៀត ប៉ុន្តែ លោកភេស្ទុសប្រកាន់គំនិតរបស់លោកយ៉ាងរឹងមាំ ក្នុងការផ្តល់យុត្តិធម៌ជូនលោកប៉ុលនៅសេសារាដដែល ។ ព្រះបានគ្រប់គ្រងសេចក្តីសម្រេចរបស់លោកភេស្ទុស នៅក្នុងអំណាចរបស់ទ្រង់ ដើម្បីជួយពន្យារអាយុជីវិតរបស់សាវ័កប៉ុល។
គោលបំណងរបស់ពួកគេបានបរាជ័យ ពួកមេដឹកនាំសាសន៍យូដាបានរៀបចំធ្វើជាសាក្សីប្រឆាំងនឹងលោកប៉ុល នៅតុលាការនៃសាលាជំនុំជម្រះ។ ពេលត្រឡប់ទៅកាន់ក្រុងសេសារាវិញ បន្ទាប់ពីបានស្នាក់នៅក្រុងយេរូសាឡិមអស់ពីរបីថ្ងៃរួចមក លោកភេស្ទុស «អង្គុយនៅទីជំនុំជម្រះក្តី ហើយបង្គាប់ឲ្យគេនាំប៉ុលមក លុះគាត់ចូលមកដល់ នោះពួកសាសន៍យូដា ដែលចុះពីក្រុងយេរូសាឡិមមក គេឈរនៅជុំវិញ ក៏ចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចនឹងរកភស្តុតាងបាន» ។ ការនៅក្នុងឱកាសបែបនេះដោយគ្មានមេធាវី ពួកជនជាតិយូដាលើកឡើងនូវការចោទប្រកាន់របស់ពួកគេដោយខ្លួនឯង ។ ខណៈដែលការជំនុំជម្រះបានដំណើរការ ជនជាប់ចោទបានបង្ហាញយ៉ាងច្បាស់ពីភាពមិនពិតនៃការចោទប្រកាន់របស់ពួកគេ ដោយភាពស្ងប់ស្ងាត់និងឥតលាក់លៀម។
លោកភេស្ទុសយល់ថាសំណួរក្នុងជម្លោះនេះ ទាក់ទងទៅនឹងគោលលទ្ធិនៃសាសន៍យូដា និងថាតាមការយល់ដឹងយ៉ាងត្រឹមត្រូវ នោះគ្មានអ្វីនៅក្នុងការចោទប្រកាន់ទាស់នឹងលោកប៉ុល ដែលបង្ហាញថាលោកត្រូវមានទោសប្រហារជីវិត ឬជាប់គុកនោះទេ ។ ក៏ប៉ុន្ដែ លោកបានឃើញយ៉ាងច្បាស់នូវព្យុះកំហឹងដែលនឹងកើតឡើង ប្រសិនបើលោកប៉ុលមិនត្រូវបានកាត់ទោសឬប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេទេ ។ ដូច្នេះហើយបានជាលោក «ចង់បានបំណាច់ចំពោះពួកសាសន៍យូដា» ក៏សួរទៅប៉ុលថា តើគាត់សុខចិត្តឡើងទៅឯក្រុងយេរូសាឡិម ក្រោមការការពាររបស់លោកឲ្យត្រូវជំនុំជម្រះដោយក្រុមប្រឹក្សាសាន់ហេឌ្រីនដែរឬទេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានព្រះបន្ទូលមកខ្ញុំនឹងកើតមកដូច្នោះមែន។ ( កិច្ចការ ២៧:២៤-២៥ )។