ថ្ងៃព្រហស្បតិ៍ ទី០៧​ ខែមករា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤១)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​១២​

ខព្រះគម្ពីរប្រចាំថ្ងៃ: អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្តី​អំណរដ៏​ព្រោងព្រាយហើយ​មុខ​គេ​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ។ ទំនុកតម្កើង ៣៤:៥

ឥឡូវនេះស្ដេចអ័គ្រីប៉ាបានអនុញ្ញាតឲ្យលោកប៉ុលមានសេរីភាពនឹងនិយាយទូលដល់ទ្រង់ដោយផ្ទាល់ ។ សាវ័កប៉ុលមិនខ្វល់ពីសភាពរុងរឿង ឬឋានៈដ៏ខ្ពង់ខ្ពស់នៃទស្សនិកជនរបស់លោកឡើយ ដ្បិតលោកបានដឹងថាទ្រព្យសម្បត្តិនិងឋានៈរបស់លោកិយមានតម្លៃតិចតួចណាស់ ។ ភាពរុងរឿងនិងអំណាចនៃលោកិយ មិនអាចគំរាមដល់ភាពក្លាហានរបស់គាត់ ឬក៏ធ្វើឲ្យលោកបាត់បង់ភាពម្ចាស់ការ បានសូម្បីតែបន្តិចសោះឡើយ។

លោកប៉ុលបានមានប្រសាសន៍ថា «បពិត្រព្រះករុណាអ័គ្រីប៉ាអើយ នៅ​ថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្តីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទម្លាប់ និងសេចក្តីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន»។

លោកប៉ុលបានរៀបរាប់ពីរឿងនៃការកែប្រែចិត្ដរបស់លោក ពីអ្នកមិនជឿដ៏រឹងរូសមកជាអ្នកមានជំនឿលើព្រះយេស៊ូវនៃស្រុកណាសារ៉ែត ថាជា​ព្រះ​ដែលប្រោសលោះរបស់ពិភពលោក ។ លោកបានពិពណ៌នាអំពីការបើកសម្តែងនៃព្រះដែលគង់នៅឋានសួគ៌ ដែលដំបូងឡើយបានធ្វើឲ្យលោកភ័យខ្លាចឥតគណនា ប៉ុន្ដែ ក្រោយមក បានបង្ហាញថាទ្រង់គឺជា​ប្រភពនៃការ​លើក​ទឹកចិត្តដ៏ធំបំផុត គឺជាការបើកសម្តែងពីសិរីល្អរបស់ព្រះ ដែលបានគង់​លើ​បល្ល័ង្ក ជាព្រះដែលលោកធ្លាប់បានប្រមាថនិងស្អប់ខ្ពើម ដែលកាលនោះសូម្បីតែពួកដែលដើរតាមទ្រង់ក៏លោកស្វែងរកដើម្បីបំផ្លាញចោលដែរ។ ចាប់​តាំងពីពេលនោះមក លោកប៉ុលបានក្លាយជាមនុស្សថ្មី ជាអ្នកជឿលើ​ព្រះយេស៊ូវ​ដ៏ស្មោះត្រង់និងក្លៀវក្លា ដែលលោកបានក្លាយទៅជាមនុស្សបែបនេះដោយសារតែសេចក្ដីមេត្តាករុណាដែលអាចបំផ្លាស់បំប្រែចិត្តមនុស្សប៉ុណ្ណោះ។

លោកប៉ុលបានគូសបញ្ជាក់នៅចំពោះស្ដេចអ័គ្រីប៉ាអំពីព្រឹត្ដិការណ៍សំខាន់ៗ ទាក់ទងនឹងព្រះជន្មនៃព្រះគ្រិស្តនៅលើផែនដី។ លោកបានថ្លែងបញ្ជាក់ថាព្រះមែស្ស៊ីនៃបទទំនាយបានយាងមកប្រសូតជាមនុស្ស ជា​ព្រះយេស៊ូវ​នៃ​ស្រុកណាសារ៉ែតហើយ ។ លោកបានបង្ហាញពីរបៀបដែលគម្ពីរសញ្ញាចាស់បានប្រកាសថាព្រះមែស្ស៊ីនឹងលេចឡើងជាមនុស្សម្នាក់ នៅក្នុងចំណោម​មនុស្ស និងពីរបៀបដែលព្រះជន្មរបស់ព្រះយេស៊ូវបានសម្រេចតាមការដែលលោកម៉ូសេនិងពួកហោរាបានទស្សន៍ទាយទុកមកទាំងអស់ ។ នៅក្នុងគោលបំណងនៃការប្រោសលោះពិភពលោកដែលបាត់បង់ ព្រះរាជបុត្រានៃព្រះបានស៊ូទ្រាំនៅលើឈើឆ្កាង ការមើលងាយនិងភាពអាម៉ាស់ ហើយបានយាងឡើងទៅឋានសួគ៌ដោយមានជ័យជម្នះលើសេចក្ដីស្លាប់។

លោកប៉ុលបានពិចារណារកហេតុផលថា ហេតុអ្វីបានការដែលព្រះគ្រិស្តមានព្រះជន្មរស់ឡើងវិញ? ពីមុនលោកធ្លាប់បានគិតថាធ្វើដូចម្តេចទើបការនេះអាចកើតឡើងបានដោយលោកមិនបានឮនិងមិនបានឃើញនោះ? តែនៅឯមាត់ទ្វារក្រុងដាម៉ាស លោកបានឃើញព្រះគ្រិស្តដែលបានសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញយ៉ាងច្បាស់ ជាព្រះដែល​បានយាងតាមផ្លូវនៅទីក្រុងយេរូសាឡិម បានសុគតនៅភ្នំកាល់វ៉ារី បានបំបែក​ផ្នូររបស់មនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបានយាងឡើងទៅកាន់ឋានសួគ៌ ។ លោកបានឃើញនិងបាននិយាយជាមួយនឹងទ្រង់ផ្ទាល់ ដូចជាលោកកេផាស (ពេត្រុស) លោកយ៉ាកុប យ៉ូហានឬពួកសិស្សដទៃទៀតរបស់ទ្រង់ដែរ ។ ព្រះសូរសៀងរបស់ព្រះបានបង្គាប់លោកឲ្យប្រកាសពីដំណឹងល្អនៃព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់ឡើងវិញ ហើយតើលោកអាចមិនស្តាប់បង្គាប់យ៉ាងដូចម្តេចបាន? នៅក្រុងដាម៉ាស ក្រុងយេរូសាឡិម និងនៅទូទាំងស្រុកយូដា​ទាំងមូល និងនៅតំបន់ដាច់ស្រយាល លោកបានធ្វើបន្ទាល់ពីព្រះយេស៊ូវដែលគេបានឆ្កាង ហើយបង្ហាញដល់មនុស្សគ្រប់ស្រទាប់ «ឲ្យមនុស្ស​ទាំង​អស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំ​នឹងការប្រែ​ចិត្តផង»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេសារ ហើយ​មើល ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំនឹង​កើត​មក​ដូច្នោះ​មែន។ ( កិច្ចការ ២៧:២៤-២៥ )។

Powered by CAM