កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក១៣
ខព្រះគម្ពីរប្រចាំថ្ងៃ:ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ។ ទំនុកតម្កើង ៣៤:១៧
សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ដោយហេតុនោះបានជាពួកសាសន៍យូដាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសម្លាប់ទូលបង្គំចោល តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វីឲ្យលើសពីសេចក្តីដែលពួកហោរា និងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ គឺថា ព្រះគ្រិស្តត្រូវរងទុក្ខ ហើយថាដោយសារទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង»
ហ្វូងមនុស្សទាំងមូលបានស្តាប់ការពន្យល់របស់លោកប៉ុល អំពីបទពិសោធន៍ដ៏អស្ចារ្យរបស់លោក។ សាវ័កប៉ុលកំពុងរស់នៅលើប្រធានបទដែលលោកពេញចិត្តបំផុត។ គ្មាននរណាម្នាក់ដែលបានឮសម្តីរបស់លោក អាចសង្ស័យពីភាពស្មោះត្រង់របស់លោកឡើយ។ ប៉ុន្ដែ កាលលោកកំពុងបញ្ចេញវោហារអន្ទងយ៉ាងប៉ិនប្រសប់ លោកភេស្ទុសបានស្រែកកាន់តែខ្លាំងៗថា៖ «ប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើនដល់ម៉្លេះ បានជាឆ្កួតហើយ!»
សាវ័កប៉ុលឆ្លើយតបថា៖ «ព្រះតេជគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅកៀនកោះឯណាឡើយ» ។ បន្ទាប់មកលោកបែរទៅរកស្ដេចអ័គ្រីប៉ាដោយបាននិយាយទៅទ្រង់ថា៖ «បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្តីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ!»
ដោយមានការរំជួលព្រះទ័យជាខ្លាំង ស្តេចអ័គ្រីប៉ាលែងគិតពីទិដ្ឋភាពដែលនៅជុំវិញទ្រង់និងមុខតំណែងដ៏ថ្លៃថ្នូររបស់ព្រះអង្គភ្លាម ។ ដោយពិចារណាតែពីការពិតដែលទ្រង់បានឮ ហើយទតឃើញតែអ្នកជាប់គុកដ៏សុភាព កំពុងឈរនៅចំពោះទ្រង់ ជារាជទូតរបស់ព្រះ ទ្រង់បានឆ្លើយដោយមិនបានដឹងព្រះកាយថា «បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ»។
សាវ័កប៉ុលបានឆ្លើយតបដោយស្មោះត្រង់ថា «ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តីឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ» ដោយលើកដៃដែលជាប់ចំណងបណ្តើរ លោកបានបន្ថែមថា «លើកតែចំណងនេះចេញ»។
លោកភេស្ទុស ស្តេចអ័គ្រីប៉ា និងព្រះនាងបេរីនីស គួរតែផ្តល់យុត្ដិធម៌ ដល់លក្ខណៈនៃចំណងដែលចងសាវ័កប៉ុល ។ ពួកគេទាំងអស់គ្នាសុទ្ធតែមានទោសឧក្រិដ្ឋ ។ នៅថ្ងៃនោះជនល្មើសទាំងនេះបានឮការផ្តល់សេចក្តីសង្គ្រោះតាមរយៈព្រះនាមរបស់ព្រះគ្រិស្ត ។ យ៉ាងហោចណាស់ក៏មានម្នាក់ នៅក្នុងចំណោមមនុស្សទាំងអស់នោះ ហៀបតែនឹងត្រូវបានបញ្ចុះបញ្ចូលឲ្យទទួលយកព្រះគុណនិងការលើកលែងទោសដែលព្រះបានប្រទានឲ្យ នោះទៅហើយ ប៉ុន្តែ ស្ដេចអ័គ្រីប៉ាបានទុកសេចក្ដីមេត្ដាករុណាដែលព្រះប្រទានឲ្យនេះ ដោយបដិសេធមិនព្រមទទួលយកឈើឆ្កាងនៃព្រះដ៏ប្រោសលោះដែលគេបានឆ្កាងឡើយ ។
ស្តេចក៏លែងចង់ដឹងចង់ឮតទៅទៀត ហើយក្រោកចេញពីកន្លែងអង្គុយ ទ្រង់បានប្រកាសថាការសម្ភាសន៍នេះដល់ទីបញ្ចប់ហើយ ។ នៅពេលគេបានដើរចេញពីទីជំនុំជម្រះ ពួកគេក៏ពិភាក្សាគ្នាថា «មនុស្សនេះមិនបានធ្វើអ្វីគួរនឹងស្លាប់ ឬនឹងជាប់ចំណងសោះ»។
ទោះជាស្តេចអ័គ្រីប៉ាជាជនជាតិយូដាក៏ដោយ ក៏ទ្រង់មិនមានការរើសអើងទាំងងងឹតងងល់ ជាមួយពួកផារិស៊ីដែរ ។ ទ្រង់បានមានបន្ទូលទៅកាន់លោកភេស្ទុសថា «មនុស្សនេះ បើមិនបានសូមរើក្តីដល់សេសារទេ នោះនឹងលែងបាន» ។ ប៉ុន្តែ រឿងក្តីនេះត្រូវបានបញ្ជូនទៅតុលាការកំពូល ហើយឥឡូវនេះវាហួសពីយុត្តាធិការរបស់លោកភេស្ទុសឬស្តេចអ័គ្រីប៉ាទៅហើយ ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានព្រះបន្ទូលមកខ្ញុំនឹងកើតមកដូច្នោះមែន។ ( កិច្ចការ ២៧:២៤-២៥ )។