ថ្ងៃអង្គារ ទី០៥​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤០)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​១០​

ខព្រះគម្ពីរប្រចាំថ្ងៃ: ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុកផ្តាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀតចង្អល់។ កូរិនថូសទី២ ៦:៤

សាវ័កប៉ុលបានដឹងថាលោកមិនអាចស្វែងរកយុត្តិធម៌ពីមនុស្សដែលនាំសេចក្តីក្រោធរបស់ព្រះឲ្យធ្លាក់មកលើពួកគេដោយសារតែឧក្រិដ្ឋកម្មរបស់ពួកគេនេះឡើយ ។ លោកបានដឹងថាលោកនឹងមានសុវត្ថិភាពនៅក្នុងចំណោមសាសន៍ដទៃ ជាជាងអ្នកដែលបានបដិសេធ​ពន្លឺពីឋានសួគ៌និងមាន​ចិត្តប្រឆាំងនឹងដំណឹងល្អ ដូចជាហោរាអេលីយ៉ាដែរ ។ ដោយនឿយហត់ក្នុង​ការតស៊ូ វិញ្ញាណដ៏សកម្មរបស់លោកធុញទ្រាន់នឹងទ្រាំទ្រចំពោះការពន្យារពេលជំនុំជម្រះរបស់លោកម្តងហើយម្តងទៀត និងការបន្តដាក់លោកនៅក្នុងគុកជាយូរអង្វែង ។ ដូច្នេះ លោកបានសម្រេចចិត្ដប្រើសិទ្ធិរបស់គាត់ជាពលរដ្ឋសាសន៍រ៉ូមដើម្បីប្តឹងឧទ្ធរណ៍ទៅស្តេចសេសារ។

ជាការឆ្លើយតបទៅនឹងសំណួររបស់លោកអភិបាលខេត្ត លោកប៉ុល​បាននិយាយថា៖ «ខ្ញុំប្របាទឈរនៅមុខទីជំនុំជម្រះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជម្រះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជគុណក៏ជ្រាបច្បាស់ហើយ បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ»។

លោកភេស្ទុសមិនបានដឹងពីឧបាយកលនៃសាសន៍យូដា ចង់សម្លាប់​លោកប៉ុលទេ ហើយលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបណ្តឹងនេះត្រូវបានប្តឹងឧទ្ធរណ៍ទៅស្តេចសេសារ ទោះបីជាយ៉ាងនេះក៏ដោយ សម្តីរបស់សាវ័កប៉ុលបានបញ្ឈប់ដំណើរក្តីរបស់តុលាការ ។ «ក្រោយដែលភេស្ទុសបានពិគ្រោះនឹងក្រុមជំនុំ នោះក៏ឆ្លើយថា ឯងបានសូមរើក្តី​នេះដល់​សេសារ​វិញ បើដូច្នេះ ឯងត្រូវទៅដល់សេសារចុះ»។

ដូច្នេះ អ្នកបម្រើរបស់ព្រះត្រូវបានជំរុញឲ្យទទួលការការពារពីសាសន៍ដទៃ ម្តងទៀត ដោយសារតែសម្អប់ដែលកើតមកពីការប្រកាន់ពូជសាសន៍និងភាពសុចរិតផ្ទាល់ខ្លួន ។ គឺសម្អប់ដូចគ្នានេះហើយ ដែលបានបង្ខំឲ្យហោរាអេលីយ៉ាបានភៀសខ្លួនទៅរកជំនួយពីស្ត្រីមេម៉ាយនៅសារិបតា ហើយបានបង្ខំឲ្យហោរានេះបានបង្វែរដំណឹងល្អចេញពីសាសន៍យូដាទៅប្រកាសប្រាប់​ដល់សាសន៍ដទៃវិញ ។ ហើយរាស្រ្តរបស់ព្រះដែលរស់នៅក្នុងសម័យនេះ ក៏នឹងត្រូវជួបប្រទះនឹងសម្អប់ដូចគ្នានេះដែរ ។ ក៏មានអំនួត ការប្រកាន់​ជំនឿ​ជ្រុលនិយម ភាពអាត្មានិយម វិញ្ញាណនៃការជិះជាន់ ក្នុងចំណោមពួកអ្នកដែលអះអាងថាជាសិស្សរបស់ព្រះគ្រិស្តជាច្រើន ដូចជាធ្លាប់មាន​យ៉ាង​ទូលំទូលាយ នៅក្នុងចិត្តសាសន៍យូដាដែរ។ នៅពេលអនាគត មនុស្សដែលអះអាងថាជាតំណាងរបស់ព្រះគ្រិស្ត នឹងដើរតាមគន្លងស្រដៀងនឹងអ្វីដែលពួកសង្រ្គាជនិងពួកអ្នកគ្រប់គ្រងបានប្រព្រឹត្តចំពោះព្រះគ្រិស្តនិងពួកសាវ័កដែរ ។ នៅក្នុងវិបត្ដិដ៏ធំដែលនឹងកើតឡើងនៅពេលដ៏ខ្លីខាងមុខនេះ អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនឹងជួបប្រទះនឹងចិត្តរឹងរូស និងការសង​សឹក​ដ៏​ឃោរឃៅ និងសម្អប់យ៉ាងខ្លាំងក្លា ដូចគ្នានេះដែរ។

