ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤១)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការជំពូក២៥:១៧-២៣ និងជំពូក២៦។
«បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ជាគ្រីស្ទានដែរ»
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក១១
ខព្រះគម្ពីរប្រចាំថ្ងៃ: ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង។ រ៉ូម ១:១៦
លោកប៉ុលប្តឹងឧទ្ធរណ៍ទៅស្តេចសេសារ ហើយលោកភេស្ទុសមិនអាចធ្វើអ្វីផ្សេងក្រៅពីបញ្ជូនគាត់ទៅទីក្រុងរ៉ូមបានទេ ។ ប៉ុន្តែ មុននឹងរកសំពៅទៅបានគេត្រូវចំណាយពេលជាច្រើនថ្ងៃ។ ហើយដោយមានអ្នកទោសដទៃទៀតត្រូវបញ្ជូនទៅជាមួយលោកប៉ុល សំណុំរឿងរបស់ពួកគេក៏ត្រូវពន្យារពេលដែរ។ ការនេះបានផ្ដល់ឱកាសឲ្យលោកប៉ុលបង្ហាញពីមូលហេតុនៃជំនឿរបស់លោកនៅចំពោះមុខមនុស្សសំខាន់ៗនៅក្រុងសេសារា និងនៅចំពោះមុខស្ដេចអ័គ្រីប៉ា ដែលជាស្ដេចចុងក្រោយនៃរាជវង្សស្ដេចហេរ៉ូឌ ។
«ក្រោយបួនដប់ថ្ងៃមកទៀត ព្រះរាជាអ័គ្រីប៉ា និងព្រះនាងបេរេនីស ស្តេចយាងចុះមកឯសេសារា ក៏ចូលទៅសួរលោកភេស្ទុស កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ឲ្យជាប់គុកនៅទីនេះ» ។ លោកបានរៀបរាប់ពីកាលៈទេសៈ ដែលនាំឲ្យមានការប្តឹងឧទ្ធរណ៍របស់អ្នកទោសមកដល់ស្តេចសេសារដោយទូលប្រាប់ពីដំណើរការកាត់ក្ដីរបស់លោកប៉ុល កន្លងមក នៅមុនពេលដែលលោកបានចូលកាន់តំណែង លោកនិយាយថា សាសន៍យូដាបានប្ដឹងប៉ុលដោយមិនមានការចោទប្រកាន់ដូចអ្វីដែលលោកបានគិតស្មាននោះទេ ប៉ុន្តែ «គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថានៅរស់ទេប៉ុណ្ណោះ»។
កាលលោកភេស្ទុសរៀបរាប់អំពីរឿងរបស់លោកដូច្នេះ ស្តេចអ័គ្រីប៉ាបានចាប់អារម្មណ៍ជាខ្លាំង ហើយមានបន្ទូលថា «ខ្ញុំក៏ចង់ស្តាប់អ្នកនោះដែរ»។ ដើម្បីតម្រូវទៅតាមបំណងរបស់ស្តេចអ័គ្រីប៉ា លោកភេស្ទុសក៏បានរៀបចំការជំនុំជម្រះនៅថ្ងៃបន្ទាប់ ។ «ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា និងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿង ចូលក្នុងសាលាក្តី មានទាំងមេទ័ពធំ និងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក»។
ដើម្បីថ្វាយកិត្តិយសដល់ភ្ញៀវរបស់លោក លោកភេស្ទុសបានខិតខំពន្យារឱកាសដ៏ធំនេះឲ្យបានយូរ ។ សម្លៀកបំពាក់ដ៏រុងរឿងរបស់លោកអភិបាលខេត្តនិងភ្ញៀវរបស់លោក ដាវរបស់ទាហាន និងគ្រឿងសឹករបស់ពួកមេបញ្ជាការរបស់ពួកគេ បានជះពន្លឺពេញបន្ទប់កាត់ក្តី។
ឥឡូវនេះ លោកប៉ុលនៅតែឈរទាំងជាប់ខ្នោះ នៅមុខក្រុមមនុស្សដែលប្រជុំគ្នាដដែល វត្តមាននេះមានភាពផ្ទុយគ្នាស្រឡះ ស្តេចអ័គ្រីប៉ានិងព្រះនាងបេរេនីស មានអំណាចនិងឋានៈខ្ពស់ ហើយដោយសារតែរឿងនេះ ពួកគេត្រូវបានទទួលការពេញនិយមពីសំណាក់លោកិយ ។ ប៉ុន្ដែ ពួកគេមានភាពទន់ខ្សោយខាងអត្តចរិត ដែលព្រះគួរកោតសរសើរ ។ ពួកគេជាអ្នកបំពាននឹងក្រឹត្យវិន័យ ពុករលួយនៅក្នុងចិត្តនិងក្នុងជីវិត ។ ទង្វើរបស់ពួកគេត្រូវបានឋានសួគ៌ស្អប់ខ្ពើម។
អ្នកជាប់ឃុំចំណាស់ ដែលត្រូវគេដាក់ច្រវាក់ជាប់ជាមួយនឹងទាហានដែលយាមលោកនោះ មិនមានរូបរាងខាងក្រៅ ដែលនាំឲ្យលោកិយគោរពឡើយ ។ ប៉ុន្តែ នៅក្នុងបុរសដែលហាក់ដូចជាគ្មានមិត្តភ័ក្រ្ត ទ្រព្យសម្បត្តិ ឬមុខតំណែង ហើយបានជាប់ឃុំឃាំងដោយសារជំនឿរបស់គាត់ទៅលើព្រះរាជបុត្រានៃព្រះនោះ ពួកទេវតានៃឋានសួគ៌មានការចាប់អារម្មណ៍ជាខ្លាំង ។ ពួកទេវតាគឺជាអ្នកតាមបម្រើរបស់លោក ។ មានសិរីរុងរឿងរបស់អ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារដ៏មានពន្លឺ បានជះចែងចាំង ធ្វើឲ្យស្តេចដ៏មានអំណាចនិងអំនួតឡើងស្លេកស្លាំង ស្តេចនិងពួករាជបម្រើត្រូវបានវាយប្រហារឲ្យក្រាបដល់ដី ដូចជាពួកទាហានរ៉ូមនៅឯផ្នូររបស់ព្រះគ្រិស្តយ៉ាងដូច្នោះដែរ។
លោកភេស្ទុសបានរៀបរាប់អំពីករណីរបស់គាត់ ប្រាប់ដល់ហ្វូងមនុស្សដោយផ្ទាល់ ដោយពាក្យថា «ឱព្រះករុណាអ័គ្រីប៉ា និងអស់លោកដែលទៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ សូមទតមើលមនុស្សនេះ ដែលបណ្តាជនសាសន៍យូដាទាំងប៉ុន្មាន បានប្តឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡិម ហើយនិងនៅទីនេះដែរ ដោយសម្រែកថា មិនគួរឲ្យវានៅរស់ទៀតទេ តែទូលបង្គំមិនឃើញថាមានទោសអ្វីដែលគួរឲ្យស្លាប់សោះ ហើយដែលខ្លួនវាបានសូមរើក្តីដល់មហារាជអូគូស្ទវិញ នោះបានជាទូលបង្គំសម្រេចថា នឹងបញ្ជូនវាឲ្យទៅចុះ តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានព្រះបន្ទូលមកខ្ញុំនឹងកើតមកដូច្នោះមែន។ ( កិច្ចការ ២៧:២៤-២៥ )។