អស់អ្នកដែលនៅក្នុងថ្ងៃអាក្រក់នោះនឹងបម្រើព្រះដោយភ័យខ្លាច ទៅ​តាមការបង្ខំនៃមនសិការ នឹងត្រូវការភាពក្លាហាន ភាពរឹងមាំ និងចំណេះ​ដឹង​អំពីព្រះ និងព្រះបន្ទូលរបស់ទ្រង់ អស់អ្នកដែលស្មោះត្រង់ចំពោះព្រះនឹងត្រូវគេបៀតបៀន ហើយបំណងរបស់ពួកគេនឹងត្រូវបរាជ័យ កិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ពួកគេនឹងត្រូវបានបកស្រាយបង្ខុស ហើយឈ្មោះរបស់ពួកគេត្រូវបានគេចាត់ទុកថាជាមនុស្សអាក្រក់ ។ សាតាំងនឹងធ្វើការ​ជាមួយនឹងអំណាចនៃការបោកបញ្ឆោតទាំងអស់របស់វា ដើម្បីឲ្យមានឥទ្ធិពលលើចិត្តនិងការយល់ដឹងរបស់មនុស្ស ដើម្បីធ្វើឲ្យការអាក្រក់ក្លាយជាល្អ ហើយ​ល្អ​ទៅជាអាក្រក់។ ជំនឿកាន់តែរឹងមាំនិងបរិសុទ្ធនៃរាស្ដ្ររបស់ព្រះ និងការតាំងចិត្តដ៏ខ្លាំងក្លារបស់គេក្នុងការស្ដាប់បង្គាប់ទ្រង់ សាតាំងក៏នឹង​ខំប្រឹងកាន់​តែខ្លាំងដើម្បីជម្រុញប្រឆាំងនឹងពួកគេ ដោយកំហឹងរបស់អស់អ្នកដែលអះអាងថាជាមនុស្សសុចរិត ឲ្យធ្វើព្រងើយកន្តើយនឹងក្រឹត្យវិន័យរបស់ព្រះ។ ដើម្បីរក្សាសេចក្ដីជំនឿដែលព្រះធ្លាប់បានប្រគល់ដល់ពួកបរិសុទ្ធនោះ តម្រូវឲ្យយើងមានការជឿទុកចិត្តរឹងមាំបំផុត គោលបំណងដ៏ក្លៀវក្លាបំផុត។

ព្រះសព្វព្រះទ័យចង់ឲ្យរាស្ដ្រទ្រង់រៀបចំខ្លួនរួចជាស្រេច សម្រាប់វិបត្តិដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះ ។ ទោះបីត្រៀមខ្លួនឬមិនត្រៀមខ្លួនក្តី ពួកគេត្រូវតែជួបនឹងថ្ងៃនោះជាប្រាកដ ហើយអស់អ្នកដែលបាននាំយកជីវិតរបស់ពួកគេឲ្យសមស្របនឹងបទដ្ឋានរបស់ព្រះនឹងឈរនៅរឹងមាំ នៅពេលនៃការសាកល្បងនិងការពិបាក ។ នៅពេលដែលពួកអ្នកគ្រប់គ្រងខាងលោកិយរួបរួមជាមួយពួកអ្នកដឹកនាំសាសនា ដើម្បីដាក់ច្បាប់ពីរឿងរ៉ាវនៃមនសិការ នោះគេនឹងឃើញអ្នកដែលពិតជាកោតខ្លាច និងបម្រើដល់ព្រះ។ នៅពេលដែលភាពងងឹតកាន់តែខ្លាំងបំផុត នោះពន្លឺនៃអត្តចរិតដូចព្រះនឹង​ភ្លឺកាន់តែច្បាស់បំផុតដែរ។ នៅពេលដែលការទុកចិត្តរបស់មនុស្សដទៃទៀត​ត្រូវបរាជ័យ នោះគេនឹងឃើញអ្នកដែលមានទំនុកចិត្តលើព្រះយេហូវ៉ា ។ ហើយនៅពេលដែលខ្មាំងសត្រូវនៅគ្រប់ទិសទី សម្លឹងមើលតែការអាក្រក់នៃអ្នកបម្រើរបស់ព្រះ នោះព្រះនឹងទតមើលទៅលើពួកគេសម្រាប់ការល្អវិញ ។ ព្រះអង្គនឹងធ្វើជាម្លប់នៃថ្មដាដ៏ធំដល់ពួកគេ នៅក្នុងទឹកដីដ៏ហួតហែង។
​​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេសារ ហើយ​មើល ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំនឹង​កើត​មក​ដូច្នោះ​មែន។ ( កិច្ចការ ២៧:២៤-២៥ )។

Powered by CAM